សពលោកព្រឹទ្ធាចារ្យ ព្រីង សាឃន នឹងធ្វើពិធីបូជានៅវត្ដឬស្សីស្រស់
- 2020-07-20 02:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សពលោកព្រឹទ្ធាចារ្យ ព្រីង សាឃន នឹងធ្វើពិធីបូជានៅវត្ដឬស្សីស្រស់
ចន្លោះមិនឃើញ
ក្រុមគ្រួសាររបស់សពព្រឹទ្ធាចារ្យ ព្រីង សាឃន កំពុងរំកិលសពលោកឡើងឡានដង្ហែសពដើម្បីហែទៅចេញពីគេហដ្ឋានស្ថិតនៅម្ដុំអាគារ៤២ជាន់ ក្នុងសង្កាត់បឹងកេងកង១ ឆ្ពោះទៅកាន់វត្ដឬស្សីស្រស់ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ ដើម្បីធ្វើបុណ្យតាមប្រពៃណីបន្ដ និងឈានទៅដល់ធ្វើពិធីបូជាសពនៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ។
សាច់ញាតិរបស់លោកព្រឹទ្ធាចារ្យ បានប្រាប់Sabay នៅមុននេះបន្ដិចថា ពិធីបុណ្យនៅគេហដ្ឋានផ្ទាល់មិនសូវមានភ្ញៀវច្រើនទេ ហើយឥឡូវនេះក្រុមគ្រួសារបានរៀបចំហែទៅកាន់វត្ដឫស្សីស្រស់ដែលអាចនឹងទៅដល់ប្រហែលម៉ោង១០ព្រឹកនេះ។ លោកបន្ថែមថា មរណភាពរបស់លោកតា ព្រីង សាឃន កាលពីថ្ងៃម្សិលមិញបានធ្វើឲ្យកូនចៅសោកសង្រេង និងស្ដាយធនធានមនុស្សដ៏កម្រនេះយ៉ាងខ្លាំង។
ក្រោយពីទទួលដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ ក៏មានសិល្បករ-សិល្បការិនីជាច្រើនដែរដែលមានការសោកស្ដាយនូវទេពកោសល្យ និងរូបលោកផ្ទាល់មិនចាញ់សាច់ញាតិប៉ុន្មានឡើយ។ ជាក់ស្ដែងដូចជាពិធីករ ប៉ែន ចំរុង តារាចម្រៀង ស៊ុន ស្រីពេជ្រ និងតារាសម្ដែង សាវិន ហ្វីលីប ជាដើមសុទ្ធតែសម្ដែងការសោកស្ដាយ ហើយបានចូលមរណទុក្ខដ៏ក្រៀមក្រំនេះទៀតផង។
លោកព្រឹទ្ធាចារ្យក៏មានទេពកោសល្យខាងសម្ដែងដែរ។ ភាគច្រើនលោកសម្ដែងជាតួឥសី និងចាស់ព្រឹទ្ធាចារ្យ។ មហាជនបានស្គាល់លោកច្រើនតាមរយៈលោកសម្ដែងជាតួតាជូជក់ ក្នុងរឿងព្រះវេសន្ដរ នៅអំឡុងឆ្នាំ១៩៨០។
លោកព្រឹទ្ធាចារ្យ ព្រីង សាខន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ លោក គឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។រូបលោកត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាមរតកមនុស្សរស់ផ្នែកសិល្បៈ៕