មនុស្ស​ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត​ទេ តិច​អស់​ខោ​ដូច​​​ករណី​​នេះ

  • 2014-11-17 19:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​សេព​គប់​ប៉ះ​អ្នក​ល្អ​ យើង​ល្អ​។ ​សេព​គប់​​អ្នក​​ពាល យើង​ក៏​ពាល​ តែ​ជួន​​កាល​រាប់​​រក​គេ​​​​​ទាំង​មិន​ដឹង​ថា​គេ​ពាល​​​ មិន​​មែន​ក្លាយ​ជា​​ខូច​ខិល​​​​​​ដែរ​ទេ គ្រាន់​តែ​អស់​ខោ​ដោយ​សារ​ពួក​ពាល​អស់​​ហ្នឹង​​​។ ​​​រឿង​ពិត​ទើប​កើត​ថ្មី​ៗ​​ខាង​ក្រោម​នេះ​​ ជា​​​បទ​ពិសោធន៍​សម្រាប់​មិត្ត​អ្នក​អាន​ ​​ចង​ចាំ​​​កុំ​ឲ្យ​​ខាត​បង់​ទ្រព្យ​ធន់​ដោយសារ​​មិត្តភាព​​ស្គាល់​គេ​ស្ទើរ​​ៗ​​​។

 

 

​ភ័ក្តិ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​។ ​គាត់​មិន​មាន​ធូរធារ​ទេ​។​​​ របស់​មាន​តម្លៃ​​បំផុត​គឺ​ម៉ូតូ​ថ្មី​​ជ្រនំ​​មួយ​​​មួយ​គ្រឿង​​ គ្រាន់​ទៅ​​​ធ្វើ​ការ​ ទៅ​ណា​មក​ណា​។ ​នៅ​ថ្ងៃ​​សម្រាក​​ម្ដងៗ ​​​គាត់​ចូល​ចិត្ត​ទៅ​អង្គុយ​ញ៉ាំ​ភេសជ្ជៈ​​​​លេង​នៅ​ ម៉ាត​ មួយ​ម្ដុំ​ទួល​ទំពូង ​ក្បែរ​ផ្ទះ​ជួល​គាត់​។ ​​​​​គាត់​​​ទៅ​ទី​នោះ​តាម​ចំណាំ​រាល់​ថ្ងៃ​មិន​ធ្វើ​ការ​។ យូរ​ៗ​​គាត់​​​​ក៏​​​ស្គាល់​យុវជន​​ម្នាក់​វ័យ​​ល្បាក់​គាត់​ ដែល​​តែង​ទៅ​ទី​នោះ​ជា​ប្រចាំ​ដែរ​​ ​​ប៉ុន្តែ​មិន​​​ស្គាល់​ច្បាស់​ថា​មាន​ស្រុក​កំណើត​នៅ​ឯណា ឬ​ធ្វើ​ការ​អ្វី​ទេ​​។ គាត់​ចេះតែ​ជជែក​ពី​នេះ​ពី​នោះ​ រាល់​ពេល​ជួប​គ្នា​នៅ​ ម៉ាត និង​បាន​ស្គាល់​​លេខ​ទូរសព្ទ​គ្នា​ទៅ​​មក​ គ្រាន់​បាន​​រាប់​អាន​គ្នា​ ព្រោះ​សុទ្ធ​ជា​អ្នក​ជន​បទ​​មក​រៀន​និង​ធ្វើ​ការ​នៅ​ភ្នំពេញ​​​ដូច​គ្នា​​។​​ ​​ស្គាល់​គ្នា​ប៉ុន្មាន​ខែ ភ័ក្តិ ធ្លាប់​​​​ទៅ​ជួប​ជុំ​ញ៉ាំ​អី​ជាមួយ​ យុវជន​នោះ ​​​​​​បី​បួន​ដង​​ដែរ។

 

៣​​ខែ​នៃ​មិត្ត​ភាព​​

 

​... វា​ជា​​ថ្ងៃ​ធ្វើ​ការ​ មុខ​កញ្ចក់​កុំព្យូទ័រ​ដូច​សព្វ​ដង​អីចឹង​​​​។ ​ចប់​​ការងារ​ម៉ោង​ ៥:៣០​​ល្ងាច ​ខ្ញុំ​​​​​ទាញ​ម៉ូតូ​​បើក​បោល​​ទៅ​ កោះ​​ពេជ្រ​​ លម្ហែ​​មើល​គេ​មើល​ឯង​លេង ព្រោះ​កំពុង​ស្ត្រេស​​តាំង​ពី​ព្រឹក​ម៉្លេះ ការងារ​​ហត់​ មេ​​ក៏សាប់​​ចង់​ស្ពឹក​​ត្រចៀក​​​​​​​​។ ​​អង្គុយ​​លើ​ម៉ូតូ​កំពុង​វិល​កង់​​​​​ចូល​ដល់​ កោះ​ពេជ្រ ​​​មិន​​ទាន់​​ស្រួល​បួល​​ផង​ ពួក​ម៉ាក​ ស្គាល់​នៅ​ ម៉ាត​ ក៏​ខល​មក​​ខ្ញុំ​ ​ញ័រ​​​ពេញ ហោប៉ៅ​​​។ ​គេ​បបួល​ខ្ញុំ​​​ ថា​​​​ចង់​ទៅ​ញ៉ាំ​អី​​ព្រោះ​អផ្សុក​ ហើយ​ចាំ​គេ​ប៉ាវ ចំ​ពេល​ខ្ញុំ​​កំពុង​​​ធុញ​ទ្រាន​ស្រាប់។ ម៉ូតូ​គេ​រវល់ អត់​អី​ជិះ​​ ឲ្យ​ខ្ញុំ​ទៅ​ឌុប។ ​​​ព្រលប់​ៗ​ម៉ោង​មិន​ទាន់​៧​ផង​ ​ពួក​យើង​ក៏​​ទៅ​​ដល់​​ហាង​ផឹក​ស៊ី​មួយ​នៅ​ ​កន្លែង​ថ្លឹង​ឡាន​ផ្លូវ​ វេងស្រេង កែង​ សូឡា​។ ​ទី​នោះ​ស្ងាត់​​ មែន ​​ចំ​ជា​កន្លែង​​​ល្អ​សម្រាប់​សប្បាយ​​​កាត់​ស្ត្រេស​មែន​។

 

 

ខ្ញុំ​និង​ អាម៉ាក​ថ្មី​ខ្ញុំ​​​ហៅ ប៊ីយ៉ា មួយ​ថូ និង​គ្រឿង​ក្លែម​ខ្លះ អង្គុយ​តិះ​​​ៗ​និយាយ​គ្នា​លេង​​។ ​មួយ​សន្ទុះ​ ពួក​​ម៉ាក​​ថ្មី ​សួរ​ខ្ញុំ​៖ «​ទូរសព្ទ​​មាន​លុយ​អត់​វើយ ទូរសព្ទ​ឯង​អស់​លុយ​បាត់​វី​! ខ្ចី​ SMS ​តិច​​»។ ​ខ្ញុំ​ហុច​ អាអ៊ិន​ចុច​ពិល ​ឲ្យ​វា​​ដោយ​មិន​ឆ្ងល់​ថា​វា​ចុច​ទៅ​ស្រី ឬ​អ្នក​ណា​? ​​វា​​ឲ្យ​ទូរសព្ទ​មក​វិញ ​​​ពេល​ដែល​ខ្ញុំ​​កំពុង​លើក​កែវ​ស្រា​ក្រេប​តិច​​ៗ​​​រហូត​អស់​ពី​បាត​​​កែ​វ។ «​ពួក​ម៉ាក​ឯង​​​ម៉ោ​ដែរ វា​ម៉ោ​ដល់​ឥលូវ​ហើយ​​»។ ​វា​ប្រាប់​ខ្ញុំ​។​

 

«​អឺ!​ ​ម៉ោ​ក៏​ល្អ! ​បាន​គ្នា​ជល់​កែវ​ច្រើន​វា​សប្បាយ​»។ ខ្ញុំ​គិត​​​​និង​រង់​ចាំ​​។ ​មួយ​សន្ទុះ​ម្នាក់​​នោះ​​ក៏​មក​ដល់​តែ​អត់​ដឹង​ជិះ​អី​មក​ទេ​។ ​​អ្នក​លក់​ក៏​រៀប​កែវ ចាន​ឲ្យ យើង​ក៏​បន្ត​ជជែក​​បណ្ដើរ​​​ផឹក​តិចៗ​​បណ្ដើរ​​​​។

 

 

​មួយ​ស្របក់​​​ អាម្នាក់​មក​ថ្មី​នោះ ​​គេ​លើក​ទូរសព្ទ​ មិន​ដឹង​អ្នក​ណា​​ខល​មក​ទេ​។ ​ដល់​និយាយ​ចប់​​គេ​ថា សង្សារ​​គេ​ចង់​មក​ដែរ​។​ គេ​ចង់​ទៅ​យក​សង្សារ​​គេ ​តែ​អម្បាញ់មិញ​​​ប្អូន​​គេ​​ឌុប​មក​ អត់​បាន​ជិះ​ម៉ូតូ​មក​​ទេ​​ អីចឹង​អត់​អី​ជិះ​ទៅ​​។ «​មើល​!​ ​អញ​ខ្ចី​ម៉ូតូ​​ទៅ​ឌុប​គេ​(សង្សារ​​) មក​ដែរ​»។​​​ អា​​​ម្នាក់​នោះ​​និយាយ​ទៅ​ ពួក​ម៉ាក​ថ្មី​​ខ្ញុំ​។

 

 

“​អញ​អត់​យក​ម៉ូតូ​មក​ផង​​ ជិះ​មក​ជាមួយ ភ័ក្តិ​ហ្នឹង។ ឥឡូវ​ខ្ចី​ម៉ូតូ​ ភ័ក្តិ​ ទៅ​ម៉ា​ភ្លេត​ទៅ​ចឹង​?​»។ ​ពួក​ម៉ាក​ ថ្មី​ ខ្ញុំ​​បង្ហើរ​ឡើង​ ហើយ​អា​​ម្នាក់​នោះ​ក៏​​ខ្ចី​ខ្ញុំ​តាម​ហ្នឹង ថា​​មួយ​ភ្លេត​ទេ ​សង្សារ​គេ​​នៅ​ក្បែរ​ហ្នឹង​ដែរ​។

 

 

ខ្ញុំ​​​ស្ទាក់​ស្ទើរ ព្រោះ​មិន​ដែល​ស្គាល់​វា​ផង​។ ​តែ​អា​ពួក​ ម៉ាក​ថ្មី ខ្ញុំ​​ទះ​ស្មា​ខ្ញុំ​ហើយ​ថា​​ «​​ខ្លាច​អី? អញ​នៅ​ទី​នេះ​តើ​​»។ ​មែន​ហើយ​ស្គាល់​វា​ច្រើន​ដែរ​ ហើយ​វា​នៅ​ជាមួយ​តើ គ្មាន​ទៅ​ស្អី​ទេ​។ ខ្ញុំ​ក៏​ឲ្យ​អា​ម្នាក់ មុខ​បាក់​ភ្នែក​ខូង​ ដូច​អ្នក​ញៀន​​ថ្នាំ ​នោះ​​ខ្ចី​ជិះ​​ទៅ​។ ​វា​ទៅ​ ​នៅ​តែ​យើង​ពីរ​នាក់​និយាយ​លេង​​បន្ត​។

 

ភ្លេច​ៗ​ខ្លួន​ អា​​ពួក​​ម៉ាក ខ្ចី​ទូរសព្ទ​ខ្ញុំ​ម្ដង​ទៀត​យក​ទៅ SMS។ ​វា​ចុច​​​ទូរសព្ទ​បណ្ដើរ ដើរ​ញញឹម​រេរា​បណ្ដើរ​ មើល​ទៅ​​វា​​សប្បាយ​បិទ​មាត់​មិន​ជិត​​ ​ដូច​សង្សារ​ព្រម​ចេញ​ក្រៅ​ដាច់​យប់ ជាមួយ​​​​យប់​នេះ​អីចឹង។ ខ្ញុំ​មិន​ខ្វល់​នឹង​វា​ទេ គិត​តែ​ពី​ស្តាប់​ភ្លេង​ ​និង​​តិះ​​ប៊ីយ៉ា ​​រ៉ិះ​​​ៗ។​ ​វា​​​ចុច​ទូរសព្ទ​ ​ដើរ​ទៅ​មុខ​ទៅ​ក្រោយ។ ទៅ​ក្រោយ​​ហើយ ក៏​ដើរ​មក​វិញ​ទាំង​មិន​ដក​ភ្នែក​​ពី​ទូរសព្ទ​។ ​មក​ដល់​ក្បែរ​ខ្ញុំ មិន​​សុខ​ទេ គិត​តែ​ចុច​ SMS ដើរ​ទៅ​ក្រោយ​ទៀត។ «​យី​! អានីស​ ​រវល់​មែន​ បាន​ស្រី​វា​ភ្លេច​ឯង​ហើយ​តើ​​» ខ្ញុំ​គិត​​​ ហើយ​ចេះ​តែ​មើល​​គេ​ មើល​ឯង​ផឹក​ស៊ី​ក្បែរ​តុ​ខ្ញុំ។

 

 

ច្រើន​នាទី​ហើយ ម៉េច​អា​អន្ទិត​​​ខ្ចី​ម៉ូតូ​​នោះ​មិន​ទាន់​ឌុប​សង្សារ​​មក​​ដល់​ទៀត? ខ្ញុំ​មាន​​អារម្មណ៍​ថា​អត់​សូវ​ស្រួល​សោះ។​ ​​ខ្ញុំ​ភ្ញាក់​ព្រឺត ​​​ធ្លាក់​ថ្លើម​ក្ឌុក​​​​ ភ្ញាក់​ថា​​​ចាញ់​បោក​​គេ​ហើយ​ ​​រេ​​ភ្នែក​ទៅ​​ក្រោយ​​​សម្លឹង​រក​​ ពួក​ម៉ាក​​ថ្មី តែ​​​​បាត់​​ស្រមោល​​​ឈឹង​មិន​ដឹង​ទៅ​ណា។ ​ខ្ញុំ​​រត់​​​​ឈូ​​ទៅ​ក្រោយ​​​កន្លែង​​​ដែល​​វា​​ឈរ​ចុច​ទូរសព្ទ​មិញ​ហ្នឹង​សោះ​ តែ​អត់​ឃើញ ​វា​ដាក់មេ​​ប្រូច​បាត់​ទៅ​ហើយ​​​។ ​ខ្ញុំ​សួរ​អ្នក​យាម​ម៉ូតូ​ គេ​​ថា​ម្នាក់​នោះ​ចេញ​ទៅ​បាត់​ហើយ​ តែ​អត់​ចាប់​អារម្មណ៍​ថា​ជិះ​អី​ទៅ​ទេ។ ​

 

ទី​បំផុត​ទើប​ខ្ញុំ​ដឹង​ ថា​ចាញ់​​​បោក​អា​ចោរ​​ខ្មោច​យក​នោះ​​ អស់​ទាំង​ម៉ូតូ អស់​ទូរសព្ទ​កញ្ចាស់ ហើយ​នៅ​ត្រូវ​ចេញ​លុយ​​ថ្លៃ​ប៊ីយា សាច់​ក្លៀម​ទៀត។ ​ខ្ញុំ​ចុច​ទូរសព្ទ​ទៅ ទូរសព្ទ​អ៊ិន​ចុច​ពិល​ខ្ញុំ​ដែល​អា​មុខ​ងាប់​​នោះ​យក​ទៅ​ តែ​វា​មិន​លើក​ ហើយ​​​ពេល​​ចុច​​​​ទៀត ​វា​ក៏​បិទ​​ ខល​លែង​ចូល​។ ​ខ្ញុំ​ដឹង​ថា​វា​បោក​ខ្ញុំ​បាន​ដោយ​​ជោគ​ជ័យ​​ហើយ ខ្ញុំ​បាន​ត្រឹម​ទៅ​​ប្ដឹង​ប៉ូលិស​ ​ទាំង​អារម្មណ៍​អស់​អី​ពី​ខ្លួន​។

 

​ខ្ញុំ​បន្ទោស​ខ្លួន​ឯងមិន​ឈប់​ ហេតុ​អី​ឆាប់​ទុក​ចិត្ត​​​អា​ចង្រៃ​​នោះ​ម៉្លេះ? ​ខ្ញុំ​ស្ដាយ​ដែល​រាប់រក​ចំ​​មនុស្ស​ទមិឡ​ដូច​វា​។ ​​នេះ​ជា​​​រឿង​ពិត​​របស់​ខ្ញុំ ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ប្រាប់​បង​ប្អូន​ទាំង​​អស់​គ្នា​។​ សូម​​ប្រយ័ត្ន​​ កុំ​ឲ្យ​ដូច​ខ្ញុំ​។

ពី​ខ្ញុំ អ្នក​ចាញ់​បោក​គេ