​​​កន្លែង​មនុស្ស​ច្រើន​​កន្លែង​ស្ងាត់​​ តិច​​គ្រោះ​ថ្នាក់​នឹង​៣​រឿង​នេះ ​ ​​

  • 2014-11-18 22:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើរ​ទៅ​ណា​ទៅ​ណី ទៅ​ផ្សារ ទៅ​កន្លែង​បុណ្យ​ទាន​​​​មនុស្ស​ប្រជ្រៀត​​ច្រើន​​អី​ហ្នឹង​ កុំ​ឲ្យ​ធ្លោយ​សប្បាយ​ក្លាយ​ជា​ទុក្ខ​ពេល​ពី​ Sabay Magazine សូម​ដាស់​តឿន​នូវ​​​​​ល្បិច​៣​យ៉ាង​ដែល​ជន​ខិល​ខូច​និយម​ប្រើ​​ ជៀស​វាង​កុំ​ឲ្យ​​ខាត​បង់​​​​៖

 

លូក​​និង​​វះ​​​​ហោប៉ៅ​​​​

 

ករណី​នេះ​សឹង​ថា​ស្ទើរ​ចាស់​គំរឹល​​ទៅ​ហើយ​ក្នុង​សង្គម​​ខ្មែរ​​ តែ​ប្រជាជន​មួយ​ចំនួន​នៅ​តែ​ធ្លោយ​អស់​គូថ​​ខោ​ជា​រឿយៗ​។​ ជន​ឆ្លៀត​ឱកាស​​ចំណាំ​​​​ធ្វើ​សកម្មភាព​ពេល​​​​មនុស្ស​​​ច្រើន​។ អីចឹង​ហើយ ​កាបូប​លុយ ទូរសព្ទ​​អីហ្នឹង ​តែ​ហ៊ាន​​​​ប្រហែស ​មិន​​យក​ដៃ​ក្ដោប​​​ មិន​ចាប់​អារម្មណ៍ ​​ហេង​ស៊យ​បាត់​ទទេៗ ​ទាំង​​​មិន​ដឹង​ខ្លួន​។ កញ្ញា ដាវី ជា​ជន​​​រងគ្រោះ​​​​ធ្លាប់​​​​បាត់​ទូរសព្ទ​ទំនើប​​​ពី​ហោប៉ៅ​​ទាំង​​មិន​ដឹង​ខ្លួន​​​សោះ ​ពេល​កំពុង​​ប្រជ្រៀត​​​​​គ្នា​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​អូ​ឫស្សី ​​​កាល​​ឆ្នាំ​ទៅ​មិញ។ ​ដាវី​ រំលឹក​ពី​ទិដ្ឋភាព​​បាត់​ទូរសព្ទ​សំណព្វ​​​​ចិត្ត​៖ ​"​ខ្ញុំ​ឈរ​ចាំ​គេ​ច្រក​បន្លែ​ឲ្យ នៅ​កន្លែង​ហ្នឹង​វា​​ចង្អៀត​បន្តិច។ ​​ដល់​តែ​មក​ក្រៅ​ផ្សារ​​​រាវ​ទូរសព្ទ​​​តេ​​ហៅ​ប្អូន​មក​ឌុប​ ​ក៏​​ប្រហោង​ពោះ​រលីង។ ​ខ្ញុំ​​​កោត​​​តែ​​​ចោរ​ពូកែ​​ម្ល៉េះ​​​​? ​យក​​កើត​ បើ​ហោប៉ៅ​ខោប៊យ​​តឹង​សឹង​អី។ យក​បាត់​កុំ​ឲ្យ​ដឹង​អី​បន្តិច​​"។

 

 

តិច​លោ​យក​មាស​ទៅ​ដូរ​យក​សំណ ​​​​

 

ក្បាច់​នេះ​​មាន​ប្រើ​យូរយារ​​ណាស់​ហើយ តែ​​ក៏​​​នៅ​តែ​​​​មាន​អ្នក​រងគ្រោះ​​​​ មិន​ថា​តែ​ទី​ក្រុង​ឬ​ជនបទ​ទេ​។ អ្នក​​​មាន​បទ​ពិសោធន៍​​ ថា​ជន​បោកប្រាស់​​ តែង​ឲ្យ​គ្នី​គ្នា​ខ្លួន​ធ្វើ​ជា​ជ្រុះ​កាបូប​ឬ គ្រឿង​អលង្ការ​​មាន​តម្លៃ។ ​​​ឲ្យ​តែ​​​នរណា​រើស​​ ​ពេល​នោះ​​​​​​គ្នា​ជន​ខិល​ខូច​ម្នាក់​ទៀត​​ក៏​ធ្វើ​​​ជា​​​តាម​ទាន់​ដែរ​ ហើយ​ស្នើ​ឲ្យ​ចែក​គ្នា​។ មិន​អីចឹង​គេ​ស្រែក​ឬ​ប្រាប់​ឲ្យ​​អ្នក​ផ្សេង​​​ដឹង។ គ្រឿង​អលង្ការ​នោះ​ពិបាក​ចែក​គ្នា​ណាស់​​​។ ជន​ឆ​បោក​នោះ​ បន្ទាប់​មក​តែង​​ស្នើ​សុំ​​​របស់របរ​មាន​តម្លៃ​ដែល​​អ្នក​រើស​បាន​ ជា​ថ្នូរ​នឹង​​​គ្រឿង​អលង្ការ​សន្ធឹកសន្ធាប់​ដែល​​គេ​ទម្លាក់​ចោល​​​នោះ​​។ អីចឹង​ទេ​​ បើ​អ្នក​រើស​បាន​ហ៊ាន​​តែ​​ដោះ​​ចិញ្ចៀន ក្រវិល ខ្សែ​ករ​ ​ជា​​​ថ្នូរ​​​​នឹង​របស់​​​រើស​បាន​នឹង​ស៊យ​មិន​ខាន​​ ព្រោះ​នោះ​សុទ្ធ​ជា​​ក្រឡៃ​​​។ ​យ៉ាង​ណា​គេ​ថា​​​​ល្បិច​នេះ​ស៊ី​លុយ​​ ច្រើន​​​តែ​ជាមួយ​​មនុស្ស​លោភលន់​។ ​ឲ្យ​តែ​ស្រដៀង​ៗ​ ឲ្យ​ឆ្លាត​បន្តិច​ ហើយ​កុំ​លោភលន់​អី ក្រែង​​ខាត​បង់​។

 

 

ប្រយ័ត្ន​​ធ្វើ​បុណ្យ​បាន​ទោស​ ​​

 

វា​ទើប​លេច​ឮ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯង។ ​​គេ​​ឲ្យ​​ក្មេង​​តូច​ណា​ម្នាក់​ធ្វើ​ជា​វង្វេង​ផ្លូវ​​ យំ​។ ​​បើ​នរណា​ចិត្ត​ធម៌​​ឃើញ​ហើយ ចូល​សួរនាំ​ គឺ​ក្មេង​នោះ​នឹង​​សុំ​ឲ្យ​ជួយ​ជូន​​ទៅ​ផ្ទះ​ ឬ​ទៅ​​​ទីណា​ដែល​​ជា​កន្លែង​ឪពុក​ម្ដាយ​គេ​នៅ​។ ​​ក្មេង​នោះ​នឹង​​កុហក​​​អ្នក​ឲ្យ​ជូន​​​​​នៅ​ទៅ​កន្លែង​ស្ងាត់។ ​អ្នក​ជូន​ទៅ​ អាច​នឹង​ត្រូវ​​ជន​ខិលខូច​ដែល​ប្រើ​ល្បិច​នេះ​​ ប្លន់​​ ​ហើយ​​​បើ​​ជា​ស្ត្រី​វិញ​អាច​គេ​ចាប់​រំលោភ ជំរិត ឬ​​​​ធ្វើ​អំពើ​ផ្សេង​ៗ​ជា​ដើម​។ ​អ្នក​ដឹង​ពី​រូប​ភាព​មាន​ក្មេង​បែប​នេះ​​​​ យក​ល្អ​​​គួរ​​ជួន​​គេ​ទៅ​រក​សមត្ថកិច្ច ឬ​កន្លែង​ដែល​អាច​​ប្រកាស​រក​ឪពុក​ម្ដាយ​ ជាជាង​ប្រថុយ​ជូន​គេ​ទៅ​ណា​មក​ណា​តាម​ការ​ស្នើ។

 

អត្ថបទ៖ ខ្វាន់ ​​​​​