កិច្ចប្រជុំ លុបបំបាត់ ជំងឺគ្រុនចាញ់ ជំហានចុងក្រោយ គោលដៅឆ្នាំ២០២០
- 2020-10-07 07:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចប្រជុំ លុបបំបាត់ ជំងឺគ្រុនចាញ់ ជំហានចុងក្រោយ គោលដៅឆ្នាំ២០២០
ចន្លោះមិនឃើញ
នារសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ នៅវេលាម៉ោង ៣ រសៀល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) បានបើកកិច្ចប្រជុំពិភាក្សាការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រាប់ជំហានចុងក្រោយនៃការសម្រេចគោលដៅឆ្នាំ២០២០នេះ។
មានការចូលរួមក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡាង តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព និងសកម្មភាពសំខាន់សំដៅកំណត់បានជាយុទ្ធសាស្ត្របន្ថែមលើកិច្ចការការលុបបំបាត់ជំងឺគ្រុនចាញ់បច្ចុប្បន្ន នៅក្នុងខេត្តមួយចំនួនដែលនៅមានអត្រាឈឺនៅឡើយ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ ម.គ.ច និងលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិសាត់ និងមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) ផងដែរ។
ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសពីគ្រប់ភាគីទាំងអស់ ការប្រជុំនេះបានកំណត់នូវចំនូចសំខាន់ៗ សម្រាប់ដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេច ដែលមានដូចខាងក្រោម៖
មន្ត្រីជំនាញទាំង ម.គ.ច និង WHO ត្រូវកំណត់ចំនួនខេត្តដែលនៅមានជំងឺគ្រុនចាញ់ ដើម្បីជម្រុញអនុវត្តន៍ការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៅជំហានចុងក្រោយនៃឆ្នាំ២០២០នេះ។
ផ្តល់ជំនួយបច្ចេកទេសបន្ថែមពីអង្គការសុខភាពពិភពលោក និងការរៀបចំលំអិតលើជំហានចុងក្រោយសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ២០២០ និងឈានទៅគ្មានជំងឺគ្រុនចាញ់ប្រភេទគ្រុនសន្ធំនៅឆ្នាំ២០២៣ (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023)។
ត្រូវធានាឲ្យមានលក្ខណៈបច្ចេកទេសសមស្រប និងធានាឲ្យការអនុវត្តន៍ការលេបថ្នាំការពារជាមុននេះ អាចធ្វើទៅបានដោយរួមបន្ថែមជាមួយកិច្ចការកំពុងតែធ្វើស្រាប់ ដើម្បីជម្រុញឲ្យមានលទ្ធផលល្អប្រសើរសម្រាប់សម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។
ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការជួយស្វែងរកធនធានបន្ថែមសម្រាប់បំពេញកង្វះខាត នៅក្នុងការអនុវត្តន៍សកម្មភាពជាចាំបាច់សម្រាប់ជំហានលុបបពពាត់ជំងឺគ្រុនចាញ់ចុងក្រោយនេះ។
ត្រូវកែសម្រួលការប្រើប្រាស់ពាក្យសំខាន់ៗ សម្រាប់គោលដៅចំណុច ដូចជាពាក្យ អ្នកចូលព្រៃ (Forest-Goer) គួរផ្តូរ ទៅជា អ្នកចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ (Travelers to malaria risk area) ដែលមានន័យរួមបញ្ចូលទាំងអ្នកប្រកបរបរអនុផលនៅក្នុងព្រៃភ្នំ អ្នកទៅបោះជុំរុំនៅតាមព្រៃ ឬអ្នកដើរកម្សាន្តក្នុងព្រៃ ជាដើម ដែលពួកគាត់មានហានិភ័យនៃការឆ្លងជំងឺគ្រុនចាញ់។
ត្រូវប្រើយុទ្ធសាស្ត្រចម្រុះ ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ដោយដាក់បញ្ចូលថ្នាំលាបការពារមូសខាំផងដែរ ការប្រើប្រាស់មុងផង និងការលេបថ្នាំការពារជាមុនផង ដោយរួមបញ្ចូលការពន្យល់ពីរបៀបប្រើប្រាស់ និងការអប់រំសុខភាព ។
ត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ និងលេបថ្នាំការពារជំងឺគ្រុនចាញ់មុនចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ខេត្ត) ដើម្បីកំណត់មុខសញ្ញាបុគ្គលដែលនឹងទៅកាន់តំបន់ប្រឈមជំងឺគ្រុនចាញ់នៅតាមភូមិដែលនៅមានជំងឺគ្រុនចាញ់ប្រមាណជា៦០ភូមិ នៅទូទាំងប្រទេស។
ត្រូបញ្ជាក់ និងបែងចែកតួនាទី និងភារកិច្ច អ្នកដែលចូលរួមក្នុងការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងចំនួនកម្លាំងដែលត្រូវចូលរួមការងារនេះ។
សកម្មភាពការងារសំរាប់ក្រុមដែលចូលទៅកាន់កន្លែងប្រឈមនឹងជំងឺគ្រុនចាញ់ រួមមាន ការផ្តល់មុងរយៈពេលវែង ការផ្តល់ថ្នាំលាបការពារមូសខាំ ការធ្វើតេស្តរកមេរោគគ្រុនចាញ់នៅតាមផ្ទះរាល់សប្តាហ៍ ការអប់រំសុខភាព/បំផុសសហគមន៍/ចលនាសហគមន៍ ផ្តល់ថ្នាំការពារ ការអង្កេតតាមដាន ការតាមដានផលប៉ះពាល់ដែលអាចនឹងកើតមាន និងការព្យាបាល ជាដើម។
ត្រូវពង្រឹងការងារតាមដានជំងឺ តាមដានសកម្មភាពការងារ តាមដានផលប៉ះពាល់ផ្សេងៗ និងការត្រៀមឆ្លើយតបក្នុងករណីមានបញ្ហាជាយថាហេតុ។
ជម្រុញ និងគាំទ្រអ្នកស្ម័គ្រចិត្តតាមភូមិ ដែលជួយលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដោយធ្វើឲ្យមានជំនឿលើការងារអ្នកស្ម័គ្រដែលមានកំណត់ច្បាស់លាស់ សុវត្ថិភាពនៃការធ្វើដំណើរ និងអំពើរំលោភបំពាននានា ជាដើម។
ត្រូវរៀបចំឯកសារលម្អិត ស្របតាមខ្លឹមសារនៃកិច្ចពិភាក្សាគ្នា ដោយកំណត់ឲ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រដែលត្រូវបន្ថែមលើយុទ្ធសាស្ត្រដែលមានស្រាប់ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់នាជំហានចុងក្រោយនេះ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេចជាចុងក្រោយ មុននឹងយកទៅអនុវត្តន៍នៅតាមមូលដ្ឋានដែលនឹងត្រូវកំណត់៕
ប្រភព ៖ ក្រសួងសុខាភិបាល