ដៃ​គូ​ប្រយុទ្ធ​៣​នៅ​​តំបន់​ខាង​លើ​​ ខ្លាំងទាំង​៥​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2020-03-27 04:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្វែង​រក​ដៃ​គូ​ខ្សែ​ប្រយុទ្ធ​៣​​នៅ​តំបន់​ខាង​លើ​​នៅ​បាល់ទាត់​តំបន់​អឺរ៉ុប​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ប៉ុន្តែ​ជាក់​ស្ដែង​ប្រសិន​បើ​ក្រុម​ណា​មួយ​អាច​​រក​ឃើញ​ប្រយុទ្ធ​ទាំង​៣​លេង​ត្រូវ​ជើង​គ្នា នោះ​ពួក​គេ​អាច​ជួយ​ក្រុម​បាន​ច្រើន។ ខាង​ក្រោម​នឹង​បង្ហាញ​ដៃ​គូ​ប្រយុទ្ធ​៣​នៅ​​តំបន់​ខាង​លើ​​ កំពូល​ទាំង​៥​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៖

១. Liverpool: Mane| Salah| Firmino 

ការ​មក​ដល់​របស់ Mo Salah នៅ Anfield ក្នុង​ឆ្នាំ​២០១៧ អ្នក​គាំទ្រ​របស់​ Liverpool ជា​ច្រើន​ហាក់​បារម្ភ​ចំពោះ​ការ​រក​គ្រាប់​បាល់​និង​ចាប់​ដៃ​គូ​ជាមួយ Sadio Mane និង​ Roberto Firmino។ ជា​រឿង​ភ្ញាក់ផ្អើល​អ្នក​ទាំង​៣​​លេង​សហការ​គ្នា​បាន​ល្អ​មែនទែន​ ជួយ​លើក Liverpool ក្លាយ​ជា​ក្រុម​លេច​ធ្លោ​ម្ដង​ទៀត។ ២​រដូវ​កាល​​ចុងក្រោយ​ក្នុង​លីគ Mane និង Salah ឈ្នះ​ស្បែក​ជើង​មាស​ម្នាក់​ម្ដង។

៤​រដូវ​កាល​ពេញ​​លេង​ជាមួយ​គ្នា ពួក​គេ​នាំ​ហង្សក្រហម​លើក​ពាន Champions League, Super Cup និង Club World Cup។ បច្ចុប្បន្ន​ពួក​គេ​កំពុង​នាំ​ក្រុម​ឈាន​ទៅ​រក​ជើងឯក Premier League ជា​លើក​ដំបូង​ក្នុងរយៈពេល​៣០​ឆ្នាំ។

២. Manchester United: Ronaldo| Rooney| Tevez

ឆ្នាំ​២០០៧​ដល់​២០០៩ Manchester United បាន​រីក​មុខមាត់​ជា​ខ្លាំង​ម្ដង​ទៀត ពេល​ដែល  Wayne Rooney, Cristiano Ronaldo និង Carlos Tevez ចាប់​ដៃ​គូ​គ្នា ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Ferguson។

អ្នក​ទាំង៣​​​​​រក​បាន​គ្រាប់​បាល់​សរុប​១៤០​គ្រាប់​អំឡុង​ពេល​លេង​ជាមួយ​គ្នា​នៅ United ជួយ​ក្រុម​ឈ្នះ Premier League ២​ដង និង Champions League ម្ដង។ កាល​គ្រា​នោះ Man Utd​ ក៏​បាន​ឈ្នះ​ពាន Club World Cup និង​ពាន​ក្នុង​ស្រុកក League Cup ជាមួយ Community Shields ផង​ដែរ។

៣. Barcelona: Eto'o| Messi| Henry 

វា​ហាក់​ដូច​ជា​ក្ដី​ស្រមៃ​​ពេល​ដែល​ Samuel Eto'o, Thierry Henry និង Lionel Messi នៅក្រុម​ជាមួយ​គ្នា ប៉ុន្តែ​រឿង​នេះ​កើត​ឡើង​មែន​នៅ​ឆ្នាំ​២០០៨។ រដូវ​កាល​២០០៨-០៩ តោ​កំណាច​ទាំង​៣​ខ្លាំង​មែនទែន រក​បាន​១០០​គ្រាប់​​សរុប​រួម​គ្នា នាំ Barcelona ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល Champions League, La Liga និង Copa del Rey។

៤. Real Madrid: Bale| Benzema| Ronaldo

អំឡុងពេល អ្នក​ពាន Champions League ៣​ឆ្នាំ​ជាប់​គ្នា​របស់ Real Madrid ខ្សែ​ប្រយុទ្ធ​ទាំង​៣  Gareth Bale, Cristiano Ronaldo និង Karim Benzema  កំពុង​ក្ដោប​អំណាច​នៅ​អឺរ៉ុប។ ពួក​​គេ​រក​បាន​ជាង​២០០​គ្រាប់​រួម​គ្នា និង​ឈ្នះ​ពាន​ជា​ច្រើន។

UCL វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៨ Gareth Bale និង Karim Benzema រក​បាន​គ្រាប់​ដូច​គ្នា ជួយ Madrid ឈ្នះ​ពាន​៣​រដូវ​កាល​ជាប់​គ្នា។ ពួក​គេ​ទាំង​៣​ក៏​មាន​គុណសម្បត្តិ​រុញ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ផ្សេង​ទៀត​ដែរ និង​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រយុទ្ធ​៣​ខាង​លើ​ល្អ​បំផុត​​​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

៥. Barcelona: Messi| Neymar| Suarez

អ្នក​ទាំង​៣​ធ្លាប់​រក​បាន​៣៦៤​គ្រាប់ ក្នុង​រយៈពេល​៣​រដូវ​កាល​ជាមួយ​គ្នា។ ពួក​គេ​ធ្លាប់​ជា​បេះដូង​របស់ Barcelona​ ឈ្នះ​ពាន​៣​​នៅ​រដូវ​កាល​២០១៤-១៥ រក​បាន​គ្រាប់​សរុប​ចូល​គ្នា​១៣១​នៅ​គ្រា​នោះ។

តួ​ឯក​ទាំង​៣​បាន​បាក់បែក​គ្នា ពេល​ដែល Neymar សម្រេច​ទៅ​ចូលរួម​ជាមួយ PSG ក្នុង​ឆ្នាំ​២០១៧។ អំឡុង​ពេល​នៅ​​លេង​ជុំ​គ្នា​ពួក​គេ​ឈ្នះ​ពាន​៩​ជាមួយ​គ្នា៕ ​ ​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម