លោក គួច ចំរើន ណែនាំឱ្យយកគ្រឿងចក្រកាយសំរាមចេញពីមាត់លូ ដើម្បីរំដោះទឹកជំនន់
- 2019-08-09 08:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន ណែនាំឱ្យយកគ្រឿងចក្រកាយសំរាមចេញពីមាត់លូ ដើម្បីរំដោះទឹកជំនន់
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមន្ត្រីជំនាញ មានដូចជា មន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង ត្រូវយកគ្រឿងចក្រកាយយកសំរាមចេញពីមាត់លូ និងកាយប្រឡាយឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។ ការណែនាំនេះ ក្នុងពេលលោកចុះ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នាព្រឹកទី៩ ខែសីហា ឆ្នាំ២០១៩។
ស្ថានភាពភ្លៀងបានបង្អុរធ្លាក់ឥតឈប់ឈរកាលពីយប់ថ្ងៃទី៨ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ធ្វើឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ កំពុងប្រឈមនឹងលិចដោយជំនន់ទឹកភ្លៀងបង្កខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
ទន្ទឹមនោះលោកអភិបាលខេត្តក៏បានសំណូមពរប្រជាពលរដ្ឋ មានការយោគយល់ ព្រោះនេះជាគ្រោះធម្មជាតិ ដែលត្រូវរួមគ្នារកវិធីដោះស្រាយបញ្ចៀសជំនន់ទឹកភ្លៀងចេញពីក្រុងបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក គួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានអូរសំអាត ផ្លូវអូ១ ដល់អូ៥ ស្ពាន L.V និងបន្តទៅកន្លែងមួយចំនួនទៀតដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានលិចសម្ភារៈរបស់ប្រជាពលរដ្ឋ មានដូចជា ឡាន ម៉ូតូ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀតផងដែរ៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ