អ្នកវិភាគថា៖ ការបង្កើតឲ្យមានស្ថានកុងស៊ុលនៅខេត្តព្រះសីហនុឆ្លុះបញ្ចាំងពីចំណុចសំខាន់បីយ៉ាង
- 2019-07-17 12:43:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិភាគថា៖ ការបង្កើតឲ្យមានស្ថានកុងស៊ុលនៅខេត្តព្រះសីហនុឆ្លុះបញ្ចាំងពីចំណុចសំខាន់បីយ៉ាង
ចន្លោះមិនឃើញ
វត្តមានស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុ ដែលស្នើដោយអាជ្ញាធរខេត្តនេះ ស្ថានទូតចិនកំពុងពិចារណា។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា បច្ចុប្បន្ននេះអាជ្ញាធរកំពុងសិក្សាទីតាំង សម្រាប់ផ្ដល់ឲ្យចិន បើកស្ថានកុងស៊ុលនេះ ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថា ភាគីចិននឹងបើកស្ថានកុងស៊ុលនៅពេលណាឡើយ។
ពាក់ព័ន្ធការបង្កើតឲ្យមានស្ថានកុងស៊ុលប្រចាំខេត្តនេះ លោកបណ្ឌិតព្រាប កុល យល់ឃើញថា ជាការឆ្លុះបញ្ចាំងឲ្យឃើញពី បញ្ហាដែលកំពុងប្រឈមខ្លាំង ៣ នៅក្នុងខេត្ត។
បញ្ហាទីមួយ គឺចំនួនជនជាតិចិនចេះតែកើតឡើងជាលំដាប់ ដែលជាកត្តាជំរុញឲ្យ តម្រូវការផ្នែករដ្ឋបាលកាន់តែច្រើនឡើងៗ។ ជាទូទៅការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលមានចំនួនច្រើន ចាំបាច់ត្រូវសហការគ្នារវាងអាជ្ញាធរខេត្ត និងស្ថានទូត។ បើគិតត្រឹមចុងឆ្នាំ ២០១៨ ជនជាតិចិននៅព្រះសីហនុ មានចំនួនជាង ៧៨០០០ នាក់។
បញ្ហាទីពីរ បង្ហាញថា មានអ្នកវិនិយោគកាន់តែច្រើនឡើងៗ ចូលមករកស៊ីនៅខេត្តព្រះសីហនុ ដែលទាមទារជាចាំបាច់នូវការរត់ការឯកសារពាណិជ្ជកម្មផ្សេង។
ចំណែកបញ្ហាទីបី បង្ហាញពីអនាធិបតេយ្យ អសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កដោយជនជាតិចិន ដែលស្នាក់នៅ និងធ្វើការនៅក្នុងខេត្តនេះ។ ហើយបញ្ហានេះ ក៏ជារឿង ដែលប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាពលរដ្ឋទូទាំងប្រទេស មួយចំនួនធំបានរិះគន់ និងសម្ដែងការព្រួយបារម្ភផងដែរ។ ការបង្កើតឲ្យមានស្ថានកុងស៊ុលប្រចាំខេត្ត នឹងជួយសម្រួលឲ្យអាជ្ញាធរខ្មែរ និងចិនសហការគ្នា ដើម្បីដោះស្រាយបញ្ហាមួយនេះបាន។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន ឯកឧត្ដមគួច ចំរើន បានស្នើឲ្យឯកឧត្ដម វ៉ាង វឹនធាន ឯកអគ្គរដ្ឋទូតចិន ជួយគាំទ្រការបើកទីតាំងសមាគមសារព័ត៌មានចិន និងបើកស្ថានកុងស៊ុល នៅខេត្តព្រះសីហនុ ដើម្បីធ្វើការផ្សព្វផ្សាយ និងសហការជាមួយរដ្ឋបាលខេត្ត ដល់ប្រជាជនចិន ដែលនឹងមកវិនិយោគ និងកំពុងវិនិយោគនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្ដមគួច ចំរើនបាននិយាយត្រង់ៗទៅកាន់ចិនថា ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមកើតឡើងស្របពេលសំណង់អគារខ្ពស់ៗ នៅក្នុងខេត្ត ផ្លូវថ្នល់ជាច្រើនកន្លែងបានខូចខាត ប្រឡាយ លូ ប្រព័ន្ធទឹកស្អាតបម្រើមិនបានគ្រប់គ្រាន់ទាន់សភាពការណ៍អភិវឌ្ឍន៍។
ងាកទៅនិយាយពីការបង្កើតស្ថានកុងស៊ុលវិញ លោកបណ្ឌិត ព្រាប កុលលើកឡើងពីការព្រួយបារម្ភពីរគឺ ទីមួយ ការបាត់បង់សិទ្ធិអំណាចអាជ្ញាធរខ្មែរក្នុងដែនរដ្ឋបាលរបស់ខ្លួន ហើយមួយទៀត ខ្លាចក្រែងជាលេសក្នុងការដាក់ឲ្យមានកងកម្លាំងសមត្ថកិច្ចចិន ដើម្បីដោះស្រាយបញ្ហា នាពេលអនាគត។ យ៉ាងនេះក៏ដោយ លោក កុល បង្ហាញពីឆន្ទៈគាំទ្រឲ្យមានស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុផងដែរ។