ប្រាប់មុន​ឲ្យ​ហើយ បើ​មិន​ចង់​ទឹក​ភ្នែក កុំ​បង្ហោះ​លេខ IMEI ឲ្យ​អ្នក​ដទៃ​ដឹង​ឲ្យ​សោះ

  • 2020-05-28 09:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ Sabay បាន​បង្ហាញ​ពី វិធី​ឆែក​លេខ IEMI លើ​ស្មាតហ្វូន​គ្រប់​ម៉ូដែល ដែល​ជា​លេខ​សម្គាល់​អត្តសញ្ញាណ​នៃ​ឧបករណ៍​នីមួយៗ។ ប៉ុន្តែ​យើង​ក៏​អាច​រង​ហានិភ័យ​ពី​ការ​ចែក​រំលែក​កូដ IMEI ទាំង ១៥ ខ្ទង់ ទៅ​លើ​បណ្ដាញ​សង្គម​ឬ​ជន​មិន​ស្គាល់​មុខ។​

មិន​ខុស​ពី​លេខ​កូដ​សម្ងាត់​ធនាគារ​ IMEI មិន​ចេះ​តែ​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​បាន​នោះ​ទេ ព្រោះ​ជន​ខិលខូច​អាច​យក​កូដ​នោះ​ទៅ Report ឲ្យ​ស្មាតហ្វូន​របស់​យើង ជាប់​ក្នុង​បញ្ជី​ខ្មៅ ដែល​គេ​និយម​ហៅ​ថា​ទូរសព្ទ​បាត់ (Lost)ឬ​ត្រូវ​បាន​គេ​លួច (Stolen)។ នៅ​ពេល​ចង់​លក់​ទូរសព្ទ​ឲ្យ​នៅ​អ្នក​ដទៃ ប្រសិន​បើ​គេ​ឆែក​ IMEI លើ​គេហទំព័រ CheckMend ដើម្បី​ចង់​ដឹង​អត្តសញ្ញាណ​ស្មាតហ្វូន ស្មាតហ្វូន​យើង​នឹង​ជាប់​ប្រវត្តិ​មិន​ល្អ។

មួយ​វិញ​ទៀត​ នៅ​ទីផ្សារ​ក្រៅ​ស្រុក​អ្នក​ជំនាញ​ក៏​បាន​បង្ហាញ​ពី​ឧបាយកល​ជន​ខិលខូច ដោយ​ខ្លះ​លួច​យក IMEI របស់​យើង​ទៅ​ផលិតជា​ទូរសព្ទ​ក្លែងក្លាយ (Clone) ហើយ​បើ​ស្មាតហ្វូន​ជាប់​ហេតុ​បញ្ហា​អ្វី យើង​ដែល​ជា​ម្ចាស់ IMEI នៃ​ឧបករណ៍​ដើម ក៏​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ទាំង​មិន​ដឹង​ខ្លួន។

បញ្ហា​សំខាន់​មួយ​ផ្សេង​ទៀត​ អ្នក​​ដែល​ដឹង​ពី​កូដ IMEI របស់​យើង ក៏​មាន​វិធី​អាច ​ចាប់​ទីតាំង​ ដែល​យើង​កំពុង​ឈរ មិន​ថា​តែ​នៅ​ទីណា​ក៏​ដោយ​ជុំវិញ​ពិភពលោក។ អ្វី​ដែល​សំខាន់​ក្នុង​ប្រទេស​មួយ​ចំនួន​គេ​បាន​ប្រើ​ស្មាតហ្វូន សម្រាប់​ផ្ទេរ​និង​ទទួល​សាច់​ប្រាក់ ក៏​ដូច​ជា​គណនី​ក្នុង​ស្មាតហ្វូន​មួយ ម្ល៉ោះ​បើ​ពួក​គេ​ដឹង IMEI ក៏​មិន​ខុស​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​ទាំង​មូល​នៃ​ឧបករណ៍​យើង​អ៊ីចឹង​ដែរ។​

ប្រភព៖ Quora   អត្ថបទ៖ កៅ រក្សា