មួន ចំណាន សុំ​ចិត្ត​យុវវ័យ​ខ្មែរ ងាក​មក​ប្រើ​​បច្ចេកវិទ្យា​ Google Local ឲ្យ​ពិភពលោក​ស្គាល់

  • 2018-11-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Local Guides ជា​កន្លែង​បើក​ទូលាយ​មួយ​ដែល​មិន​ប្រកាន់​ថា​នរណា ឬ​នរណា​ទេ គ្រាន់​តែ​ពួក​គាត់​ចូល​ចិត្ត​ថត​រូបភាព​ដាក់​លើ Google ក៏​អាច​ក្លាយ​ជា Google Local guides បាន​ដែរ​មិន​ចាំបាច់​ទាល់​តែ​អ្នក​ជំនាញ​នោះ​ទេ គោល​បំណង​​គឺ​ចង់ឱ្យ​មាន​ការ​ចូលរួម និងធ្វើ​ឱ្យ​សហគមន៍ Local Guides​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្បាស់ ​និង​មាន​ភាព​ប្រសើរ​ឡើង។

កម្មវិធី Google Local Guides

លោក មួន ចំណាន ជា​បុគ្គល​មួយ​រូប​ដែល​​ចូលចិត្តបច្ចេកវិទ្យា​ ហើយថែម​ទាំង​បាន​ចំណាយ​ពេល​ស្ទើរ​ ២៤ ម៉ោង​រាល់​ថ្ងៃ​លើ Google Local guides ដើម្បី​ទៅ​ដៅ​​(rate និង reviews) កន្លែង​នានា​​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​តំបន់​ទេសចរណ៍​ស្អាតៗ​លើ​ទឹក​ដី​សុវណ្ណភូមិ។

លោក មួន ចំណាន ពេល​បាន​ទៅ​ជួប​ជុំ​សហគមន៍​អ្នក​ Local guides ប្រទេស​ដទៃ​

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា តួនាទី​ជា Google Local Guides មិន​ទាមទារ​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​អ្នកទាំងអស់គ្នា​ថត​រូប ឬ Upload រូប​ភាព​ស្អាតៗ​ដាក់​លើ Google រួច​ដៅ​ផែន​ទី ចូល​ចិត្ត​ប្រើ​ផែនទី​នៅ​លើ Google Map ឬ Google Street View។

ការ​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​គណនី Gmail មួយ​និង​ត្រូវ​ដៅ​ទីតាំង​ឬ​ទីក្រុង​ដែល​អ្នក​កំពុង​រស់​នៅ​មួយ​ច្បាស់​លាស់​ដូច​ជា ទីក្រុង​ភ្នំពេញ​ជា​ការ​ស្រេច។

បុរស​វ័យ​ជាង​ ៣០ ឆ្នាំ​ផ្លាយ​រូប​នេះ បាន​បន្ថែម​ថា ដើម្បី​ក្លាយ​ជា​បេក្ខជន Local Guides ដែល​ត្រូវ​បាន Google ជ្រើសរើស​​ឲ្យ​ចូល​រួម​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឡើង​នៅ ការិយាល័យ​កណ្ដាល​Google ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​តែ​ម្ដង(Google Headquater)។ គឺអ្នក​​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ត្រូវ​ធ្វើ​វីដេអូ​យ៉ាង​ខ្លី​ត្រឹម ១ នាទី​និយាយ​ពី​គោល​បំណង​ដែល​អ្នក​ចង់​ឱ្យ​សហគមន៍ Local Guides របស់​អ្នក​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន។

អ្នក​ត្រូវ​មាន​ពិន្ទុ​ចាប់​ពី ៥០០ ឡើង(Level 5) លើ​កម្មវិធី google Local Guides ហើយ​ត្រូវ​ចូល​រួម​ប្រជុំ ឬ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​សហគមន៍ Local Guide ឱ្យ​បាន​ច្រើន ចូលចិត្ត​ដៅ​តំបន់​ដាក់​លើ Google Map ចូលចិត្ត​Review តំបន់​ដែល​ធ្លាប់​បាន​ទៅ​និង​ជួយ​កែ​ប្រែ​កំហុស​ដែល​គេ​ធ្លាប់​បាន​ដៅ​ពី​មុន​ឱ្យ​ត្រឹមត្រូវ​វិញ។

កម្មវិធី Google Local Guides ជា​កម្មវិធី​មួយ​ដែល Google អនុញ្ញាត​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​ដែល​ចូល​ចិត្ត​ប្រើ Google Map អាច​ធ្វើការ​ដៅ​ទីតាំង​កន្លែង​ដែល​អ្នក​កំពុង​ស្ថិត​នៅ ផ្ដល់​ព័ត៌មាន​ខ្លីៗ​ពី​ទីតាំង​នោះ និង​ផ្ដល់​ពិន្ទុ​ដល់​ទីតាំង​នោះ​ដូច​ទៅ​នឹង​មុខងារ CheckIn ឬ Review នៅ​លើ Facebook ដែរ។

លោក មួន ចំណាន ក្នុង​កម្មវិធីចែករំលែក​ចំណេះដឹង Local Guides ដល់យុវវ័យខ្មែរនៅ BarCamp ខេត្តបន្ទាយមានជ័យ​

លោក​បាន​លើក​ទឺក​ចិត្ត​ឲ្យថា យុវវ័យ​ដែល​និយម​ចូល​ចិត្ត​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ស្អាតៗ​ក្នុង​ស្រុក គួរ​តែ​​បង្កើត​គណនី Google Local Guides មួយ​ហើយ​ថត​រូប​ទាំង​នោះ​ដាក់​បញ្ចូល​ក្នុង Google Map និង​ផ្ដល់​ពិន្ទុ​ឬ​វាយ​តម្លៃ​ទី​នោះ (Rate) ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​បរទេស​ឱ្យ​មក​ទស្សនា​កាន់​តែ​ច្រើន ព្រោះ​​ភាគ​ច្រើន ពួកគេ​(បរទេស)ស្វែង​រក​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ទាំង​នោះ​តាម​រយៈ Google Maps៕

អាន​អត្ថបទ​បន្ត៖​

អត្ថបទ៖ រក្សា