កម្ពុជាប្រឹងច្បាមយកឱកាសធ្វើពាណិជ្ជកម្មទៅពិភពលោកតាមប្រព័ន្ធអេឡិកត្រូនិក

  • 2019-03-19 04:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាមានសក្តានុពល ក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (e-commerce) ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពដល់អតិថិជន អ្នកលក់រាយ ទីផ្សារ និងការទទួលបានព័ត៌មានពាណិជ្ជកម្ម។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ។

លោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ខណៈពេលដែលប្រទេសកម្ពុជាកំពុងខិតខំពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSME) របស់ខ្លួន ការងាកទៅប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួយ​ឱ្យព្រះរាជាណាចក្រនេះកាន់តែអាចច្បាមយកសក្តានុពលទីផ្សារក្នុងស្រុក និង​អន្តរជាតិបន្ថែមទៀត»។

សេដ្ឋកិច្ច​ឌីជីថល​ បាន​កំពុងនឹងប្រែក្លាយកម្ពុជាតាមរយៈការផ្លាស់ប្តូរ​ទម្លាប់​បញ្ជា​ទិញ​អាហារ ទូទាត់ថ្លៃ​ទំនិញ​ ហៅរ៉ឺម៉ក់កង់បី (tuk-tuk) កក់សណ្ឋាគារ ឬទិញសម្លៀកបំពាក់ពីតាមហាងជាដើម។ សេវាទាំងនេះ បានជួយសម្រួលដល់ទំនាក់ទំនងរវាងអតិថិជន និងប្រកបអជីវកម្មតាមប្រព័ន្ធអនឡាញ។ ប្រការនេះនាំឱ្យមានការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ដែលអាចរក្សាបាននូវផលិតភាពសេដ្ឋកិច្ចក្នុងកម្រិតមួយខ្ពស់។

ប្រព័ន្ធអេកូស៊ីស្ទឹម សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានគោលបំណងលើកកម្ពស់      បរិយាបន្ន និងភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗចំនួនបី៖ រាជរដ្ឋាភិបាល ធុរកិច្ច និងឯកត្តជន​ ឬអ្នកប្រើប្រាស់។ ប្រព័ន្ធនេះនឹងផ្តល់ឱកាសការងារតាមរយៈការពង្រីកការធ្វើពិពិធកម្ម និងនវានុវត្តន៍ បើកចំហឱ្យមានការជួលបុគ្គលិកតាមរបៀបថ្មី សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូង (startups), សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម, និងសហគ្រាសប្រភេទផ្សេងទៀង និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបច្ចេកទេស។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញឱ្យមានការបង្កើតនូវប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិ          ភស្តុភារ ដើម្បីជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសេវាភស្តុភា និងបង្កើនប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្ម»។

ភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែល​ត្រូវបាន​បង្កើតឡើងផ្អែកតាមចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងនាំឱ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានាដែលនាំឱ្យមានការរាំងស្ទះ។ សេដ្ឋកិច្ចដែលមានវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិករឹងមាំ ទាមទារឱ្យមានការធ្វើកំណែទម្រង់ជាមូលដ្ឋានមួយចំនួន ដើម្បីឱ្យមានការចែកចាយផលិតផលកាន់តែលឿនជាងមុន និងអាចដោះស្រាយបញ្ហាប្រឈមជុំវិញសេវាភស្តុភារបានយ៉ាងរហ័ស។

ពិធីចុះកិច្ចព្រមព្រៀង

លោក Yue (KEVIN) Li ប្រធានយកប្រតិបត្តិនៃក្រុមហ៊ុន Shenzhen 4PX Express មានប្រសាសន៍ថា «សេវាភស្តុភារឆ្លងដែន នឹងបង្កើតនូវមធ្យោបាយសម្រាប់ឱ្យកម្ពុជា ទទួលបានប្រយោជន៍ពីចរន្តដ៏រស់រវើកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅក្នុងតំបន់ ដោយមានការជំរុញបន្ថែមពីសមាហរណកម្មអាស៊ាន។ វាក៏នឹងជួយឱ្យ   កម្ពុជាទទួលបានប្រយោជន៍តាមរយៈការវិនិយោគកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងភស្តុភារនៅក្នុងប្រទេសនេះ»។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ពិតជាមានសក្តានុពលយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា។ គេគួរចាត់ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនេះ ថាជាឧបករណ៍កសាងឱកាសដើម្បីបើកទ្វារបន្ថែមទៀតឱ្យទីផ្សារក្នុងស្រុកទទួលបានឱកាសរីកចម្រើន និងទទួលបានការទទួលស្គាល់ក្នុងទីផ្សារសកលលោក៕

អត្ថបទ៖ ស៊ិន សាវ៉េត