ហូប​ត្រីស្ទើរ​រាល់ថ្ងៃ​ដឹងអត់ថា​មក​ពី​ប្រ​ភព​ណា​ខ្លះ​?​

  • 2019-10-21 04:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​រដ្ឋ​បាល​ជល​ផល​នៃ​ក្រ​សួង​កសិកម្ម​ឲ្យ​ដឹងថា​​ផល​នេសាទ​ត្រី​ទឹក​សាប​នៅ​ប្រទេស​កម្ពុជា​ប្រ​មូល​បាន​ថេរ​ជាង​៥០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ ​ប៉ុន្តែ​ចំនួន​នេះ​មិន​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ដែល​កើន​ឡើង​នោះ​​ទេ។

(អនុប្រ​ធាន​នាយ​ដ្ឋាន​អភិវឌ្ឍវ៉ារី​វប្បកម្ម​រដ្ឋបាល​​ជល​ផល​លោក​ ជិន ដា)

អនុប្រ​ធាន​នាយ​ដ្ឋាន​អភិវឌ្ឍវ៉ារី​វប្បកម្ម​រដ្ឋបាល​​ជល​ផល​លោក​ ជិន ដា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សកម្មភាព​របស់​អង្គការ​JICA​ លើ​វិស័យ​ជល​ផល​កម្ពុជា​នៅ​ស្ថានទូតជប៉ុន​នា​ព្រឹកនេះ​ថាចំនួន​ផល​នេសាទ​បាន​ពី​ទឹក​សាប​​គឺមាន​ចំនួន​ថេរ​ក្នុង​រង្វង់​៥០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ផល​នេសាទ​ត្រីបាន​ពី​សមុទ្រ​មាន​ចំនួន១២០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​។

ចំនួន​នេះ​លោក​ថា​មិន​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​​ក្នុង​ការ​ទទួលទាន​សាច់ត្រី​របស់​ប្រ​ជា​ជន​កម្ពុជ​បាន​នោះទេ ដែល​ថា​ជាមធ្យម​ពល​រដ្ឋ​កម្ពុជា​ម្នាក់ទទួលទាន​ត្រី​៥២,៤​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ ដើម្បី​បំពេញ​តម្រូវ​ការ​នេះ​កម្ពុជា​បាន​នាំ​ចូល​ត្រីពី​ប្រ​ទេស​ជិត​ខាង​ខ្លះដូចជា​ត្រី​ប្រា និង​ត្រី​អណ្តែងជា​ដើម។

យ៉ាងណាមិញ​លោក​ថា​កម្ពុជា​ក៏បាន​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់​ផ្គង់តម្រូវ​ការ​នេះ​ផងដែរ ដោយ​នៅ​ឆ្នាំ២០១៧ កម្ពុជា​ចិញ្ចឹម​ត្រីបាន​ជាង​២០០​ពាន់​តោន និង​​បង្គារជាង​១០០​ពាន់​តោន​ទៀត។ លោក​បញ្ជាក់ថា​ចំនួនេះ​បាន​កើន​ឡើងពី​១៥​ទៅ​២០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំៗ​។

លោក​បន្ថែមថា៖ «កំណើន​របស់​ប្រជា​ពល​រដ្ឋ​មាន​ការ​កើន​ឡើង​ ចំនួន​ត្រី​នេសាទ​ថេរ អ៊ីចឹង​ធ្វើ​ម៉េច​ដើម្បី​បំពេញ​តម្រូវ​ការ​គឺ​យើង​ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់​ផ្គង់ប្រ​ជា​ពល​រដ្ឋ​នៅទូទាំង​ប្រ​ទេស​...គឺ​មានតែ​ការ​ជំរុញ​ការ​អនុវត្ត​វ៉ារីវប្បកម្មនោះទេដើម្បី​បំពេញ​តម្រូវ​ការនេះ​...​គម្រោង​ជួយ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​បានជួយ​ច្រើន​ណាស់...​ជួយ​ឲ្យ​កសិករ​ផលិត​កូនត្រីពូជទៀត»។

បើ​តាម​របាយការណ៍​ដែល​អង្គការ​JICA​ចែក​ជូន​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​គិតពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ​២០១៥ JICA​បាន​អនុវត្ត​គម្រោង​វ៉ា​រីវប្បកម្ម​នៅ​ក្នុង​ខេត្ត​តាកែវ កំពង់ស្ពឺ ព្រៃវែង កំពត ពោធិ៍​សាត់ បាត់ដំបង និង​សៀម​រាប។ ក្នុង​រយៈពេល​នេះ​គម្រោង​ខាង​លើ​បាន​ដឹកនាំ​បង្រៀន​ឲ្យ​កសិករ​ជាង​១៣ ០០០ គ្រួសារ​ចូល​រួម​សកម្មភាព​ចិញ្ចឹម​ត្រី និងបាន​បង្រៀន​ឲ្យ​សហគមន៍​គ្រប់​គ្រងស្រះជម្រក​ត្រី​ចំនួន​១៨​កន្លែង​ផង។

ចំណែក​ការ​ផលិត​កូន​ត្រូវ​ទឹក​ប្រៃ​វិញ​JICA ក៏បាន​ជួយ​ដល់​គម្រោង​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​បច្ចេក​ទេស​ផលិត​កូន​ត្រីសមុទ្រ​ដែល​សព្វ​ថ្ងៃ​អាច​ផលិត​បាន​ប្រហែល​ជា​៥០ម៉ឺន​ក្បាល​ក្នុង​មួយ​ឆ្នាំៗ ដែល​បាន​ចែក​ចាយ​ក្នុង​ខេត្ត​ព្រះ​សីហនុ កំពត កែប និង​កោះកុង៕

អត្ថបទ៖ ទូច សុខា