ចង់ឲ្យអក្សរ​ខ្មែរវាយបាន​រហ័ស​លើ iPhone លីហេងបង្កើត​ក្ដារចុច​ឡើង សូម្បី​លុយ​មួយ​រៀល​ក៏​មិន​បាន​ផង

  • 2019-06-03 06:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​បាន​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង សូម្បី​លុយ​មួយ​រៀល​ក៏​មិន​បាន​ដែរ" ភួយ លី​ហេង​បាន​តប​ទៅ​អ្នក​គាំទ្រ​របស់​លោក ដែល​ចង់​ឲ្យ​មាន​ការ​បង្កើត​ថ្មី​បន្ថែម​ទៀត​លើ​ក្ដារចុច លក្ខណៈ​ខ្មែរ។

ភួយ លីហេង រូបកាលរៀន​នៅប្រទេស​ថៃ

លី​ហេង ជា​អតីត​និស្សិត​វិស្វករ​មេកានិច ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​មក​ពី​ប្រទេស​ថៃ បាន​​ប្រាប់ Sabay ឲ្យ​ដឹង​ថា ដោយ​សារ​យុវវ័យ​ខ្មែរ​ភាគច្រើន មាន​ទំនោរ​លើ​ការ​​វាយ​អក្សរ​អង់គ្លេស​សំនៀង​ខ្មែរ​លើ​អ៊ីនធឺណិត ឬ​វាយ​ជា​ភាសា​ជាតិ​គេ​ច្រើន ទើប​លោក​ព្យាយាម​ស្រាវជ្រាវ​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង ទាំង​មិន​ដែល​រៀន​ជំនាញ IT ​ទាល់​តែ​សោះ។

លីហេង បាន​បន្ថែម​ថា លោក​បាន​ចំណាយ​ថវិកា និង​ពេលវេលា​ផ្ទាល់​ខ្លួន ដើម្បី​​ធ្វើ​ឲ្យ​​ក្ដារចុច​ថ្មី​នេះ​ចេញ​ជា​រូបរាង និង​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធភាព​បង្កើត​មុខងារ​ថ្មី​ទៀត ស្រប​តាម​សំណូម​ពរ​របស់​អ្នក​គាំទ្រ​នោះ​ទេ។

លោកបញ្ជាក់​ថា ការ​បង្កើត​ក្តារ​ចុច​ត្រូវការ​ចំណាយ​ច្រើន​ ពេលវេលា និង​ក្រុម​ការងារ​ដើម្បី​​ជួយ​លើ​ការងារ​នេះ។ យ៉ាងណា លោក​នឹង​ប្រឹងប្រែង​​បង្កើត​មុខងារ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ក្តារ​ចុច​លក្ខណៈ​ខ្មែរ​នេះ​មាន​ភាព​ប្រសើរ ទៅ​តាមលទ្ធភាព​ដែល​អាច​ទៅ​រួច​។

​ការ​​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង ​​ដោយសារ​មើល​ឃើញ​ការ​​សរសេរ​អក្សរ​ខ្មែរ​ម្ដង​ៗ​​​នៅ​លើ​ឧបករណ៍​នានា​មាន​ភាព​យឺត​យ៉ាវ​​ ស៊ាំ​ញាំ ​សូម្បី​តែ​ការ​សរសេរ​ប្រយោគ​ធម្មតា ​ឬ ន័យ​សាមញ្ញ​ក៏​មាន​ការ​លំបាក​ច្រើន។

យុវជន​រូប​នេះ​បន្ត​ថា លក្ខណៈ​ពិសេស​របស់​ក្ដារចុច​ថ្មី​មួយ​នេះ​ ងាយ​ស្រួល​មើល ( ព្យញ្ជនៈ​មួយ​ចំហៀង ស្រៈ​មួយ​ចំហៀង) បង្ហាញ​ពី​លក្ខណៈ​នៃ​អក្សរ​ក្រម​ខ្មែរ កាត់​បន្ថយ​នៃ​ការ​ប្រើ​ប្រាស់ shift បាន​ច្រើន កាត់​បន្ថយ​នៃ​ការ​ប្រើ​កម្លាំង​លើ​ម្រាម​ដៃ ឆ្លាស់​ដៃ និង កន្លាស់​ដៃ និង​អាច​វាយ​ចំនួន​អក្សរ​បាន​​ច្រើន​​មាន​ភាព​រលូន។

​លោក ដាញ់ ហុង ស្ថាបនិក​ខ្មែរ​យូនីកូដក៏​បាន​លើក​សរសើរ​​ពី​ក្ដារចុច​​លក្ខណៈ​ខ្មែរ​នេះ ដែល​បាន​​សិក្សា​ស៊ី​ជម្រៅ ​ត្រឹម​ត្រូវ​ទៅ​តាម​ទម្រង់​ក្ដារចុច។ ការ​តម្រៀប​ពុម្ព​អក្សរ​នៃ​ក្ដារចុច​ លក្ខណៈ​ខ្មែរ​ ខុស​គ្នា​ពីពុម្ព​អក្សរ​ក្ដារចុច​ដែល​ធ្លាប់​ប្រើ​ពី​មុន​។ តាម​យុវជន​ដែល​ជា​ស្ថាបនិក​រូប​នេះ​បញ្ជាក់​ថា មាន​គោល​គំនិត​រួម​មួយ គឺ​ចង់​បង្ហាញ​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់​រូប មាន​អត្តសញ្ញាណ​មួយ​ច្បាស់​លាស់ លើ​ក្ដារចុច​មួយ​នេះ។ ពលរដ្ឋ​​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា កូន​ខ្មែរ​មួយ​ចំនួន​បាន​ចេះ​វាយ​ភាសា​គេ មុន​​ចេះ​វាយ​ភាសា​កំណើត​របស់​ខ្លួន នៅ​លើ​កុំព្យូទ័រ ព្រោះថា Keyboard របស់​គេ​នីមួយៗ ភ្ជាប់​និង​ភាសា​របស់​គេ​ដែល​មាន​ស្រាប់ ឬ​អាច​និយាយ​បាន​ថា ទាំងអស់​គ្នា​ប្រឹង​សម្រប​តាម​បច្ចេកវិទ្យា​របស់​គេ។

លោក ភួយ លី​ហេង ជា​វិស្វករ​មេកានិច​ដែល​បាន​ស្រាវជ្រាវ​​បង្កើត​​បាន​​​ក្ដារចុច​ថ្មី​​​មួយ ទាំង​ខ្លួន​​មិន​​​​ដែល​បាន​​រៀន​ជំនាញ IT ទាល់​តែ​សោះ។​ ក្តារ​ចុច​នេះ​មាន​ឈ្មោះ​ថា លក្ខណៈ​ខ្មែរ (Khmerism Layout)។ ការ​បង្កើត​បាន​ក្តារចុច​​នេះ ​​ក៏​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​រួម​​ស្ថាបនិក​ខ្មែរ​យូនីកូដ​ផង​ដែរ។

លី​ហេង បាន​បន្ត​ថា ការ​បង្កើត​ក្តារ​ចុច​នេះ​ដោយសារ​បទពិសោធន៍ ដែល​គេ​បាន​សិក្សា​នៅ​ប្រទេស​ថៃ​មើលឃើញ​ជនជាតិ​ថៃ​មានការ​គាំទ្រ​អក្សរសាស្រ្ត​របស់​ពួកគេ​យ៉ាង​ខ្លាំង​មិន​ថាកា​រប្រើប្រាស់​ឬ​សរសេរ ដូច្នេះ​គេ​ចង់​បង្កើត​ក្តារចុច​នេះ​ឲ្យ​ជនជាតិ​ខ្មែរ​ឲ្យ​តម្លៃ​អក្សរសាស្រ្ត​ជាតិ​ខ្លួន​ដោយ​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​លើ​បណ្តាញ​អ៊ីនធឺណិត​ ដើម្បី​លើក​ស្ទួយ​ដល់​អក្សរសាស្រ្ត​ជាតិ​របស់​ខ្លួន​៕

ចុចទាញ​យក​នៅ​ទីនេះ

ចុចអានបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម