Hyundai Tucson ឆ្នាំ២០២១ កែឌីហ្សាញថ្មី មើលទៅរឹតតែកាច

  • 2020-09-17 02:00:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

រថយន្ត Hyundai Tucson ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង តាមរយៈភាសាឌីហ្សាញ “S"ensuous Sportiness”។

រថយន្ត SUV ខ្នាតមធ្យមម៉ូដែល Tucson ជំនាន់ទី៤ មានបំពាក់ប៉ាណាមុខថ្មី ហៅថា Parametric Hidden Lights ដែលមានន័យថា នៅពេលវាពន្លត់ម៉ាស៊ីន ប៉ាណាមុខរបស់វានឹងប្រែទៅជាពណ៌ខ្មៅ មិនឃើញភ្លើង LED Daytime Running Lights ឡើយ។

ជាមួយគ្នានេះដែរ ផ្នែកខាងក្រោយរបស់ Tucson ក៏ទទួលបានការឌីហ្សាញថ្មី ដោយចង្កៀងក្រោយនៅដាច់ពីគ្នា, ផ្លិតទឹកក្រោយលាក់នៅក្រោមកាងកាត់ខ្យល់ខាងក្រោយ, ឡូហ្គូ Hyundai ធ្វើពីកញ្ចក់រលោង និង កាងកាច់ខ្យល់ក្រោយកាចជាងមុន ផងដែរ។

ចំណែកឯផ្នែកខាងក្នុង វាមានបំពាក់អេក្រង់ Touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងកុងទ័រជីឌីថល និងមានកន្លែងសាកថ្មទូរសព្ទឥតខ្សែទៀតផង។

Hyundai Tucson សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ គឺជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid។ វានឹងចេញលក់នៅកូរ៉េ ក្នុងខែកញ្ញានេះ ហើយចំពោះទីផ្សារអាមេរិក គឺនៅដើមឆ្នាំ២០២១៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង