ភាពយន្តដ៏ល្បីជំនាន់ទសវត្សរ៍ទី ៦០ និង ៧០ "បក្សីឋានសួគ៌" បើកឆាកព្រឹត្តិការណ៍"១ម៉ឺនអាល័យ" លើកទី៥
- 2019-10-23 01:27:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តដ៏ល្បីជំនាន់ទសវត្សរ៍ទី ៦០ និង ៧០ "បក្សីឋានសួគ៌" បើកឆាកព្រឹត្តិការណ៍"១ម៉ឺនអាល័យ" លើកទី៥
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ "១ម៉ឺនអាល័យ" លើកទី៥ដែលរៀបចំដោយក្រុម "ព្រះសុរិយា" បានបើកដំណើរការដាក់បញ្ចាំងផ្លូវការនូវភាពយន្តល្បីៗ ជំនាន់ទសវត្សរ៍ទី ៦០ និង ៧០ចំនួន៣រឿង ជូនទស្សនិកជនបានទស្សនាដោយឥតគិតថ្លៃហើយនាថ្ងៃម្សិលមិញនេះ។
ភាពយន្តទី១ ដែលត្រូវបានដាក់បញ្ចាំងជូនប្រិយមិត្តទស្សនាបើកឆាកម្សិលមិញនេះ គឺរឿង "បក្សីឋានសួគ៌"។ តាមលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលប្រមូលផ្ដុំដោយយុវជនខ្មែរមួយក្រុម បានឲ្យដឹងថា រឿង គឺជារឿងមួយក្នុងចំណោមរឿងសរុបជាង ១០ ដែលត្រូវបានក្រុមរបស់លោក ស្រាវជ្រាវរកឃើញ។
លោកថា ភាពយន្តនេះ លោកបានស្រាវជ្រាវដល់ប្រទេសថៃ ក្រោយពីរឿងនេះ និងរឿងខ្មែរផ្សេងទៀត ត្រូវបានបាត់បង់ខ្ចាត់ខ្ចាយ ដោយសារសង្គ្រាមខ្មែរក្រហម។ យ៉ាងណា ពេលនេះ រឿងមួយចំនួនបានមកដល់ប្រទេសដើម គឺកម្ពុជាវិញហើយ ដោយរឿងខ្លះ ក៏បានដាក់បញ្ចាំងរួចរាល់នៅក្នុងព្រឹត្តិការណ៍១ម៉ឺនអាល័យតាំងពីលើកទី១មក និងខ្លះទៀត ត្រៀមដាក់បញ្ចាំងបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
ឯកឧត្តម កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលបានអញ្ជើញជាកិត្តិយសធ្វើជាអធិបតីក្នុងពិធី បានសាទរពេញទំហឹងចំពោះព្រឹត្តិការណ៍ខាងលើ ដោយឯកឧត្តមលើកឡើងថា កម្ពុជាមានរជ្ជកាលភាពយន្តរុងរឿងខ្លាំងណាស់ពីអតីតកាល ដោយមានរឿងខ្មែរល្បីៗជាច្រើននាសម័យនោះដូចជារឿង "ទេពធីតាសក់ពស់" ជាដើម។
ប៉ុន្តែភាពយន្តទាំងនោះ បានខ្ចាត់ខ្ចាយអស់ដោយសារសង្គ្រាម។ ប៉ុន្តែឥឡូវបានរកឃើញមកវិញខ្លះ តាមរយៈព្រឹត្តិការណ៍ "១ម៉ឺនអាល័យ" នេះ ដូច្នេះហើយ ជាអ្នកស្រឡាញ់ភាពយន្តមួយរូប សូមគាំទ្រ និងស្នើក្រុមយុវជននៃក្រុម ព្រះសុរិយា បន្តការងាររបស់ខ្លួន។ ដោយឡែកមហាជនសូមបន្តគាំទ្របេសកកម្មរបស់ "១ម៉ឺនអាល័យ" នេះបន្តទៀត។
វិលមករឿង "បក្សីឋានសួគ៌" គឺជារឿងខ្មែរដ៏ល្បីនាទសវត្សរ៍ទី ៦០ និង ៧០។ រឿងនេះដឹកនាំដោយអ្នកដឹកនាំរឿងជនជាតិបារាំងលោក ម៉ាកសេ កាមូ។ លោក ម៉ាកសេ កាមូ គឺជាមិត្តជំនិតរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ហើយខ្សែភាពយន្តដែលដឹកនាំដោយលោករឿង "បក្សីឋានសួគ៌" នេះ ទទួលភាពល្បីល្បាញខ្លាំងទូទាំងពិភពលោកឯណោះ។ នេះបើតាមការបញ្ចេញឲ្យដឹងពីក្រុមព្រះសុរិយា។
រឿងនេះ បានទទួលការសាទរខ្លាំងនាថ្ងៃម្សិលមិញ។ លោក ភីរម្យ វ័យ ៤១ឆ្នាំ ដែលនាំកូនប្រុសពីរមករូបមកទស្សនាផង បានឲ្យដឹងថា នេះជាស្នាដៃដ៏ល្អមួយ។ លោកថា រឿងនេះ បាននាំលោកទៅដល់អតីតកាលមួយដែលលោកពុំធ្លាប់ឃើញ ក្នុងនោះលោកបានឃើញពីជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនាសម័យ និងបានកត់សម្គាល់ឃើញថា បងប្អូនខ្មែរសម័យនោះមើលទៅ រួសរាយ និងចេះជួយគ្នាណាស់។ ដោយឡែកសាច់រឿង ក៏ល្អ មានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរច្បាស់ណាស់។
ដោយឡែកអ្នកនាង ឆោម ច័ន្ទនេត សិល្បករបុរាណពហុជំនាញវិញ បានលើកឡើងស្រដៀងគ្នាថា "បក្សីឋានសួគ៌" ទាក់ចិត្តអ្នកនាង។ "សម្រាប់ខ្ញុំគឺល្អមើលណាស់ ខ្ញុំមើលឡើងព្រឺសម្បុរ សាច់រឿងមានបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរតាមលំដាប់លំដោយល្អណាស់ និយាយទៅល្អមើល ស្អែក(ថ្ងៃនេះ)ខ្ញុំនឹងមកទៀត!”។
ក្រោយពីរឿង "បក្សីឋានសួគ៌" បានបើកឆាកព្រឹត្តិការណ៍ "១ម៉ឺនអាល័៧" មានភាពយន្តខ្មែរល្បីៗជំនាន់ដើម ២រឿងទៀត នឹងដាក់បញ្ជូននៅថ្ងៃទី ២៣នេះ ដល់ទី២៤ គឺមានរឿង "ពិជ័យវង្សា" និងរឿង "កាកី" ឆ្នាំ ១៩៦៧៕