អតីត​តារា​ចម្រៀង​ឡើង​ងារ​ជំទាវ ផាន់ ម៉ូនីកា ជួយ​ជំទាវ ម៉ែន ភក្ដី ធ្វើ​បុណ្យ​ធំ​បួង​សួង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គេច​ផុត​ពី Coronavirus

  • 2020-01-30 07:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ ដែល​បច្ចុប្បន្ន​ជា ជំទាវ ផាន់ ម៉ូនីកា បាន​ធ្វើ​ពិធី​បុណ្យ​ធំ​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ៩៩៩​អង្គ សុំ​សេចក្ដី​សុខ​ចម្រើន​ឲ្យ​ខ្លួន​ឯង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ គេច​ផុត​ពី​ជំងឺ​កាច​សាហាវ Coronavirus។

ពិធី​នេះ ប្រារព្ធ​ធ្វើ​នៅ​នឹង​ហាង "កាកាសុគីស៊ុប" របស់​លោក​ជំទាវ​តែ​ម្ដង។ ជំទាវ ផាន់ ម៉ូនីកា ប្រាប់​ថា ពិធី​នេះ​ធ្វើ​ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ហើយ​លោក​ជំទាវ បាន​ចូល​រួម​ធ្វើ​អម​ជាមួយ​ដោយ​ក្នុង​នោះ​បាន​និមន្ត​ព្រះសង្ឃ​មក​ពី​ច្រើន​វត្ត​សរុប​ចំនួន ៩៩៩​អង្គ មក​ធ្វើ​ពិធី​សាសនា និង​ថ្វាយ​ចង្ហាន់​ដល់​ព្រះសង្ឃ។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ប៉ុន្តែ​តាម​អតីត​តារា​ចម្រៀង​របស់​សាន់ដេ​រូប​នេះ បញ្ជាក់​ថា លោក​ជំទាវ​ផ្ទាល់ និង​ជំទាវ ហុក ឡងឌី បាន​ធ្វើ​ជា​រឿយ ជាក់​ស្ដែង​ថ្មី​ៗ​នេះ ក៏​ទើប​តែ​នឹង​ធ្វើ​ពិធី​ហៅ​លោក​អ៊ុំ ពូ​ៗ តា​ៗ​ដែល​ប្រកប​របរ​ធាក់​ស៊ី​ក្លូ​មក​ពិសា​បាយ​ជុំ​គ្នា និង​ចែក​ទាន​ផង។ ដោយ​ឡែក​ថ្ងៃ​នេះ ពិសេស​ជាង​ពេល​មុន ដែល​ធ្លាប់​តែ​ក្នុង​ទ្រង់​ទ្រាយ​តូច​មាន​ព្រះសង្ឃ​ត្រឹម ៣០០-៤០០​អង្គ ប៉ុន្តែ​លើក​នេះ គឺ​មាន​ព្រះសង្ឃ​ជិត ១០០០​អង្គ មក​ពី​ស្ទើរ​គ្រប់​វត្ត​ក្នុង និង​ក្បែរ​ខាង​រាជធានី។

“នេះ​ជា​កម្មវិធី​ធំ​​របស់​លោក​ជំទាវ ម៉ែន ភក្ដី ហុក ឡងឌី ហើយ​នាង​ខ្ញុំ​គ្រាន់​តែ​ចូល​រួម​ក្នុង​ចំណែក​តូច​មួយ...ហើយ​កម្មវិធី​នេះ គឺ​​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​ចែក​ឋាន និង​សុំ​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​មាន​បាន ហើយ​មួយ​វិញ​ទៀត ឥឡូវ​នេះ​ប្រទេស​ជា​ច្រើន ក៏​យើង​មាន​កម្ពុជា​យើង​ដែរ កំពុង​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ Coronavirus អីចឹង​ហើយ ជួស​មុខ​ឲ្យ​លោក​ជំទាវ នាង​ខ្ញុំ​សូម​បួង​សួង​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​បាន​សុខ​សប្បាយ និង​គេច​ផុត​ពី​ជំងឺ Corona នេះ​ទាំង​អស់​គ្នា!”។ ផាន់ ម៉ូនីកា ថ្លែង។

ជំទាវ ផាន់ ម៉ូនីកា គឺ​ជា​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ ដែល​ក្រោយ​ពី​ប្រឡូក​សិល្បៈ​ជា​ច្រើន​ឆ្នាំ ក៏​បាន​ងាក​មក​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​វិញ។ នៅ​ឆ្នាំ ២០១២ ជំទាវ​បាន​បើក​ហាង "កាកាសូគីស៊ុប" នៅ​កោះ​ពេជ្រ ហើយ​មក​ទល់​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​បាន​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដើម​គរ។ មមាញឹក​នឹង​ការងារ​ជំនួញ កាន់​តែ​ច្រើន បន្តិច​ម្ដង​ៗ ផាន់ ម៉ូនីកា ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការងារ​សិល្បៈ។

លុះ​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​រៀប​មង្គលការ​ជាមួយ​ឯកឧត្ដម គង់ សុខ​ម៉េង ​មាន​តួនាទី​​​ជា​ជំនួយ​ការ​​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ ស ខេង មក​លោក ជំទាវ ក៏​បាន​ដាច់​ឈឹង​ជាមួយ​សិល្បៈ​តែ​ម្ដង ដោយ​សារ​តែ​មាន​ការ​មមាញឹក​ច្រើន​ក្នុង​មុខ​របរ​រក​ស៊ី។ បន្ទាប់​ពី​បើក​ដំណើរ​បាន​ជិត​១០​ឆ្នាំ អតីត​តារា​ចម្រៀង​បាន បង្ហើប​ថា គ្រោង​នឹង​ពង្រីក​សាខា​ហាង​របស់​នាង​ថែម​ទៀត​នា​ពេល​ខាង​មុខ ដោយ​បច្ចុប្បន្ន កំពុង​សិក្សា​ទីផ្សារ។

ទីតាំង​អាទិភាព​សម្រាប់​ការ​ពង្រីក​បន្ថែម​សាខា​ហាង​ស៊ូគី​របស់​លោក​ជំទាវ គឺ​ផ្ដោត​ទៅ​លើ​ផ្សារ​ទំនើប ដូច្នេះ​ហើយ បើ​ទោះ​ជា​កន្លង​មក​ធ្លាប់​បង្ហើប​ថា​ចង់​ងាក​ទៅ​ការងារ​សិល្បៈ​វិញ​ខ្លះ ប៉ុន្តែ​មក​ដល់​ពេល​នេះ ផែន​ការ​នោះ​ប្រហែល​ទៅ​មិន​រួច​ឡើយ។ យ៉ាង​លោក ជំទាវ បញ្ជាក់​ថា នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ក្នុង​សិល្បៈ និង​ចេញ​មក​តាម​កម្មវិធី​នានា​ជា​រឿយៗ​ដដែល៕

អត្ថបទ៖ ទារិកា