មក​ស្គាល់ សារមន្ទីរ​នៃ​ការ​ចងចាំ​សំខាន់ៗ​ទាំង​ ១០ នៅ​លើ​ពិភពលោក

  • 2019-08-09 13:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ theculturetrip ខាង​ក្រោម​នេះ ជា​សារមន្ទីរ​នៃ​ការ​ចង​ចាំ​សំខាន់​ៗ​ទាំង​ ១០ នៅ​លើ​ពិភពលោក៖

សារមន្ទីរ​នៃ​ការ​ចងចាំ​សន្តិភាព​ហ៊ីរ៉ូស៊ីម៉ា (ប្រទេស​ជប៉ុន)៖ សារមន្ទីរ​នេះ​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ ដោយ​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ទីក្រុង Hiroshima និង Nagasaki នៅ​ឆ្នាំ​១៩៤៥។ សារមន្ទីរ​នេះ​សាងសង់​នៅ​ឆ្នាំ១៩៥៥។

សារមន្ទីរ​នៃ​ការ​ចងចាំ​ និង​សិទ្ធិមនុស្ស (ប្រទេស​ឈីលី)៖ សារមន្ទីរ​នេះ​សាង​សង់​ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះ ដែល​បាន​សម្លាប់ ធ្វើ​ទណ្ឌកម្ម និង​ចាប់​និរទេស​ដោយ​បង្ខំ នៅ​របប​មេដឹកនាំ​ផ្ដាច់ការ Agusto Pinochet (១៩៧៣-១៩៩០)។ សារមន្ទីរ​នេះ​ដាក់​ដំណើរ​ការ​នៅ​ឆ្នាំ ២០១០។

សារមន្ទីរ​ Auschwitz-Birkenau (ប្រទេស​ប៉ូឡូញ)៖ សារមន្ទីរ​ដាក់​ដំណើរ​ការ​នៅ​ឆ្នាំ ១៩៤៧ ដើម្បី​រម្លឹក​ដល់​ការ​ចងចាំ​នៃ​ការ​សម្លាប់​រង្គាល​ទៅ​លើ​ជនជាតិ​ជ្វីស ដោយ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង (ប្រទេស​កម្ពុជា)៖ សារមន្ទីរ​នេះ​ដាក់​ដំណើរ​ការ​នៅ​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា ដើម្បី​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​ ដែល​បាន​បាត់​បង់​ជីវិត​ពី​ការ​ធ្វើ​ទារុណកម្ម នៅ​មន្ទីរ​សន្តិសុខ​ ស.២១។

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​អាមិននៀ (ប្រទេស​អាមិននៀ)៖ សារមន្ទីរ​នេះ​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ជាង ១លាន​នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រល័យ​ពូជ​សាសន៍​អាមិននៀ ដោយ​ចក្រភព​អូតូម៉ង់ (ទួរគី​បច្ចុប្បន្ន) កាល​ពី​ឆ្នាំ១៩១៥។

សារមន្ទីរ Yad Vashem (ប្រទេស​អ៊ីស្រាអែល)៖ សារមន្ទីរ​នេះ​ឧទ្ទិស​ដល់​ជនជាតិ​ជ្វីស​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ Holocaust (ពួក​ណាហ្ស៊ី​សម្លាប់​រង្គាល​ជនជាតិ​ជ្វីស)។ សារមន្ទីរ​នេះ​បើក​ដំណើរ​ការ​នៅ​ឆ្នាំ១៩៥៣។

សារមន្ទីរ​នៃ​ការ​ចងចាំ​នូវ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ទីក្រុង​ណានជីង (ប្រទេស​ចិន)៖ សារមន្ទីរ​នេះ​សាងសង់​នៅ​ឆ្នាំ១៩៨៥ ដើម្បី​រម្លឹក​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ទីក្រុង​ណានជីង ដោយ​ពួក​ជប៉ុន​នៅ​ឆ្នាំ១៩៣៧។

សារមន្ទីរ​អាប៉ាថេត (ប្រទេស​អាហ្វ្រិក​ខាង​ត្បូង)៖ សារមន្ទីរ​នេះ​បើក​ដំណើរ​ការ​នៅ​ឆ្នាំ២០០១ ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់​ដោយ​គោលនយោបាយ​បែង​ចែក​ពូជ​សាសន៍ (បែង​ចែក​ពួក​ស្បែក​ស និង​ស្បែក​ខ្មៅ) កំឡុង​ពាក់​កណ្ដាល​សតវត្ស​ទី២០។

សារមន្ទីរ​នៃ​ការ​ចង​ចាំ​ថ្ងៃ​ទី១១ ខែ​កញ្ញា (សហរដ្ឋអាមេរិក)៖ សារមន្ទីរ​នេះ​បើក​ទ្វា​នៅ​ឆ្នាំ២០១៤ ក្នុង​គោលបំណង​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ភេរវកម្ម ខែ​កញ្ញា ថ្ងៃទី១១ ឆ្នាំ២០០១ ដែល​បុក​អគារ​ភ្លោះ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

ដំណាក់​ទាសករ (ប្រទេស​សេណេហ្គាល់)៖ សារមន្ទីរ​នេះ​រម្លឹក​ដល់ អំពើ​សម្លាប់​រង្គាល​ទៅ​លើ​ប្រជាជន​អាហ្វ្រិក អំឡុង​ពេល​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាសករ​អាហ្វ្រិក (សតវត្ស​ទី១៦-១៩)។ សារមន្ទីរ​នេះ​បើក​នៅ​ឆ្នាំ ១៧៧៦៕

ប្រភព៖ theculturetrip   ប្រែ​សម្រួល៖ ហ៊ីម រស្មី