វិចិត្រសាល Sra'Art បើក​ការ​តាំងបង្ហាញ​សិល្បៈ ចុង​សប្ដាហ៍​នេះ!

  • 2020-06-26 04:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បិទទ្វារ​មួយរយៈ​ក្នុង​អំឡុង​ពេល​ការ​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ វិចិត្រសាល​ Sra'Art (ស្រាអាត) នឹង​បើក​ការតាំងពិព័រណ៍​លើក​ដំបូង​របស់​ខ្លួន ក្នុង​វគ្គ "ទំនាក់ទំនងមនុស្ស" ដែល​គ្រោង​នឹង​មាន​ការ​ចូលរួម​ពី​សិល្បករ​ជាច្រើន នាថ្ងៃសៅរ៍ ទី២៧ ខែមិថុនា​ ចុង​សប្ដាហ៍នេះ។

ការ​បើក​ការ​តាំង​បង្ហាញ​សិល្បៈ​នេះ មាន​ចំណងជើង​ថា "Make a Point!" ដែល​នឹង​បង្ហាញ​នូវ​រូបភាព​របស់​ស្រ្ដីខ្មែរ។ ស្ទីល​នៃ​ការ​បង្កើត​សិល្បៈ​របស់​វិចិត្រករ Bruno KOK អាច​នឹង​យក​ទៅ​ប្រៀបធៀប​ជាមួយ​នឹង "Pixel Art" ប៉ុន្តែ​តាមពិត គាត់​ទទួល​បាន​គំនិត​ពី​ទ្រឹស្ដី​ចំណុច​និយម ដែល​ជា​បច្ចេកទេស​នៃការ​គូរគំនូរ ចាប់​ផ្ដើម​ឡើង​ដោយ Georges Seurat និង Paul Signac នៅ​ទីក្រុង​ប៉ារីស កាលពី​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ១៨៨០។ ពណ៌​ទាំងនេះ នឹង​រំលេច​ចេញ​ជា​រូបភាព​អស្ចារ្យ​មួយ​ តាមភ្នែក​របស់​អ្នក​មើល ជាជាង​រូបភាព​ដែលប​ង្កើត​ដោយ​ការ​លាយ​ពណ៌​ចម្រុះ​នៅ​លើ​ក្ដារ​លាយ​ពណ៌។

សម្រាប់​លោក KOK ចំណុច​នីមួយៗ រង្វង់ ពពុះ ឬ Pixel ទាំងនេះ គឺជា​និមិត្តរូប​នៃ​អាតូម​នៅ​ក្នុង​ពិភព​មីក្រូទស្សន៍ ក៏ដូចជា ភព និង​ប្រព័ន្ធ​រវាង​ផ្កាយ​រណប​ក្នុង​លំហ​អាកាស​ផងដែរ។ ផ្ទាំងគំនូរ​ទាំងនេះ ឆ្លុះបញ្ចាំង​ពីការ​ផ្លាស់ប្ដូរ​រវាង​ពិភព​ដ៏តូចៗ ទៅនឹង​ពិភព​ដ៏ធំ​សម្បើម ផ្ដល់​នូវ​ទិដ្ឋភាព​សម្រាប់​អ្នក​ទស្សនា​ ដូចជា​នៅ​ក្នុង​សុបិន។ លោក​ប្រើ​ជក់​ ដើម្បី​ចាប់​ផ្ដើម​គូសគំនូរ​ដោយ​ប្រើ​ប្រាស់​ពណ៌​ចម្បង និង​បន្ទាប់​ពី​ការ​ពិនិត្យ​ទៅលើ​រូបភាព​ក្នុង​កុំព្យូទ័រ។ ដូច​គ្នា​ទៅ​នឹង​អាតូម ដែលផ្គុំ​គ្នា​បង្កើត​បាន​ជា​រាងកាយ​មួយ រូបភាព​ទាំងនេះ បណ្ដុះ​គំនិត​ការ​ប្រៀបធៀប​នៃ​ភាពស្មុគស្មាញរបស់់​មនុស្ស​ ទោះ​បី​ក្បាច់​នៃ​ការ​រចនា​គំនូរ គ្រាន់តែ​ជា​ភាព​សាមញ្ញ​មួយក៏ដោយ។

លោក KOK មាន​បំណងចង់ឲ្យពណ៌​របស់​គាត់ ក្លាយជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ព្រលឹង និង​មិន​មាន​ការ​បែងចែក "ពណ៌សម្បុរ" ទេ គ្មាន​ពណ៌​ណាមួយ​ដែល​គេ​ចាត់​ទុក​ថា​ មានតម្លៃ ឬគ្មានតម្លៃ​ទេ។ KOK ប្រើ​តែប្រាំបីពណ៌​ប៉ុណ្ណោះក្នុងគំនូរគាត់ ហើយ​មិន​លាយ​បញ្ចូលគ្នា​ឡើយ ប៉ុន្តែ​នៅពេល​ពណ៌​ទាំងនេះនៅរួមគ្នា វា​នឹង​បង្កើត​ជា​ទិដ្ឋភាព​មួយ​​ បង្ហាញ​ចេញ​តាមការ​មើល​ដោយផ្ទាល់ មិនមែន​ការ​រលាយ​ពណ៌​ចូលគ្នា។ ការ​យល់ឃើញ​របស់​អ្នក​មើល គឺអាស្រ័យ​ទៅ​លើ​ទីតាំង​នៃពណ៌​ដែល​នៅជុំវិញ ហើយ​ដែលជា​ស្រទាប់​លើ​ផ្ទាំង​គំនូរ ចេញពី​ការ​ប្រៀបធៀប​របស់គាត់​ផ្ទាល់ អំពី​ទំនាក់ទំនង​របស់មនុស្ស។

ហេតុអ្វី​មានតែគំនូរស្រ្ដី? លោក KOK មាន​អារម្មណ៍ថា យើង​សព្វថ្ងៃ រស់នៅ​ក្នុង​សង្គម​មួយដែលស្រ្ដី​នៅ​តែ​ទាមទារ​រក​ភាព​ស្មើគ្នា ហើយ​តែង​ទទួល​ការ​បដិសេធ។ គាត់​លើក​ឡើង​ថា ឋានៈ​របស់​ស្រ្ដី​នៅ​លើ​ពិភពលោក រួម​ទាំងអាស៊ីអាគ្នេយ៍ផងដែរ ត្រូវបានគេចាត់ទុកដូចជា​ទំនិញ ឬពាន​រង្វាន់​បុរស ដោយ​ផ្អែក​តែ​លើ​រូបភាព​ខាងក្រៅ។ សិល្បៈ​ "pixels/ចំណុច" របស់​គាត់ គឺជា​តំណាង​នៃ​ព្រលឹង​របស់​ស្រ្ដី រួមទាំង​ការ​ខកចិត្ត​ និង​បំណង​ប្រាថ្នា​របស់​ស្រ្ដី​នៅក្នុងសង្គម។

តើលោក Bruno KOK ជានរណា?

ចេញ​ពី​បទពិសោធន៍​ក្នុង​សិល្បៈ punk rock នៅទសវត្ស​ ៨០ និង ៩០ លោក KOK គឺជា​តន្រ្ដី​ករ និង​អ្នកគូររូប​តុក្កតា​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ Beaux arts de Bordeaux និង Les Arts Appliques de la Gironde។ ដោយសារ​តែ​កំណើន​នៃ​ការ​គូស​គំនូរ​ជីវចល​បែប​ឌីជីថល បានធ្វើឲ្យ​គំនូរ​ KOK បាត់បង់​ប្រជាប្រិយភាព។ គាត់​បាន​វិល​ត្រឡប់​ទៅ​ការ​គូស​ដៃ​វិញ​នៅឆ្នាំ ២០០៦ ហើយ​ចាប់​ផ្ដើម​ជាមួយ គំនូរជីវចល​បែបកំប្លែង បន្ទាប់​មក​គំនូរ​បែបទំនើប​ដែលបង្ហាញ​ពីបញ្ហា និង​សិទ្ធិស្រ្ដី។ គាត់ធ្លាប់​ដាក់តាំង​បង្ហាញ​ស្នាដៃ​នៅ​ឯ​ប្រទេស​បារាំង និង​កន្លែងមួយចំនួន​ទៀត​ទូទាំងពិភពលោក ហើយ​ការ​តាំងពិព័ណ៌​ថ្មីៗនេះ គឺនៅវិទ្យាស្ថាន​បារាំង​ហ្រ្វង់ស័រ នៅ​ទីក្រុង​បាងកក ប្រទេសថៃ៕

អត្ថបទពេញនិយម