មានអនុស្សាវរីយ៍បំភ្លេចបាន វណ្ណដា យកថវិកាពីអាល់ប៊ុមដំបូង ទៅធ្វើសប្បុរសធម៌នៅខេត្តព្រះវិហារ
- 2020-10-09 09:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអនុស្សាវរីយ៍បំភ្លេចបាន វណ្ណដា យកថវិកាពីអាល់ប៊ុមដំបូង ទៅធ្វើសប្បុរសធម៌នៅខេត្តព្រះវិហារ
ចន្លោះមិនឃើញ
តារាចម្រៀងរ៉េបល្បីឈ្មោះក្នុងស្រទាប់យុវវ័យ វណ្ណដា បានចុះទៅធ្វើអំណោយសប្បុរសធម៌នៅឯខេត្តព្រះវិហា បន្ទាប់ពីលោកប្រមូលបានថវិកាខ្លះ អាល់ប៊ុមជាលើកដំបូងរបស់ខ្លួនដោយបានទទួលជោគជ័យយ៉ាងខ្លាំង។
កម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា SKULL CHARITY សម្រាប់ជួយដល់គ្រួសារដែលកំពុងមានជីវភាពលំបាក។ បើតាមការបង្ហើបពីក្រុមការងាររបស់តារាចម្រៀង កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមានជីវភាពក្រីក្រចំនួន 83 គ្រួសារ នូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កម្មវិធីទទួលបានការអនុញ្ញាតពីឯកឧត្ដមអភិបាលខេត្តព្រះវិហារ ឯកឧត្ដម ប្រាក់ សុវណ្ណ និងមានការចូលរួមពីលោកអភិបាលក្រុងខេត្តព្រះវិហារ ឯកឧត្តម ប៉ុក ងួន, លោកប្រធានមន្ទីរទេសចរណ៍ ឯកឧត្ដម គង់ វិបុល និង លោក សំ សុ ខេម តំណាងឱ្យក្រុមគ្រួសារ លីហ៊ួត ថែមទៀត។
នេះជាសកម្មភាពទីដែលគេតារាចម្រៀងរ៉េបល្បីឈ្មោះរបស់កម្ពុជា ចេញធ្វើសប្បុរសធម៌ និងបានរើសខេត្តព្រះវិហារ ជាគោលទី១ដូចគ្នា។ បញ្ហានេះ វណ្ណដា លើកឡើងថា លោករើសយកខេត្តនេះ ដោយសារលោកធ្លាប់មានអនុស្សាវរីយខ្លះៗនៅខេត្តនេះ។ លោក ថ្លែងថា ៖ "មូលហេតុដែលខ្ញុំជ្រើសរើសយកខេត្តព្រះវិហារ ដើម្បីប្រារព្ធនូវកម្មវិធីនេះ គឺដោយសារតែខ្ញុំធ្លាប់ធ្វើដំណើរកម្សាន្តមកលេងខេត្តព្រះវិហារ ហើយក៏បានសរសេរចម្រៀងមួយបទនៅទីនេះ។ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំស្រឡាញ់នូវស្នាមញញឹម និងភាពរួសរាយរាក់ទាក់ របស់បងប្អូនដែលរស់នៅទីនេះខ្លាំងណាស់ ដែលជាហេតុជំរុញឱ្យខ្ញុំចង់មកទីនេះម្ដងទៀត"។
វណ្ណដា បន្តថា ក្រោយពីលោកបានចេញអាល់ប៊ុម skull ហើយទទួលបានជោគជ័យខ្លាំង លោកក៏កើតគំនិតចង់ធ្វើរឿងនេះឡើងតែម្ដង។ លោកថា ចូលរួមជាចំណែកតូចមួយនៃកិច្ចការងាររបស់សង្គម ដូចជាការចែកជូននូវអំណោយបន្តិចបន្តួចទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅទីនេះ។
ជោគជ័យលើអាល់ប៊ុមទី១របស់ខ្លួនគឺជារឿងមួយ រឿងមួយទៀត លោកក៏ត្រូវបានលើកទឹកចិត្តពីផ្នែកឯកជនដូចជា Budweiser និង Tiger Sugar ជាដើមដែលផ្នែកឯកជនទាំងពីរនេះ បានជួយទាំងស្មារតី និងថវិកាដែលកាត់ចេញពីចំណែកនៃការលក់របស់ពួកគេដូចគ្នា ទើបជំរុញលោកឲ្យធ្វើរឿងខាងលើចេញមក។ ងាកមកខ្លួនឯងផ្ទាល់ វណ្ណា បង្ហើបថា លោកបរិច្ចាគថវិកា 25% នៃការលក់អាវ SKULL យកមកដាក់ក្នុងកម្មវិធីសប្បុរសធម៌នេះ៕