Vinícius ថាការលេងឲ្យឈុតធំ Real Madrid ជាក្ដីស្រមៃរបស់ខ្លួន
- 2018-12-13 08:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vinícius ថាការលេងឲ្យឈុតធំ Real Madrid ជាក្ដីស្រមៃរបស់ខ្លួន
ចន្លោះមិនឃើញ
Vinicius Junior តារាងវ័យក្មេងសាំបាមានមហិច្ឆតាចង់លេងឲ្យ Real Madrid ឈុតធំជាប្រចាំបើទោះជាមានវ័យទើបតែ១៨ឆ្នាំក៏ដោយ។
កើតក្នុងរដ្ឋធានី Rio de Janeiro ក្នុងខែកក្កដាឆ្នាំ២០០០ Vinicius បានចូលហាត់ឲ្យក្លឹបធំប្រចាំតំបន់ Flamengo ក្នុងវ័យ១០ឆ្នាំ ជាទីដែលរូបគេអភិវឌ្ឍខ្លួន និងទទួលការចាប់អារម្មណ៍តាមរយៈបច្ចេកទេសគ្រប់គ្រង និងបណ្ដើរបាល់យ៉ាងប៉ិនប្រសប់ដូចសិស្សច្បងប្រេស៊ីលមួយចំនួនដែលកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅអឺរ៉ុប។
កីឡាករវ័យក្មេងរូបនេះចាប់ផ្ដើមស្ថិតក្នុងខ្សែភ្នែកក្លឹបបរទេសក្រោយក្លាយជា Top Scorer ក្នុងពាន South American U-15 championship ហើយក្រោយមកជួយជម្រើសជាតិអាយុក្រោម១៧ឆ្នាំឈ្នះពាន Under-17 championship នៅ២ឆ្នាំបន្ទាប់។
Vinicius បានបង្ហាញខ្លួនក្នុងក្រុមឈុតធំ Flamengo មុនពេលផ្ទេរទៅ Real Madrid ក្នុងវ័យ១៨ឆ្នាំ។ មែនទែនទៅរូបគេបានព្រមព្រៀងជាមួយក្លឹបយក្សអេស្ប៉ាញមុននេះទៀតប៉ុន្តែដោយសារច្បាប់ FIFA រារាំងការផ្ទេរកីឡាករក្រោយអាយុ១៨ឆ្នាំដើម្បីទប់ស្កាត់ការជួញដូរមនុស្សទើបធ្វើឲ្យឱកាសទៅអេស្ប៉ាញរបស់គេមានការយឺតយ៉ាវ។
ឱកាសបង្ហាញខ្លួនប្រកួតដំបូងឲ្យ Real គឺក្នុងពានកម្ដៅសាច់ដុំ International Champions Cup ទល់នឹង Manchester United នៅទីក្រុង Miami ដោយកាលណោះរូបគេលេងនៅដំណែងរបស់ Cristiano Ronaldo។ Vinicius ហ្វឹកហាត់ជាមួយឈុតធំជាប្រចាំប៉ុន្តែលេងជាមួយក្រុមយុវជន Castilla ដោយបង្ហាញខ្លួន៥ប្រកួតស៊ុតបញ្ចូលទី៤គ្រាប់។
ក្រោយមកអតីតអ្នកចាត់ការឈុតធំ Julen Lopetegui បានផ្ដល់ឱកាសឲ្យគេលេង La Liga លើកដំបូងក្នុងជំនួប Madrid Derby ទល់នឹង Atletico Madrid នៅទឹកដី Bernabeu។ ឱកាសបន្ទាប់ Vinicius បានលេងជម្រើសដំបូងពេល Real ប៉ះ Melilla ក្នុងពាន Copa del Rey។
យុវជនមានទេពកោសល្យខាងលើបានលេងបន្តបន្ទាប់នៅ La Liga ដូចជាការប៉ះ Valladolid និងក្រោយមក បានឈានជើងជាន់ស្មៅ Champions League ដំបូងក្នុងជំនួប Real យកឈ្នះ Viktoria Plzen ៥-០។ កាលពីយប់មិញរូបគេក៏បានលេងទល់នឹង CSKA Moscow ផងដែរតែរងបរាជ័យក្នុងទឹកដី ០-៣៕