ជិត ១០ ឆ្នាំ ត្រកូល Galaxy S របស់ Samsung វិវឌ្ឍន៍​ខ្លួនយ៉ា​ងណា​ខ្លះ?

  • 2020-02-11 08:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ ២០១០ SAMSUNG បាន​ដាក់​បង្ហាញ​នូវ​ត្រកូល Galaxy S ជំនាន់​ទី ១ មុន​​មួយ​ឆ្នាំ​ការ​ប្រលូក​ចេញ​ត្រកូល​ Galaxy Note។ ជិត ១០ ឆ្នាំ​មក​នេះ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង បាន​វិវត្ត​ទូរសព្ទ​ត្រកូល Galaxy S ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ស្មាតហ្វូន។

ការ​វិវត្ត​នៃ​ជំនាន់​តាំង​ពី​ Galaxy S (២០១០) ដល់ Galaxy S10 (២០១៩)៖

+Galaxy S:

ដំណើរការ​លើ Android 2.1 ផ្តើម​ប្រើ​អេក្រង់ Super AMOLED កម្រិត ៨០០ x ៤៨០ ភីកសែល។ បំពាក់ RAM ទំហំ 500MB មាន CPU ប្រភេទ Single-Core ល្បឿន 1GHz ខណៈ​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោយ 5MP និង​ខាង​មុខ ០,3 MP។

+Galaxy S2:

កន្លង​ទៅ​មួយ​ឆ្នាំ ជំនាន់​ទី​ពីរ​នៃ Galaxy S បាន​លេច​មុខ​ឡើង ក្រោម​ការ​វិវត្ត​ CPU ឡើង​ដល់ Dual-Core ល្បឿន 1.2GHz និង​ RAM ទំហំ 750MB។ ដោយ​បន្ថែម​ទំហំ​កាមេរ៉ា​ធំ​ជាង​មុន ខាង​មុខ 2MP និង​ខាង​ក្រោយ 8MP។

+Galaxy S3:

ប្តូរ​តួ​ខ្លួន​រាង​មូល​តូច​ច្រឡឹង ម៉ូឌែល S3 បាន​បង្ហាញ​ខ្លួន​នា​ខែ​ឧសភា ឆ្នាំ ២០១២ ក៏​ជា​សេរ៊ី​ដំបូង​មាន​ប្រើ​អេក្រង់ HD កម្រិត ១ ២៨០ x ៧២០ ភីកសែល។ គាំទ្រ​ប្រព័ន្ធ Android 4.0 Ice Cream Sandwich និង​មាន​អង្គ​គណនា Quad-Core ល្បឿន 1.4GHz បន្សំ RAM ឡើង​ដល់ 1GB និង​កាមេរ៉ា​ក្រោយ 8MP ដដែល។

+Galaxy S4:

ក្នុង​ឆ្នាំ ២០១៣ អំឡុង​ពេល Apple ដាក់​បង្ហាញ iPhone 5s ក្រុមហ៊ុន SAMSUNG ក៏​ឆ្លៀត​រចនា​ស្មាតហ្វូន​អេក្រង់ ៥ អ៊ីញ កម្រិត Full HD មាន CPU ល្បឿន 1.9GHz ហើយ​ក៏​វិវត្ត​ទំហំ RAM ដល់ 2GB និង​កាមេរ៉ា​ក្រោយ 13MP។

+Galaxy S5:

ខែ​មេសា ឆ្នាំ ២០១៤ ម៉ូឌែល S5 ប្រើ​អេក្រង់ Full HD ដូច​គ្នា ឡើង​ទំហំ​អេក្រង់ ៥,១ អ៊ីញ (ម៉ូឌែល LTE-A ឡើង​ដល់​កម្រិត ២ ៥៦០ x ១ ៤៤០ ភីកសែល)។ ដំណើរការ​លើ​អង្គ​គណនា Quad-Core ល្បឿន 2.5GHz មាន RAM 2GB និង​កាមេរ៉ា​ក្រោយ​ឡើង​ដល់ 16MP។

+Galaxy S6:

ដល់​ឆ្នាំ ២០១៥ ក្រុមហ៊ុន SAMSUNG បាន​ចែក​ដាច់​រវាង​ត្រកូល Galaxy S6 និង S6 Edge ដោយ​ម៉ូឌែល S6 ប្រើ​អេក្រង់​លាត ទំហំ ៥,១ អ៊ីញ កម្រិត QHD ២ ៥៦០ x ១ ៤៤០ ភីកសែល។ ដំឡើង RAM ដល់ 3GB និង​មាន CPU ប្រភេទ Octa-Core បន្សំ​កាមេរ៉ា​ក្រោយ 16MP អាច​ថត​វីដេអូ​កម្រិត Ultra HD ជាមួយ​កាមេរ៉ា​ខាង​មុខ5MP។

+Galaxy S6 Edge:

ពុំ​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខុស​គ្នា​នឹង​ Galaxy S6 នោះ​ឡើយ ដោយ​គ្រាន់​ម៉ូឌែល Edge មាន​អេក្រង់​កោង​សង​ខាង។

+Galaxy S7:

S7 ដាក់​បង្ហាញ​នា​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ជាមួយ​អេក្រង់ ៥,១ អ៊ីញ កម្រិត QHD ដូច​ម៉ូឌែល​មុន ប៉ុន្តែ​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​ប្រើ​បច្ចេកវិទ្យា​ Dual-Pixel នូវ​កាមេរ៉ា​ក្រោយ 12MP ជំនួយ​ការ​ថត​នៅ​ទីតាំង​ងងឹត​បាន​ល្អ​ប្រសើរ។​ ឆ្លៀត​ពេល​ដែល SAMSUNG Pay ក៏​ប្រកាស​បើក​ឲ្យ​ប្រើប្រាស់ គាំទ្រ​នូវ​បច្ចេកវិទ្យា NFC។

+Galaxy S7 Edge:

ប្រើ​អេក្រង់​ធំ​ដល់​ទំហំ ៥,៥ អ៊ីញ កោង​ផ្ទៃ​សង​ខាង ដែល​ធៀប​ទៅ​នឹង S6 Edge ធម្មតា មាន​រាង​ខុស​គ្នា​មួយ​ផ្នែក​ធំ។

+Galaxy S8:

ចូល​ដល់​សម័យ​ស្មាតហ្វូន​ប្រើ​ផ្ទៃ​អេក្រង់​ពេញ ប្តូរ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ទៅ​ផ្នែក​ខាង​ក្រោយ​ក្បែរ Sensor កាមេរ៉ា។

+Galaxy S8+:

ប្តូរ​ពី Edge មក​ប្រើប្រាស់​ឈ្មោះ Plus ត្រកូល​រៀម​ច្បង​អេក្រង់ ៦,២ អ៊ីញ ប្រើ​ថាមពល​ថ្ម ៣ ៥០០mAh ធៀប​នឹង S8 មាន​ត្រឹម ៣ ០០០mAh។ អរគុណ​ដល់​រចនាបថ​អេក្រង់ Infinity Display ជំរុញ​ឲ្យ​ S8 Plus មើល​ទៅ​មិន​ធំ​ពេក ធៀប​នឹង iPhone 7 Plus ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​នោះ​ឡើយ។

+Galaxy S9:

ថ្វី​បើ​រូបរាង​ស្រដៀង​នឹង S8 នា​ឆ្នាំ ២០១៧ ប៉ុន្តែ​ក្នុង​ឆ្នាំ​ថ្មី Samsung បាន​វិវត្ត​នូវ​បច្ចេកវិទ្យា AR Emoji អនុញ្ញាត​ឲ្យ​បង្កើត​រូប Avatar បែប 3D ប្រជែង​នឹង Animoji របស់ Apple។

+Galaxy S9+:

ជា​ស្មាតហ្វូន​មាន​ប្រើ​កាមេរ៉ា​ភ្លោះ​របស់ SAMSUNG ដោយ​ផ្លាស់ប្តូរ Aperture ពី f1/.5 សម្រាប់​ថត​នៅ​ទី​ងងឹត និង f/2.4 សម្រាប់​ថត​នៅ​ទីតាំង​មាន​ពន្លឺ។

+Galaxy S10e:

Galaxy S10e ជា​ប្រភេទ​ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​ក្នុង​ចំណោម S10 ទាំង​បួន​ប្រភេទ ដោយ​វា​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ត្រឹម ២ គ្រាប់ និង​មាន​ប្រើ​ប្រាស់​អេក្រង់ OLED ដែល​មាន​ផ្ទៃ​រាប​ស្មើ។

+Galaxy S10:

Galaxy S10 ធម្មតា​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​កាមេរ៉ា ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ ជា​លើក​ដំបូង​សម្រាប់​​ត្រកូល Galaxy S។ ផ្នែក​ខាង​មុខ​មាន​ប្រើ​ប្រាស់​អេក្រង់ OLED រាង​កោង​ដដែល និង​មាន​ចោះ​រន្ធ​កាមេរ៉ា​ Selfie ធ្វើ​ឲ្យ​គែម​អេក្រង់​លើ/ក្រោម​កាន់តែ​ស្ដើង។

+Galaxy S10+:

Galaxy S10+ មាន​លក្ខណៈ​សម្បត្តិ​ដូច​នឹង​ S10 ធម្មតា​ដែរ ខុស​តែ​ត្រង់​កាមេរ៉ាខាង​មុខ​មាន​ចំនួន​ពីរ​គ្រាប់ដែល​មួយ​ជា​កាមេរ៉ា​វាស់​ជម្រៅ។

+Galaxy S10 5G:

វា​ជា​ស៊េរី​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ត្រកូល S10 ដោយ​អាច​ទ្រាំទ្រ​នឹង​សេវា​ 5G ហើយ​ប្រព័ន្ធ​កាមេរ៉ា​មាន​បន្ថែម​នូវ​ Sensor វាស់​ជម្រៅ​បែប 3D ខុស​ពី Galaxy S10 ធម្មតា និង Galaxy S10+ និង​មាន​ថាមពល​ថ្ម​ទំហំ​ដល់ ៤៥០០ mAh៕

អានអត្ថបទ:

អត្ថបទថ្មី