នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ ជម្រះ​មន្ទិល​សង្ស័យ​​រឿង​ប្រឡង​ក្របខណ្ឌ​រដ្ឋ ទាល់តែ​មាន​ខ្សែ និង​មាន​លុយ​ទើប​ជាប់

  • 2019-07-09 04:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​មាន​អារម្មណ៍​ថា ទាល់តែ​គេ​អ្នក​ធំ ទាល់តែ​គេ​មាន​លុយ បាន​ជាប់ នេះ​ការ​យល់​ឃើញ​របស់​យើង កាល​ណា​យើង​យល់​​អី​ចឹង គឺ​បិទ​ឱកាស​ខ្លួន​ហើយ"។ នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​លើក​ឡើង​នៅ​កិច្ច​សម្ភាសន៍​ពិសេស​ជា​មួយ​ក្រុម​ការងារ​ Sabay កាល​ពី​​ពេល​ថ្មីៗ​នេះ។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា "បើ​យើង​អង្គុយ​នៅ​ផ្ទះ​ ហើយ​និយាយ​ថា អា​ហ្នឹង​មិន​ត្រឹមត្រូវ អា​ហ្នឹង​ដូច​គេ​លេង​ប៉ាហ៊ី អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ទេ ព្រោះ​គេ​បើក​ឲ្យ​យើង​ មក​មើល បើក​ឲ្យ​យើង​អង្កេត​ការណ៍ បើក​ឲ្យ​យើង​ទាំង​អស់ យើង​អត់​ព្រម​មក​ចូល​រួម ហើយ​យើង​អង្គុយ យើង​ដេក​និយាយ​នៅ​ផ្ទះ មិន​ព្រម​មក​ចូលរួម អា​ហ្នឹង​​ប្រហែល​ជា​យើង​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត ទី១ ហើយ​ទី​២ ប្រហែល​យើង​អត់​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង មិនមែន​ជឿជាក់​លើ​គេ​ណា៎! គឺ​ខ្លួន​ឯង​មិន​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង"។

សូមចុចអាន៖ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល៖ អ្នក​ល្មើស​វិន័យ​មិន​អាច​ចរចា​បាន​ ហើយ​ប្រឈម​បញ្ឈប់​ពីការ​សិក្សា

ការ​លើក​ឡើង​របស់​ឯក​ឧត្ដម​ខាង​លើ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ ដែល​អ្នក​សារព័ត៌មាន​ Sabay បាន​ចោទ​សួរ​ថា ធ្លាប់​លឺ​គេ​ថា ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ ទាល់​តែ​មាន​លុយ មាន​ខ្សែ ទើប​មាន​សង្ឃឹម តើ​ការ​ប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល មាន​លក្ខណៈ​បែប​ណា​? ឆ្លើយ​តប​នឹង​សំណួរ​នេះ ឯកឧត្ដម យក់ ប៊ុនណា បាន​បញ្ជាក់​ថា សាលា​ភូមិន្ទ​រដ្ឋបាល​មាន​គោលការណ៍​ច្បាស់​លាស់ ដោយ​ការ​រៀប​ចំ​នៃ​ការ​ប្រឡង​ឲ្យ​ប្រព្រឹត្តិ​ទៅ ដោយ​យុត្តិធម៌ និង​ស្មើភាព​គ្នា សម្រាប់​បេក្ខជន។

សកម្មភាព​សិស្ស​ សាលាភូមិន្ទរដ្ឋបាល​ ដើរ​ចូល​ថ្នាក់​រៀន ក្រោយ​គោរព​ទង់ជាតិ​ចប់​ នៅពេល​ព្រឹក

តើ​ត្រូវ​ធ្វើ​បែប​ណា​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​ស្មើភាព​គ្នា ដែល​ធានា​ដល់​ការ​ប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល ? ចំពោះ​គោលការណ៍ គឺ​សាលា​ភូមិន្ទ​រដ្ឋបាល​មាន​គោលការណ៍ បើក​ចំហ, និង វិន័យ​តឹង​រឹង​ពេល​ប្រលង​ក្រប​ខណ្ឌ។

គោលការណ៍​បើក​ចំហ៖ បើក​ចំហ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ សង្កេត​ការណ៍​ដំណាក់​កាល​ដំបូង​ គឺ​ដំណាក់​កាល​នៃ​ការ​រៀប​ចំ​វិញ្ញាសា​ រហូត​ដល់​នៃ​ការ​ប្រកាស​លទ្ធផល។ "នរណា​ក៏ដោយ រួម​ទាំង​បេក្ខជន​ខ្លួន​ឯង​ អ្នក​សារព័ត៌មាន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាច​ចូល​ពិនិត្យ​មើល​អំពី​ដំណើរ​ការ​នៃ​ការ​ប្រឡង​តាំង​ពី​ដើម​ដំបូង​ រហូត​ដល់​ប្រកាស​លទ្ធផល ប៉ុន្តែ​គ្រាន់តែ​កុំ​ទៅ​រំខាន​មន្ត្រី​កំពុង​ធ្វើ​ការ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សំងាត់ នៃ​ការ​រៀប​ចំ​វិញ្ញាសា​ គឺ​យើង​មិន​អនុញ្ញាត ឬ​ផ្សាយ​ព័ត៌មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ប្រឡង​នោះ​ទេ"។

ចំពោះ​នីតិវិធី ​នៃ​ការ​ចេញ​វិញ្ញាសា៖ គណៈមេប្រយោគ​មាន​​យ៉ាង​តិច​មាន​ ៥នាក់ រៀប​ចំ​វិញ្ញាសា​នៅ​ពេល​ព្រឹក (ដាក់​ជម្រើស​២ ទៅ៣) ដាក់​ក្នុង​ស្រោម​សំបុត្រ ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​សាលា​ជ្រើស​វិញ្ញាសា​១ (ចាប់​យក​វិញ្ញាសា​១ ភ្លាមៗ) ដោយ​វិញ្ញាសា​ធ្វើ​ពេល​ព្រឹក​ ប្រឡង​ពេល​រសៀល។ ការ​ចេញ​វិញ្ញាសា​ភ្លាម​ប្រលង​ភ្លាម គឺជា​វិធាន​ការ​ល្អ​មួយ​ មិន​ឲ្យ​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា ការ​រក្សា​បាន​ការ​សម្ងាត់​វិញ្ញាសា​គឺជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​ប្រលង។

វិន័យ​ពេល​ប្រលង ឬ​ដំណាក់​កាល ​នៃ​ការ​ប្រលង៖ ការ​មក​ប្រលង​នៅ​ទី​នេះ​មិន​អនុញ្ញាត​ឲ្យ​យក​​អី​មក​ប្រលង​នោះ​ទេ​ ដោយ​​បេក្ខជន​មក​ប្រលង​មាន​តែ​ប៊ិច ខ្មៅ​ដៃ បន្ទាត់ ជ័រលុប ក្រៅ​ពី​នេះ​មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ប្រលង។ "អ្នក​ដែល​មិន​គោរព​វិន័យ​ អា​ហ្នឹង​វិន័យ​ដែរ បើ​បេក្ខជន​ខុស​បន្តិច​បន្តួច​ក្ដី ដូចជា​មាន​ក្រដាស​ មាន​ទូរសព្ទ គឺ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​តែម្ដង ហើយ​ហាម​មិន​ឲ្យ​ប្រលង​ទៀត​ទេ គឺ​គ្មាន​ការពិភាក្សា​គ្នា​ថា​ ច្រឡំ​ ឬ​មិន​ដឹង​នោះ​ទេ"។

ការ​ផ្ដល់​ទំនុក​ចិត្ត និង​ដំណើរ​ការ​ក្រោយ​ប្រឡង​៖ ក្រោយ​ប្រឡង​គឺ​យើង​មាន​គណៈកម្មការ​ចុះ​លេខ​សំងាត់ គណៈកម្មការ​កាត់​ក្បាល គណៈកម្មការ​កែ គណៈកម្មការ​បូក​ពិន្ទុ គឺ​ធ្វើ​ឡើង​ដោយ​ *ប្រព័ន្ធ​សំងាត់​បំផុត។ ចាប់​តាំង​ពី​ការ​ចុះ​លេខ រហូត​ដល់​ការ​បូក​ពិន្ទុ គឺ​ធ្វើ​នៅ​ក្នុង​សាល​តែ​មួយ ដោយ​មាន​អ្នក​ចូលរួម​មើល​ប្រមាណ​ជា ៥០ ទៅ ៦០នាក់ (គោលការណ៍​បើក​ចំហ)។ ការ​ធ្វើ​បែប​នេះ​ ដូចជា​សង្វាក់​​​ផលិត​កម្ម​រោងចក្រ ដោយ​មិន​អាច​មាន​នរណា​មក​បង្អាក់​បាន​ ប្រសិន​បើ​រអាក់រអួល​កន្លែង​ណា មិន​អាច​ដំណើរ​ការ​បាន​នោះ​ទេ ហើយ​នៅ​ក្នុង​សាល​នេះ មាន​អ្នក​អង្កេត​ការណ៍​ មហាជន អ្នក​សារព័ត៌មាន​ រួម​ទាំង​បេក្ខជន​ចូលរួម​តាមដាន​ផង​ដែរ) ។ គោលការណ៍​បើក​ចំហ​នេះ​ ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត។

គោល​ការ​ប្រលង​ផ្ទាល់​មាត់៖ ការ​ប្រលង​ផ្ទាល់​មាត់​ គឺ​ជ្រើសរើស​គណៈមេប្រយោគ​ចំនួន​ ៥នាក់ មក​ពី​ឥស្សរជន​ផ្សេង​ៗ​គ្នា ដោយ​សម្ភាសន៍​តាម​ការ​កំណត់​ ដោយ​សួរ​ភ្លាម​​ ចេញ​លទ្ធផល​ភ្លាម។

ដំណើរ​​ការ​ប្រឡង​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ប្រើប្រាស់​មិន​លើស​ពី​ ២​សប្ដាហ៍ នឹង​ប្រឡង​ចប់ទាំង ៣ដំណាក់​កាល គឺ​

  • ទី​១, តេស្ត​ចំណេះ​ដឹង​ទូទៅ​លើ​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច រដ្ឋបាល ជាដើម។​ នៅ​ដំណាក់​កាល​ទី​១​នេះ ត្រូវ​មាន​ភាសា​បរទេស អង់គ្លេស ​ឬ​បារាំង ជាដើម។

  • ទី២, វិញ្ញាសា​ អត្ថាធិប្បាយ ពាក់ព័ន្ធ​ចំណេះ​ដឹង​ទូទៅ និង​ជំនាញ

  • ទី៣, វិញ្ញាសា​ ផ្ទាល់​មាត់ ដោយ​សម្ភាសន៍​ទៅ​តាម​ជំនាញ​ ដែល​បេក្ខជន​បាន​ជ្រើសរើស។

ដោយ​ដំណាក់​កាល​ទាំង ៣​ខាង​លើ​នេះ គឺ​ដំណើរ​ការ​ដោយ​ប្រើប្រាស់​គោលការណ៍​បើក​ចំហ​ ដូច​បាន​រៀបរាប់​ខាង​លើ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា។

សូមចុចអាន៖ គន្លឹះសំខាន់ៗបំផុត ដើម្បីប្រឡងជាសិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល ជាប់ជាស្ថាពរ

យើង​ប្រើប្រាស់​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ កម្លាំង​បញ្ញា ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​នៃ​ការ​ប្រលង​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​យុត្តិធម៌"។ ភាគី​សាលា​ស្វាគមន៍​ មតិ​រិះគន់ ស្វាគមន៍​ការ​ត្រួតពិនិត្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ប្រសិន​បើ​មាន​ការ​ខ្វះខាត​ខាង​សាលា​នឹង​ធ្វើ​ការ​ដោះស្រាយ"។ នេះ​ជា​ការ​លើកឡើង​ពី​ឯកឧត្តម យក់ ប៊ុនណា។

"ដូច្នេះ​ខ្ញុំ​លើក​ទឹក​ចិត្ត​ត្រូវ​តែ​ចូលរួម អ្នក​ដែល​មាន​បំណង​ចង់​ចូល​សិក្សា​នៅ​ទី​នេះ ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​ការ​ប្រលង​ ត្រូវ​តែ​ចាប់​ឱកាស​នេះ អ្នក​ដែល​មិន​ជឿជាក់ អ្នក​ដែល​មាន​ទស្សនៈ​អវិជ្ជមាន នៃ​ដំណើរ​ការ​ប្រលង​ យើង​ខ្ញុំ​ស្វាគមន៍​ឲ្យ​មក​ចូលរួម​តាម​ដាន​ អង្កេត​នីតិវិធី​ នៃ​ការ​ប្រលង"។ នេះ​ជា​សារ​របស់ ឯកឧត្ដម​ យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា