ថៃក្លាយជាប្រទេសដំបូងនៅអាស៊ាន ដាក់សេវា 5G ឲ្យប្រើជាផ្លូវការ

  • 2020-05-22 02:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​នៅ​ប្រទេស​ថៃ​ពន្លឿន​ការ​​​បញ្ចេញ​នូវ​​ប្រព័ន្ធ​ទំនាក់ទំនង 5G ធ្វើ​​ឲ្យ​ថៃ​ក្លាយ​ជា​ប្រទេស​អាស៊ាន​ដំបូង​គេ​ដែល​មាន​សេវា 5G ប្រើ​ប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​មុន​គេ។

​​ក្រុមហ៊ុន​ទូរគមនាគមន៍​ AIS និង True Corp. កំពុង​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ដាក់​សេវា 5G នៅ​តាម​មន្ទីរពេទ្យ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ក្រុមហ៊ុន AIS បាន​បង្ហាញ​ថា​ខ្លួន​បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​រហូត​ដល់ ១,២ ពាន់​លាន​ដុល្លារ សម្រាប់​បណ្ដាក់​ទុន​លើ​ការ​ពង្រីក​សេវា 5G ដោយ​​មាន​គោល​ដៅ​​​ផ្ដល់​សេវា 5G ​គ្រប​ដណ្ដប់​​ឲ្យ​បាន​ ១៣% នៃ​ចំនួន​ប្រជាជន​ថៃ​សរុប ត្រឹម​ដំណាច់​ឆ្នាំ​នេះ។

កន្លង​មក​អ្នក​វិភាគ​បាន​រំពឹង​ថា​ក្រុមហ៊ុន​ទូរគមនាគមន៍​ថៃ​អាច​ត្រូវ​ការ​ពេល​វេលា​ច្រើន​មុន​នឹង​បណ្ដាក់​ទុន​លើ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ថ្មី ដោយ​សារ​តែ​ពួក​គេ​បាន​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​​លើ​អាជ្ញាប័ណ្ណ 4G កាល​ពី​ឆ្នាំ ២០១៥។ យ៉ាងណាក្ដី​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​បាន​​ពន្លឿន​ការ​​​បញ្ចេញ​នូវ​​ប្រព័ន្ធ​ទំនាក់ទំនង 5G លឿន​ជាង​រំពឹង​ទុក។

ស្ថាប័ន GSMA ដែល​ជា​អ្នក​បង្កើត​កម្មវិធី​សមាជ​ទូរសព្ទ​ពិភពលោក MWC បាន​ផ្ដល់​​វិញ្ញាបនបត្រ​​​ដល់​ក្រុមហ៊ុន AIS ​​ថា​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ាន​ដែល​បាន​ដាក់​ដំណើរ​ការ​​សេវា 5G ជា​លក្ខណៈ​ពាណិជ្ជកម្ម។

AIS ដែល​មាន​អ្នក​ប្រើ​ប្រាស់ ៤២​លាន​នាក់ ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ជាង​គេ​នៅ​ថៃ បាន​ដាក់​ដំណើរ​ការ​សេវា 5G នៅ​មន្ទីរពេទ្យ​ចំនួន ១៥៨ នៅ​បាងកក និង​តាម​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​តាម​ប្រទេស​ថៃ​ផង​ដែរ។

ប្រទេស​អាស៊ាន​ដទៃ​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង​លើ​សេវា 5G នៅ​ឡើយ ហើយ​មាន​ប្រទេស​ខ្លះ​នៅ​រង់ចាំ​ដេញ​ថ្លៃ​យក​អាជ្ញាប័ណ្ណ​​ដែល​ចាំ​បាច់​សម្រាប់​ការ​​ដាក់​ដំណើរ​ការ​សេវា 5G។ ប្រទេស​បន្ទាប់​នៅ​អាស៊ាន​ដែល​ទំនង​ជា​​​បញ្ចេញ​សេវា 5G ​ឲ្យ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​នេះ​គឺ​វៀតណាម ​ដោយ​ក្រសួង​ព័ត៌មាន​វិទ្យា​និង​ទំនាក់​ទំនង​វៀតណាម​និយាយ​ថា​គ្រោង​បញ្ចេញ​សេវា 5G​ ជា​លក្ខណៈ​ពាណិជ្ជកម្ម​​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ៕

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សុខហេង