តេក្វាន់ដូ​ ITF​ បញ្ចប់​ការ​ប្រកួត​កីឡា​សិស្ស​ព្រឹកមិញ​ សម្លឹង​ឃើញ​ធនធាន​ក្មេងៗ​ល្អច្រើន​

  • 2019-06-13 04:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ របស់​ខ្លួន​ហើយ​ នា​ព្រឹក​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​មន្រ្តី​សហព័ន្ធ​ និង​គ្រូ​ៗ​សម្លឹង​ឃើញ​ធនធាន​ល្អ​ៗ​បន្ថែម​ទៀត។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ ដែល​ក្រសួង​បាន​បង្កើត​កម្មវិធី​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​នេះ​ឡើង​ ព្រោះ​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​បណ្ដុះ​ថ្នាល​នេះ​ ជា​រឿង​ល្អ​ និង​ជា​ការ​បន្ត​វេន​មួយ​ដ៏​ត្រឹមត្រូវ​បំផុត។​ នេះ​ជា​ការ​បង្កើន​នូវ​ធនធាន​ថ្មីៗ​បន្ថែម​ និង​ឈាន​ទៅ​រក​ការ​ឈ្នះ​មេដាយ​នានា​បន្ត​ទៀត​ ដោយ​មាន​ការ​កីឡាករ​ កីឡា​ការិនី​បន្ត​វេន​ត្រឹមត្រូវ​ច្បាស់លាស់។​

ទិដ្ឋភាពព្រឹកមិញ

ប្រធាន​សហព័ន្ធ​រូប​នេះ​ ក៏​កោតសរសើរ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ព្យាយាម​បង្កើត​ឲ្យ​មាន​សកម្មភាព​ប្រកួត​ជា​បន្តបន្ទាប់​ ជា​ពិសេស​លើ​កិច្ចការ​បណ្ដុះបណ្ដាល​ធនធាន​ក្មេងៗ​នេះ​តែ​ម្ដង។​ ឯកឧត្ដម​ ជឿជាក់​ថា​នៅ​ពេល​ខាង​មុខ​ទៀត​វិស័យ​កីឡា​កម្ពុជា​រឹតតែ​រីកចម្រើន​បន្ថែម​ទៀត។​ តាម​រយៈ​ការ​ប្រកួត​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ ចាប់​អារម្មណ៍​ ពី​សមត្ថភាព​ល្អៗ​របស់​យុវជន​ យុវតី​ ជា​ខ្លាំង​ និង​បាន​សរសើរ​ហើយ​ផ្ដល់​ឱកាស​សម្រាប់​អ្នក​ចង់​មក​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ក៏​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​លើក​ទី១​ ឆ្នាំ​២០១៩​ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ សហព័ន្ធ​ក្បាច់​គុន​មួយ​នេះ ​ធ្វើ​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១៣​ ខែ​មិថុនា​ ២០១៩​ មាន​កីឡាករ​ កីឡា​ការិនី​សរុប​ ៨១នាក់​ ចូលរួម​ និង​មក​ពី​៨​រាជធានី​ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​