គយគន់សម្រស់ធម្មជាតិ ជីវភាពតាមភូមិដ៏ស្រស់បំព្រង នៅកោះទ្រង់ ខេត្តក្រចេះ

  • 2020-09-19 09:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

កោះទ្រង់ គឺជាសហគមន៍អេកូទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃខេត្តក្រចេះ។ មានទីតាំងនៅទល់មុខក្រុងក្រចេះ អ្នកទេសចរអាចធ្វើដំណើរទៅដល់ដែនកោះដ៏ស្រស់ស្អាតចំកណ្ដាលទន្លេមេគង្គនេះ ដោយចំណាយពេលប្រមាណត្រឹមតែ ១៥នាទីប៉ុណ្ណោះ តាមរយៈកំពង់ចម្លង។

កោះទ្រង់ ថ្វីត្បិតតែមានទំហំតូច ប៉ុន្តែសហគមន៍អេកូទេសចរណ៍នៅទីនេះ បានរៀបចំសកម្មភាពកម្សាន្តជាច្រើនសម្រាប់អ្នកទេសចរ ដែលមានដូចជាការជួលរទេះគោ រទេះសេះ និងកង់ សម្រាប់ជិះលេងកម្សាន្ត ស្រូបយកខ្យល់ទន្លេដ៏បរិសុទ្ធ។ តាមផ្លូវបេតុងមួយខ្សែព័ទ្ធជុំវិញកោះ អ្នកទេសចរក៏អាចគយគន់ទេសភាពដ៏ស្រស់បំព្រងតាមដងទន្លេ ដែលប្រកបទៅដោយភូមិដ្ឋាន និងចម្ការដំណាំតាមបែបធម្មជាតិរបស់អ្នកភូមិកោះទ្រង់។

បន្តដំណើរប្រមាណជា ១៥នាទីទៀត ភ្ញៀវទេសចរ​នឹងទៅដល់ចុងកោះ ដែលមានដើមរការដ៏ធំស្កឹមស្កៃមួយ ឈរបង្អួតខ្លួនយ៉ាងទាក់ទាញ។ ដើមរការចំណាស់ដែលមានកម្ពស់ជាង ៣០ម៉ែត្រនេះ មិនត្រឹមតែជាចំណុចទាក់ទាញ សម្រាប់ភ្ញៀវទេសចរ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីសក្ការៈដ៏ស័ក្តិសិទ្ធកោះទ្រង់ផងដែរ។

អ្នកទេសចរ​ដែលចូលចិត្តភាពស្ងប់ស្ងាត់ និងបរិយាកាសនៅកោះទ្រង់ តែងតែចំណាយពេលស្នាក់នៅទីនេះ ក្រោមការសម្របសម្រួលពីសហគមន៍អេកូទេសចរណ៍កោះទ្រង់។ មិនត្រឹមតែផ្ដល់កន្លែងស្នាក់នៅប៉ុណ្ណោះទេ ក៏មានការចម្អិនម្ហូបអាហារ​ដ៏ឈ្ងុយឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ​ផងដែរ។

ចង់ដឹងកាន់តែច្បាស់ ទស្សនា​វីដេអូពីកម្មវិធីផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕