ក្រុមហ៊ុនលេចធ្លោទាំង៥ ដែលទទួលបានពានរង្វាន់ CSR ពី EuroCham Cambodia

  • 2019-06-28 08:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានរៀបចំសន្និសីទកាសែតមួយ ស្តីពីការប្រកួតប្រជែង និងការប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា នៅសណ្ឋាគារឡឺ រ៉ូយ៉ាល់។ នេះគឺជាដំបូងហើយ ដែល EuroCham Cambodia រៀបចំការប្រកួតប្រជែង និងទទួលពានរង្វាន់ CSRនេះ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួន ក៏ដូចជាលើកស្ទួយការទទួលខុសត្រូវសង្គមរបស់វិស័យឯកជន។

ក្រុមហ៊ុនចំនួន ៥ មកពីវិស័យផ្សេងៗគ្នា បានពានរង្វាន់សាជីវកម្មទទួលខុសត្រូវសង្គម (CSR) ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីរាត្រីថ្ងៃទី២៦ ខែមិថុនា នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់។

លោក Blaise Kilian នាយកប្រតិបត្តិ EuroCham Cambodia បានថ្លែងថាក្នុងសន្និសីទសារព័ត៌មានដែលរៀបចំមុនកម្មវិធីប្រកាសបានរង្វាន់ថា នេះគឺជាលើកទីមួយ ដែលសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា រៀបចំការប្រកួតប្រជែងសាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) នេះ។

លោកពន្យល់ថា៖ «ការប្រកួតប្រជែងនេះ គឺដើម្បីផ្តល់ការលើកទឹកចិត្ត ដល់ក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុប​ចំពោះសកម្មភាពទទួលខុសត្រូវសង្គមរបស់ពួកគេ ជាពិសេសលើកស្ទួយការទទួលខុសត្រូវសង្គមរបស់វិស័យឯកជន»។

លោក ហៃ ភិរម្យ តំណាងក្រុមប្រឹក្សាភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុប បានឲ្យដឹងថា សភាពាណិជ្ជកម្មអឺរ៉ុប ទទួលបានពាក្យចូលរួមប្រកួតចំនួន២៥ ពីក្រុមហ៊ុនចំនួន១៧ មកពីវិស័យផ្សេងៗគ្នា។ ក្នុងចំណោមនោះ មានក្រុមហ៊ុនតែ ៥ប៉ុណ្ណោះ ដែលត្រូវជ្រើសរើសសម្រាប់ទទួលពានរង្វាន់តាមផ្នែកនីមួយៗ ដែលកំណត់ដោយសភាពាណិជ្ជកម្មអឺរ៉ុប។

លោក ហៃ ភិរម្យ ដែលជាគណៈកម្មការមួយរូបផងនោះ បន្ថែមថា ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ ត្រូវបានជ្រើសរើស និងផ្តល់ពិន្ទុយ៉ាងសម្រិតសម្រាំងបំផុត ពីសមាជិកគណៈកម្មការដែលមានលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធាន។

លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាសហប្រធានគណៈកម្មការផ្តល់ពិន្ទុ បានថ្លែងថា ក្រុមហ៊ុនដែលចូលរួមប្រកួតប្រជែងសុទ្ធតែបានព្យាយាមបង្រួមផលអវិជ្ជមានទៅដល់សង្គមឲ្យតិចតួចបំផុតតាមដែលធ្វើទៅបាន នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ជាពិសេសផលប៉ះពាល់បរិស្ថាន ផ្តល់បរិយាកាសការងារ, អត្ថប្រយោជន៍ និងបំពាក់បំប៉នជំនាញបន្ថែមដល់បុគ្គលិក រួមទាំងផ្តល់ប្រយោជន៍ទៅសហគមន៍ផង។

លោក George EDGAR បញ្ជាក់ទៀតថា៖«ការជ្រើសរើសជ័យលាភី គឺពិតជារឿងដ៏លំបាក ពីព្រោះក្រុមហ៊ុននីមួយៗ បានផ្តល់គុណតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗគ្នា ទៅកាន់សហគមន៍ ប៉ុន្តែសម្រាប់សហភាពអឺរ៉ុប ការអភិវឌ្ឍន៍ដែលមាននិរន្តរភាព គឺត្រូវតែជាចំណុចស្នូលនៃគ្រប់សកម្មភាពអាជីវកម្មទាំងអស់»។

ក្រុមហ៊ុនទាំង ៥ ដែលបានទទួលពានរង្វាន់សារជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រួមមាន ក្រុមហ៊ុន Chip Mong Insee ទទួលបានពានរង្វាន់«Jury's Choice-all Categories»។ ក្រុមហ៊ុន Khmer Green Charcoal ទទួលបានពានរង្វាន់ «SME Categories»។ ក្រុមហ៊ុន Knai Bang Chatt ទទួលពានរង្វាន់ «Outstanding SME Categories»។ ក្រុមហ៊ុន Kulara water ទទួលពានរង្វាន់ «Large Categories» និងក្រុមហ៊ុន Artisans Angkor ទទួលពានរង្វាន់ «Outstanding Large Achievement Categories»។

លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មកាក្នុងការប្រកួតនេះ បានថ្លែងថា ពានរង្វាន់នេះ ពិតជាមានន័យណាស់ធំធេងណាស់សម្រាប់ក្រុមហ៊ុនដែលឈ្នះ ព្រោះពួកគេមានការទទួលខុសត្រូវសង្គម និងបរិស្ថានខ្ពស់ណាស់ ហើយបានរួមចំណែកយ៉ាងច្រើនចំពោះសង្គម និងឆ្លងកាត់លក្ខខណ្ឌវាយតម្លៃច្រើនដំណាក់កាលណាស់។

ជាសហប្រធានគណៈកម្មកាក្នុងការប្រកួតនេះ បន្ថែមដូច្នេះ៖«ក្រុមហ៊ុនដែលប្រកួតប្រជែង មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព ជីវភាពរបស់បុគ្គលិកទេ និងគោរពច្បាប់ និងបទប្បញ្ញតិរបស់កម្ពុជានោះទេ ប៉ុន្តែគេបានអនុវត្តន៍អ្វី ដែលច្បាប់យើងមិនទាមទារផង។ នេះជារឿងដែលគួរឲ្យសរសើរ»។

សូមជម្រាបថា នេះគឺជាលើកទី១ ហើយដែលសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា រៀបចំការប្រកួតប្រជែងពាន រង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គមនេះឡើង។ បន្ទាប់ការប្រកាសពានរង្វាន់នេះ សភាពាណិជ្ជកម្មអឺរ៉ុប សង្ឃឹមថា នឹងមានក្រុមហ៊ុនសាជីវកម្មកាន់តែច្រើនទៀត អនុវត្តគោលការទទួលខុសត្រូវសង្គមនេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា