ពេជ្រ ម្ទេសខ្មាំង វិលចូលសង្វៀនគុនខ្មែរវិញហើយ បន្ទាប់ពីសម្រាកអស់ច្រើនខែ
- 2019-05-24 04:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង វិលចូលសង្វៀនគុនខ្មែរវិញហើយ បន្ទាប់ពីសម្រាកអស់ច្រើនខែ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដៃរហ័ស ពេជ្រ ម្ទេសខ្មាំង វិលចូលសង្វៀនគុនខ្មែរវិញហើយ បន្ទាប់ពីសម្រាកអស់ជាច្រើនខែកន្លងទៅនេះ។
ជើងខ្លាំងគុនខ្មែរ ពេជ្រ ម្ទេសខ្មាំង នឹងត្រូវឡើងប្រកួតមិត្តភាពអន្តរជាតិជាតិជាមួយអ្នកប្រដាល់ឆ្លងដែនពីប្រទេសថៃ Nun Thavath លើប្រភេទទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថ្ងៃសៅរ៍ស្អែកនេះ ចាប់ពីម៉ោង៦ល្ងាចតទៅ។ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ រូបនេះ ទើបតែឡើងប្រកួតបាន១ប្រកួតប៉ុណ្ណោះ បន្ទាប់ពីចាញ់សន្លប់ក្នុងកម្មវិធី WLC នៅមីយ៉ាន់ម៉ា កន្លងទៅ។ ការបង្ហាញខ្លួន១ប្រកួតរបស់ ម្ទេសខ្មាំង នោះគឺការប្រកួតប្រដាល់សកលជើងឯកអាស៊ីនៅឯប្រទេសថៃ ប៉ុន្តែមិនទទួលបានជ័យជម្នះទេ។
អ្នកលេងគុនខ្មែរខាងលើ ហាក់មិនសូវបង្ហាញមុខតាមសង្វៀននានានោះទេ ដោយសារតែសុខភាពមិនសូវអំណោយផលផង និងរូបគេក៏ជាប់ជាកីឡាករជម្រើសរើសជាតិប្រដាល់សកល ដូច្នេះមិនសូវឃើញកីឡាកររូបនេះប្រកួតញឹកញាប់ទេ។ ចំណែកមហាជនគាំទ្រវិស័យប្រដាល់គុនខ្មែរ ក៏តែងតែសួររកដំណឹងជានិច្ចផងដែរនៅលើបណ្ដាញសង្គមហ្វេសបុក។
កីឡាករ ពេជ្រ ម្ទេសខ្មាំង ជាអ្នកប្រដាល់មកពីក្លឹបប្រដាល់ អារុណរះកីឡា និងជាកីឡាករជម្រើសរើសជាតិប្រដាល់សកលកម្ពុជាផងដែរ។ អ្នកប្រដាល់មកពីខេត្តកណ្ដាលរូបនេះក៏ជាម្ចាស់មេដាយសំរឹទ្ធិ ស៊ីហ្គេម ២០១៧ នៅ ម៉ាឡេស៊ី៕