ធ្វើម៉េចកុំឲ្យខ្លាចគេស្អប់ពេក៖ តោះរៀនពីសូក្រាត
- 2019-06-27 09:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើម៉េចកុំឲ្យខ្លាចគេស្អប់ពេក៖ តោះរៀនពីសូក្រាត
ចន្លោះមិនឃើញ
សម្រាប់អ្នក ថ្ងៃនេះជាថ្ងៃដ៏ល្អមួយ… អ្នកក្រោកមកលឿនហើយធ្វើការងារផ្ទះរួចរាល់អស់ មកដល់សាលាទាន់ពេល ហើយថែមទាំងបាននិយាយលេងជាមួយមិត្តភក្តិយ៉ាងរំភើយទៀតផង។ ពេលហ្នឹង កំពុងតែអង្គុយកត់មេរៀនសុខៗ ស្រាប់តែគ្រូងាកមកមើលមុខអ្នក ហើយប្រាប់អ្នកឲ្យឧស្សាហ៍ញញឹមដាក់គេដាក់ឯងជាងនេះបន្តិចផង!
អ្នកភ្ញាក់ផ្អើលមែនទែន! សុខៗមិនដឹងរឿងអីផង ស្រាប់តែមកថាឲ្យអ្នកបែបនេះ!
អ្នកក៏សួរបកទៅវិញថា ហេតុអ្វីសុខៗគាត់មកនិយាយបែបនេះ? គ្រូអ្នកឆ្លើយទាំងមុខញញឹម មិនដឹងថាគាត់បានបាញ់ចិត្តអ្នកឲ្យធ្លុះ ស្រុតចុះដល់ពោះហើយទេ៖ «ដោយសារមុខញញឹមញញែមហ្នឹងធ្វើឲ្យយើងមានសិរីសួស្តី មានមនុស្សស្រឡាញ់រាប់អានច្រើនហ្នឹងឯង។»
ពេលបានលឺដូច្នេះហើយ ក្នុងចិត្តអ្នកលោតមានមូលហេតុជាច្រើនណាស់ដែលអាចវាយបកនឹងការវាយប្រហាររបស់គាត់នេះ… ទីមួយនោះគឺ សម្រាប់មិត្តជិតដិតជុំវិញខ្លួនអ្នកវិញ ទោះអ្នកមុខងាប់មុខមិនសូវញញឹម ក៏គេដឹងថាអ្នកចិត្តល្អ ហើយនៅតែបន្តស្រឡាញ់រាប់អានអ្នកដែរ។ ទីពីរ បើត្រូវដាស់តឿនខ្លួនឯងឲ្យញញឹមរហូតនោះ មិនដឹងមានកម្លាំងឯណាផ្ចង់អារម្មណ៍លើការងារសាលា ឬលើសម្តីមិត្តភក្តិនិយាយមកអ្នកនោះទេ! ទីបី ចុះពេលអ្នកមិនសប្បាយចិត្តហ្អ៎? បើចាំតែញញឹមញញែមដាក់គេទៅ នេះមិនបានន័យថាអ្នកកំពុងកុហកខ្លួនឯង និងកុហកអ្នកដទៃទេឬ? ហើយម៉្យាងវិញទៀត អ្នកចូលចិត្តមុខងាប់របស់អ្នក ព្រោះអ្នកល្មមៗ មិនហ៊ានមករញ៉េះរញ៉ោះយើងទេ មានតែអ្នកដែលមានរឿងត្រូវសមរម្យត្រូវនិយាយជាមួយយើង ទើបគេហ៊ានហាមាត់ផ្តើមសម្តី!
តែមិនទាន់បានហាមាត់និយាយតបទៅវិញផង គ្រូគាត់បានបែរមុខទៅក្តារខៀន ហើយបានបន្តសរសេរមេរៀនទៀតទៅហើយ! ការផ្លោងមីស៊ីលត្រូវបានបញ្ឈប់ដោយសារគោលដៅបានចរទៅបាត់ពីរ៉ាដាទៅហើយ… តែតាមពិតទៅ ក្នុងចិត្តអ្នកដឹងច្បាស់ថា ទោះគ្រូនៅឈរចាំឲ្យអ្នកហាស្តីមួយម៉ោងទៀត ក៏អ្នកគ្មានសេចក្តីក្លាហាននឹងធ្វើវាដែរ! មូលហេតុនោះគឺដោយសារ គ្រូគឺជាបុគ្គលម្នាក់ដែលយើងគួរគោរព មិនគួរយើងនិយាយអ្វីប្រឆាំងនឹងគំនិតរបស់គាត់ឡើយ។ ម៉្យាងវិញទៀត ក្រែងនិយាយចេញមក មិត្តរួមថ្នាក់ផ្សេងៗគេមិនយល់ស្របនឹងគំនិតយើងទៅ? មានហានិភ័យខ្ពស់ពេកហើយ… ហ៊ានតែនិយាយ យើងអាចនឹងត្រូវគ្រូស្អប់ ហើយត្រូវមិត្តរួមថ្នាក់និយាយដើមពីក្រោយខ្នងទៀតផង! អញ្ចឹង យកល្អគួរតែបិទមាត់ លំអោនក្បាល ហើយបន្តកត់មេរៀនទៀតទៅ…
អូខេ… ឧទាហរណ៍នេះប្រហែលជាជាក់លាក់ខ្លាំងពេក តែខ្ញុំជឿថា គ្នាយើងសុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍ដូចនេះជាមិនខាន។ មិនថាជាសម្តីមកពីគ្រូ ឪពុកម្តាយ អ្នកជិតខាង ឬមិត្តភក្តិនោះទេ ពេលខ្លះទោះយើងមានគំនិតមិនយល់ស្របនឹងពួកគាត់ក៏ដោយ ក៏យើងមិនហ៊ាននិយាយចេញមកនោះទេ។ នេះក៏ដោយសារ មនុស្សយើងជាសត្វដែលចូលចិត្តសង្គមទាក់ទងគ្នា (social animal) យើងតែងចង់ឲ្យសមាជិកក្នុងក្រុមយើង (មិនថាក្រុមមិត្តភក្តិ គ្រួសារ ឬសង្គមទាំងមូល) ស្រឡាញ់ ចូលចិត្តយើងជានិច្ច។ អញ្ចឹងហើយបានជាពេលខ្លះយើងបង្ខំសើចនឹងរឿងកំប្លែងដែលមិត្តយើងនិយាយ ទោះវាមិនសូវជាកំប្លែងណាស់ណាក៏ដោយ… ពេលខ្លះយើងដើរបណ្តើរ ញញឹមដាក់គេដាក់ឯងបណ្តើរ ទោះយើងមិនសូវចង់ក៏ដោយ… និយាយទៅគឺ ពេលចេញពីផ្ទះ យើងរៀបចរិត ឪនខ្លួនបន្ទន់កាយដាក់គេឯងក៏ព្រោះយើងមិនចង់ឲ្យគេស្អប់យើង មិនចង់ខុស ចុះសម្រុងនឹងគេមិនចុះនោះឯង! ម៉្យាងវិញទៀត មូលហេតុ នេះហើយបានជាខ្មែរៗយើងចូលចិត្តលេងហ្វ៊េសប៊ុកម៉្លេះ ក៏ដោយសារយើងអាចបង្ហាញពីជីវិតយើង (ភាគច្រើនអួតពីរឿងល្អៗដែលយើងបានធ្វើ) ដើម្បីឲ្យគេផ្សេងចូលចិត្ត ឲ្យគេផ្សេងសរសើរយើងប៉ុណ្ណឹងឯង…
តែបញ្ហានេះកើតឡើងតែក្នុងសង្គមខ្មែរទេឬ? អត់ទេ… ខ្ញុំគិតថាទោះជាសង្គមខ្មែរយើងស្រឡាញ់មុខមាត់ខ្លាំងជាងគេឯងបន្តិចមែន តែបើយើងបកមករៀនពីប្រវត្តិរបស់សង្គមផ្សេងៗតាំងពីដើមអ៊ើយមក យើងឃើញច្បាស់ថាសង្គមមួយៗសុទ្ធតែមានវិន័យ ទម្លាប់ និងអាកប្បកិរិយាដែលខ្លួនគិតថា ពលរដ្ឋនីមួយៗគួរប្រកាន់យកទាំងអស់។ អញ្ចឹងបើមិនចង់ខុសគេ យើងនៅក្នុងសង្គមនោះ ក៏ត្រូវប្រកាន់យកវិន័យទាំងនោះទៅ…
បើនិយាយតាមត្រង់ រឿងដែលចូលស្ទឹងតាមបត់នេះ វាមិនមែនជារឿងអាក្រក់ឡើយ។ ឧទាហរណ៍ បើសង្គមមួយគេប្រកាន់ទម្លាប់ថាពលរដ្ឋគួរស្រឡាញ់បរិស្ថាន គួរមានចិត្តមេត្តា ចិត្តល្អដាក់គ្នា នឹងដាក់ប្រទេសក្រៅ នោះវាជារឿងប្រពៃណាស់! តែភាគច្រើន បើយើងក្រឡេកមើលទម្លាប់ក្នុងសង្គមនីមួយៗ មានអាខ្លះចេះតែជាប់មក ធ្វើទៅអត់ប្រយោជន៍ល្អទេ តែដោយសារគេប្រកាន់ច្រើនមកជាយូរហើយ ក៏ចេះតែនាំគ្នាប្រកាន់ព្រិលៗតាមគ្នាទៅ។ ឧទាហរណ៍ដូចទម្លាប់ដែលមនុស្សតែងវាយតម្លៃមនុស្សដោយមើលលើទ្រព្យសម្បត្តិរបស់គេ អញ្ចឹងនាំឲ្យអ្នកខ្លះលះបង់កម្លាំង លះបង់ឧត្តមគតិដើម្បីតែលុយ ដើម្បីតែឲ្យចុះសម្រុងនឹងគេជាដើម។
តាមពិតទៅ យើងដឹង យើងយល់ហើយ។
គេបង្រៀនក៏ច្រើនដង គេពោលប្រាប់នោះក៏វារាប់ភ្លេចទៅហើយ ថាយើងគួរមានចិត្តល្អ យើងគួរមានយុត្តិធម៌ និងសេចក្តីទៀងត្រង់ក្នុងកាយ វាចា ចិត្តរបស់យើង។ តែពេលខ្លះ ដោយសារឃើញគេឯងជិះមិនមើលស្តុបក្រហម ក៏ចេះតែជ្រុលទៅជាមួយគេទៅ… ពេលខ្លះមិនចង់និយាយដើមគេទេ តែដោយសារមិត្តរួមការងារកំពុងប្រឡូកមាត់សប្បាយហើយ បើមិនចូលរួមក៏វាមិនសម… យើងធ្វើរឿងខ្លះដែលឧត្តមគតិរបស់យើងប្រាប់ថាយើងមិនគួរធ្វើនោះទេ។ ហើយពេលខ្លះយើងធ្វើរឿងនេះរឿងនោះតាមគេតាមឯង ដោយមិនបានគិតជាមុនផង! ពេលគេរុះរាន់ទៅទិញកាបូបប្រេនៗ ក៏សន្សំលុយទៅទិញនឹងគេ។ គេស្រឡាញ់តារាម្នាក់នេះ ក៏សម្រេចចិត្តហៅខ្លួនឯងថាជាហ្វេន ទោះតារាម្នាក់ហ្នឹងហាក់ដូចជាគ្មានចរិតណាលេចធ្លោ លើកលែងតែសម្រស់នោះឡើយ! មនុស្សជាច្រើនដាក់គោលដៅថាចង់ក្លាយជាអ្នកមាន ចង់មានគ្រួសារស្តុកស្តម្ភ ចង់ល្បីឈ្មោះ មានគេស្រឡាញ់ក៏ដោយសារទាំងនេះជាទម្លាប់របស់សង្គមខ្មែរយើងនេះឯង!
អញ្ចឹងធ្វើម៉េចទៅ? ចុះបើយើងមិនចង់រស់នៅតាមបញ្ជារបស់អ្នកជិតខាង ចុះបើយើងចង់បង្កើតជីវិតមួយដែលចេញពីការគិតរបស់យើងដោយផ្ទាល់ ដោយមិនមានសម្តីបញ្ចុះបញ្ចូលពីសង្គមនោះ ព្រោះដូចយើងឃើញស្រាប់ហើយ ដំបូន្មានរបស់សង្គមមិនប្រាកដថាល្អត្រូវរហូតនោះទេ។ អញ្ចឹងធ្វើយ៉ាងណាទើបយើងអាចជ្រើសផ្លូវត្រូវបាននោះ? សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តរៀនត្រាប់តាមបុគ្គលណាម្នាក់ (ទាំងមនុស្ស ទាំងសត្វ ទាំងពិត ទាំងក្នុងរឿង) ជាជាងស្តាប់តាមតែពាក្យប្រដៅដែលគ្មានឧទាហរណ៍បញ្ជាក់។ អញ្ចឹងហើយ ថ្ងៃនេះយើងនឹងរៀនត្រាប់តាមបុគ្គលម្នាក់ដែលមានឈ្មោះបោះសម្លេង លេចមុខគ្រប់សៀវភៅ គ្រប់រូបបង្ហោះក្នុងហ្វេសប៊ុក ទោះគាត់កើតរាប់ពាន់ឆ្នាំមុនយើងក៏ដោយ។ បុគ្គលនោះគឺគ្មាននរណាក្រៅពីសូក្រាតនោះទេ។
តែឈប់សិន… ក្រែងយើងរៀនធ្វើយ៉ាងណាកុំខ្លាចគេស្អប់ពេក ឲ្យយើងចេះប្រកាន់ជំហរផ្ទាល់ខ្លួនឬ? ចុះម៉េចមករៀនពីសូក្រាត ដែលមានគេចូលចិត្តរាប់ពាន់នាក់យ៉ាងនេះ?
តាមពិតទៅ យើងគិតថាសូក្រាតល្បីនៅពេលនេះក៏ពិតមែន តែបើយើងក្រឡេកមើលទៅក្រុងអាតែនពីជំនាន់ដែលគាត់កំពុងនៅរស់វិញ ទើបយើងឃើញថា ពេលនោះគាត់មិនសូវមានគេស្រឡាញ់ចូលចិត្តប៉ុន្មានទេ។
អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍន៍ខ្លួន
ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!