បុណ្យ​ភូមិ​ឆ្នាំ​នេះ​តិច​ម៉េច​បាន! ​ហៅ​មិត្តភក្ដិ ក្រុម​គ្រួសារ ទៅ​លេង​បុណ្យ​ភូមិ​ ​ស្អែក​នេះ ទាំង​អស់​គ្នា​ណា៎!

  • 2019-04-04 08:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលង​រាត្រី​នេះ​ទៅ ​កម្មវិធី​បុណ្យ​ភូមិ​ លើក​ទី ៦ នឹង​ចាប់​ផ្ដើម​ហើយ។ ការ​ចាប់​ផ្ដើម​ គឺ​ធ្វើ​នៅ​នៅ​វត្ត​ព្រះ​ធាតុ ស្ថិត​ក្នុង​សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​២ ហួស​រង្វង់​មូល​គួរ​ស្រូវ​បន្តិច ឬ​ប្រហែល​ជា​ ២០​គីឡូម៉ែត្រ​ ពី​វត្ត​ភ្នំ​។ តើ​អ្នក​បាន​ត្រៀម​ហៅ​គ្នា​ទៅ​ចូលរួម​ហើយ​ឬនៅ?

កញ្ញា ឌី ម៉ូលី បាន​ឆ្លង​ឆ្លើយ​តាម​ Messenger ថា កញ្ញា​បាន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ចូលរួម​កម្មវិធី​បុណ្យ​ភូមិ​លើក​ទី​៦​ឆ្នាំ​នេះ នៅ​វត្ត​ព្រះធាតុ បើ​ទោះ​ថា​ឆ្ងាយ​បន្តិច​ក្ដី។ កញ្ញា បាន​បបួល​មិត្តភក្ដ​ មួយ​ចំនួន​ដែល​រៀន​នៅ​សាកល​វិទ្យាល័យ​ទៅ​ជា​មួយ​គ្នា។ “ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ ដើម្បី​ទៅ​លេង​បុណ្យ​ភូមិ​ឆ្នាំ​នេះ ព្រោះ​ឆ្នាំ​មុន​ខ្ញុំ​មិន​បាន​ទៅ។ តែ​ទំនង​ជា​ខ្ញុំ​ទៅ​ថ្ងៃ​ទី២ ចំ​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ឈប់​សម្រាក​ការងារ។ ខ្ញុំ​ និង ភរិយា រួម​ជា​មួយ​អ្នក​ផ្ទះ​ខ្ញុំ​នឹង​ចូលរួម​កម្មវិធី​នេះ ព្រោះ​តាម​ដឹង​ថា​នៅ​កម្មវិធី​នេះ មាន​សកម្មភាព​ច្រើន​ ដូចជា​លេង​ល្បែង​ប្រជាប្រិយ​ផង និង​សម្បូរ​របស់​ហូប​ទៀត។ ចាំ​អង្កាល​ទៀត ថ្ងៃ​ទំនេរ​ ទៅ​លេង​បុណ្យភូមិ"។ លោក សម្បូរ បុគ្គលិក​ក្រុម​ហ៊ុន​ មួយ​ប្រាប់ Sabay។

ចំពោះ​កម្មវិធី​បុណ្យ​ភូមិ​វិញ លោក ​ថៃ ឈៀង​ម៉េង ​អ្នក​គ្រប់​គ្រង​កម្មវិធី​បុណ្យ​ភូមិ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ តាម​រយៈ​វីដេអូ​ឃ្លីប​ជាមួយ​អ្នក​សារព័ត៌មាន Sabay កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ឆ្នាំ​នេះ​នឹង​ត្រៀម​កម្មវិធី​ប្លែក​ច្រើន​ពី​បណ្ដា​ឆ្នាំ​មុន រួម​ទាំង​ការ​តុបតែង​ ទម្រង់​សិល្បៈ​បុរាណ និង​សម័យ ជាដើម។ ក្នុង​នោះ​មាន​ទម្រង់​សិល្បៈ ល្ខោន​ខោល ល្ខោន​ស្រមោល​ស្បៃ​ធំ របាំ​បុរាណ ចំប៉ី​ដង​វែង និង ល្បែង​ទាញ​ព្រ័ត្រ។

លោក ថៃ​ឈៀង​ម៉េង បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៨ មាន​អ្នក​ចូលរួម​ប្រមាណ​ជា ១៤ម៉ឺន​នាក់ ហើយ​រំពឹង​ថា ឆ្នាំ​២០១៩​នេះ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ២សែន​នាក់។

ដូច្នេះ​ប្រិយមិត្ត​ដែល​ត្រៀម​ខ្លួន​រួច​ហើយ​អាច​ទៅ​កាន់​បុណ្យ​ភូមិ​បាន​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០១៩ នៅ​វត្ត​ព្រះធាតុ។ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ ប្រិយមិត្ត​អាច​ងាក​មក​ជិះ​រថយន្ត​ក្រុង ដែល​មាន​ម៉ាស៊ីន​ត្រជាក់ ត្រជាក់​ស្រួល​ រង​ចាំ​ដឹក​ជញ្ជូន​ ១ថ្ងៃ ១២ជើង ដោយ​ចំណាយ​ត្រឹម​តែ​៥ពាន់​រៀល​ក្នុង​១ដង ចាប់​ចេញ​ដំណើរ​ពី​ម៉ោង ៧រហូត​ដល់​យប់ ហើយ​ស្ថានីយ​ចំណត​មាន​តែ​មួយ​គត់​ គឺ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

សូមចុចអាន៖ ចំណេញទៀតហើយ! ទៅលេងបុណ្យភូមិ ជិះឡានក្រុងអស់តិចហើយត្រជាក់ស្រួល មិនខ្លាចខ្មៅដីហ៊ុយ

សូមចុចអាន៖ ត្រៀម​ខ្លួន​ហើយ​ឬនៅ​សម្រាប់​បុណ្យ​ភូមិ​ស្អែកនេះ?

សូមចុចអាន៖ អត់ខ្លាចវង្វេងផ្លូវ! ទៅវត្តព្រះធាតុតាមផ្លូវទាំងនេះ ជិតបង្កើយ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា