Google លុបចោល​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ ដោយសារ​វីរុស COVID-19

  • 2020-03-05 01:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ជុំវិញ​ការ​លុប​ចោល​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ឲ្យ​ឈ្មោះ I/O 2020 ដែល​ជា​សន្និសីទ​ប្រមូល​ផ្តុំ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ទូទាំង​សកលលោក ដោយសារ​តែ​ព្រួយបារម្ភ​នឹង​បញ្ហា​ការ​រាតត្បាត​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ខាង​លើ​សរសេរ​ថា៖ "ដោយ​សារ​តែ​ការ​បារម្ភ​ជុំវិញ​វីរុស COVID-19 និង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក WHO និង​អាជ្ញាធរ​សុខាភិបាល​ដទៃ​ទៀត យើង​បាន​សម្រេច​លុប​ចោល​ព្រឹត្តិការណ៍ Google I/O ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឯ Shoreline Amphitheatre (នៅ​ទីក្រុង Moutain View រដ្ឋ California)។

ចំពោះ​អ្នក​ចូលរួម​ដែល​បាន​ជាវ​សំបុត្រ​នៃ​ព្រឹត្តិការណ៍ I/O 2020 នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​ប្រាក់​សំណង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ១៣ មិនា ឆ្នាំ ២០២០ នេះ​ផ្ទាល់។

គួរ​រំឭក​ថា​នេះ​ជា​ព្រឹត្តិការណ៍​ខ្នាត​ធំ​ទី ៤ ហើយ​បន្ទាប់​ពី​ការ​លុប​ចោល​នូវ​ពិព័រណ៍ Mobile World Congress នៅ​ប្រទេស​អេស្ប៉ាញ ការ​លើក​ពេល​ព្រឹត្តិការណ៍ F8 របស់ Facebook នៅ​អាមេរិក ការ​លុប​ចោល​វេទិកា​ជជែក​ពី​ហ្គេម GDC2020 និង​ចុង​ក្រោយ​នេះ​ផ្ទាល់​គឺ Google I/O៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា