របៀបទប់ចិត្តកុំឲ្យចាយលុយលើរបស់ដែលខ្លួនចង់បាន តែអត់សូវមានប្រយោជន៍នាំស្ដាយក្រោយ
- 2020-10-18 03:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបទប់ចិត្តកុំឲ្យចាយលុយលើរបស់ដែលខ្លួនចង់បាន តែអត់សូវមានប្រយោជន៍នាំស្ដាយក្រោយ
ចន្លោះមិនឃើញ
បច្ចុប្បន្នកន្លែងដើរ និងញុំាឆ្ងាញ់ៗមានច្រើនពេកហើយ ។ តែបើចាយតាមចង់នោះ អ្នកច្បាស់ជាមិនសល់ទេ សូម្បីលុយសន្សំដើម្បីទុករៀបការ ឬ ធ្វើបុណ្យដាក់ទាន ឬ ដើរលេងចុងឆ្នាំ ។ ដើម្បីកាត់បន្ថយ ភាពស្មុគស្មាញពេលចង់ចាយ ជម្រើសល្អបំផុត អ្នកគួរបង្កើតគោលការណ៍ ចំពោះខ្លួនឯងឲ្យច្បាស់ថា គួរចាយពេលណា ចាយប៉ុន្មានសមល្មម លើអ្វីខ្លះ ជាដើម។ ពេលអ្នកដាក់គោលការណ៍ផ្ទាល់ខ្លួនច្បាស់អីចឹង មិនបាច់គិតច្រើនឡើយ គ្រាន់តែប្រាប់ខ្លួនឯងថា ត្រូវអនុវត្តតាមគោលការណ៍នោះឲ្យបាន។ មនុស្សជោគជ័យទូទាំងពិភពលោក គឺជាមនុស្សដែលមានគោលការណ៍ផ្ទាល់ខ្លួន ហើយមិនដែលល្មើសវា។
ខាងក្រោមនេះជា របៀបទប់ចិត្តកុំឲ្យចាយលុយលើសៗ លើរបស់អត់បានការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៖
១. កំណត់គោលដៅសន្សំលុយឲ្យច្បាស់លាស់ ( ១ ឬ ៥ ឆ្នាំទៀតត្រូវទិញដី ឬផ្ទះឲ្យបាន) ៖ ដេញតាមគោលដៅដែលខ្លួនបានកំណត់នឹងធ្វើឲ្យអ្នកមិនងាយជ្រុលខ្លួនចាយលុយលើរបស់ផ្សេងៗ អត់ប្រយោជន៍ផ្តេសផ្ដាសឡើយ។
២. ធ្វើគម្រោងថវិកាចំណាយ 20/30/50 ៖ ជាមូលដ្ឋាន គឺ គួរបែងចែកប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធរួចរាល់ តាមរូបមន្តដូចជា ៖ ៥០% លើតម្រូវការរស់នៅប្រចាំ (Need), ៣០% លើរបស់ដែលអ្នកស្រលាញ់ (Want) និង ២០% ដើម្បីសន្សំ។
៣. ដាក់លក្ខខណ្ឌជាមួយខ្លួនឯងឲ្យច្បាស់លាស់ក្នុងការចាយ ៖ ចំណុចនេះប្រៀបបាននឹង «ច្បាប់» ដាក់កំហិតលើខ្លួនឯងអីចឹងដែរ បើអ្នកហ៊ានល្មើស នឹងមានទោស។ អ្វីដែលអ្នកត្រូវធ្វើគឺ សរសេវាជាចំណុចៗ ជាក់លាក់លើក្រដាស បិទលើជញ្ជាំងតែម្តង ដូចជា ក្នុងខែនេះ ឈប់ទិញខោអាវ , ឈប់ចូលហាងញុំាអី ,ឈប់ផឹក …។ បើធ្វើបានសម្រេចដល់ដើមខែថ្មី អ្នកក៏គួរកាដូឲ្យខ្លួនឯខ្លះសមល្មមដើម្បីជាលើកទឹកចិត្ត ហើយបន្តចេញគោលការណ៍ថ្មីសម្រាប់ខែបន្ទាប់ ។ ធ្វើបែបនេះបានរាល់ខែ ធានាថាទប់បាន សល់ច្រើនមែនទែន។
៤. បង្កើតតារាងរាល់ការចំណាយ និងចំណូលប្រចាំថ្ងៃ៖ នៅពេលដែលអ្នកមានតារាងចំណាយ និងចំណូលប្រចាំថ្ងៃហើយ អ្នកប្រាកដជាឃើញសាច់ប្រាក់ដែលអ្នកបានចំណាយទៅលើរបស់អ្វីខ្លះ ហើយអ្នកត្រូវការវាចាំបាច់ ឬអត់។
៥. ត្រូវគិតឲ្យបានច្រើនដង មុននឹងសម្រេចចិត្តទិញរបស់អ្វីមួយ ៖ ការគិតលើកទី១ មិនដូចការគិតលើកទី ២ ឬ ទី៣ ទេ។ នៅពេលដែលអ្នកគិតច្រើនដងអំពីរបស់ដែលអ្នកចង់ទិញ អ្នកប្រាកដជាលែងចង់បានរបស់ទាំងនោះ ហើយគិតថាវាជារបស់ដែលអ្នកមិនចាំបាច់ចំណាយលុយដែលអ្នកខំរកមកទាំងលំបាកទៅទិញនោះទេ។
៦. ជៀសវាងការប្រើកាតធនាគារ ដែលឲ្យអ្នកចាយមុន រួចបង់តាមក្រោយ (Credit Card) ៖ មិនថាជាការបង់រំលស់ ឬ ចាយមុនចាំកាត់ប្រាក់ខែសងតាមក្រោយឡើយ(Credit Card) សុទ្ធតែជាការប្រើប្រាស់លុយដោយមិនឃើញសាច់ប្រាក់ ដែលងាយធ្វើឲ្យអ្នកចាយរហូតដល់លង់ខ្លួន។ ការធ្វើបែបនេះ បានធ្វើឲ្យអ្នកចំណាយលុយអស់ជាច្រើនដោយមិនដឹងខ្លួន ទៅលើរបស់ដែលអ្នកសឹងតែមិនប្រើ។
៧. ដាក់លុយជាប់ខ្លួនមួយល្មមពេលដើរផ្សារ ៖ នៅពេលដែលអ្នកដើរផ្សារ អ្នកប្រាកដជាឃើញរបស់ស្អាតៗជាច្រើនអន្ទងចិត្តអ្នក។ ប្រសិនបើអ្នកទប់ចិត្តមិនបាន ហើយមានលុយពេញកាបូបទៀតនោះ អ្នកប្រាកដជាបានរបស់ជាច្រើន ហើយបន្ទាប់មកអ្នកប្រាកដជាស្តាយលុយដែលបានចំណាយលើរបស់ទាំងនោះមិនខាន។ វិធីល្អ គឺមានតែយកលុយទៅល្មមដែលអ្នកចង់ទិញរបស់ចាំបាច់ទេ។
៨. ទៅដើរផ្សារជាមួយអ្នកពូកែសន្សំ ៖ អ្នកប្រាកដជាមានបងប្អូន ឬមិត្តភក្តិដែលរិះថាំ មិនងាយនឹងចំណាយលុយផ្តេសផ្តាសឡើយ។ នៅពេលដែលអ្នកដើរផ្សារជាមួយពួកគាត់ ពួកគាត់ប្រាកដជាហាម ឬ ទប់អ្នកមិនឲ្យទិញរបស់ប្រើប្រាស់ដែលមិនចាំបាច់នោះទេ។
៩. ជៀសវាងការទិញរបស់បញ្ចុះតម្លៃ ៖ កុំឲ្យតែឃើញគេបញ្ចុះតម្លៃ ចេះតែប្រមូលទិញមិនបានគិតគូរច្បាស់នោះ។ អីវ៉ាន់បញ្ចុះតម្លៃខ្លះ ល្អតែនៅក្នុងហាងទេ ពេលយកមកដល់ផ្ទះ ខ្លះអាចខូចនេះ ខូចនោះ ប្រើមិនកើត ពេលនោះហើយជាពេលដែលអ្នកស្តាយលុយដែលខំមកដោយលំបាក។
១០. ត្រូវគិតថាអ្នកមានរបស់ប្រើប្រាស់គ្រប់គ្រាន់ហើយ ៖ ទោះបីជាមានទូរសព្ទ ខោអាវចេញម៉ូដថ្មី ក៏អ្នកត្រូវតែគិតថា ខ្លួនឯងមានប្រើហើយ ខោអាវក៏មានស្លៀកគ្រប់គ្រាន់ដែរ។ នៅពេលដែលអ្នកគិតបែបនេះ របស់របរដែលអ្នកបានឃើញនោះ ពិតជាលែងសំខាន់ អ្នកលែងចង់បានដូចមុនហើយ។
១១. Unfollow ឬ unlike ផេកលក់ខោអាវ ឬ ស្បែកជើង ៖ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកលេងហ្វេសប៊ុក ឬ Instagram បានដោយធូរចិត្ត ដោយមិនច្រឡំដៃកុម៉្មង់អីវ៉ាន់ តាមចិត្តក្តៅរបស់អ្នក ពីអ្នកលក់អនឡាញនោះទេ។
១២. កុំបណ្តោយឲ្យខ្លួនឯងទំនេរ (រកការងារធ្វើឲ្យរវល់ កើនទាំងចំណេះ និងជំនាញ) ៖ គួរព្យាយាមច្នៃពេលវេលារបស់អ្នកឲ្យទៅជាលុយ ដូចជាការក្រៅពីរៀន អ្នកអាចធ្វើការងារក្រៅ (freelance ) ឬ បង្កើត ផេកលក់របស់អនឡាញផ្សេងៗ តាមទេពកោសល្យខ្លួនឯង។ សំខាន់បើអ្នកចេញរកលុយខ្លួនឯង អ្នកនឹងដឹងថាលុយពិបាករក ដូច្នេះមិនចាយខ្ជះខ្ជាយៗនោះទេ។
១៣. មានផែនការវិនិយោគហិរញ្ញវត្ថុ ៖ លុយសន្សំបានច្រើន ទុកក្នុងទូនៅផ្ទះ អាចមើលឃើញរាល់ថ្ងៃ ហើយចង់ចាយ។ អ្នកគួរតែដាក់បញ្ញើលុយសន្សំនៅធនគារដែលទុកចិត្តបាន ដើម្បីយកការប្រាក់ ឬ តាមវិធីវិនិយោគធានាសុវត្ថិភាពផ្សេងៗទៀត ដើម្បីឲ្យលុយអាចទៅបង្កើតលុយថ្មីថែមទៀត ។
១៤. ចង់ដើរលេង គិតដល់កន្លែងអត់អស់លុយមុនគេ ៖ ភាពរីករាយក្នុងជីវិត ក្រៅពីសន្សំលុយបានច្រើនហើយ ក៏មិនអាចខ្វះការកម្សាន្តលំហែរអារម្មណ៍នោះទេ។ មិនខ្វះទេកន្លែងដើរលេងសប្បាយៗ ហើយអត់អស់លុយ ដូចជា ការដើរហាត់ប្រាណតាមសួនច្បារសាធារណៈ, មាត់ទន្លេ ,ទៅបណ្ណាល័យអានសៀវភៅ ឬ ធាក់កង់លេងតាមភូមិជាដើម។ អ្នកក៏អាចដើរលេងតាមផ្សារទំនើបៗបានដែរ ជាជាងផ្តោតលើទំនិញថ្មីៗ អ្នកអាចអង្កេតមើលពីរបៀបធ្វើអាជីវកម្ម ឬ ដើរទីផ្សារ (Marketing) របស់គេ។
១៥. ត្រួតពិនិត្យមើលលុយដែលខ្លួនសន្សំបានកន្លងមក ៖ ដើម្បីផ្តល់កម្លាំងចិត្តដល់ខ្លួនឯងឲ្យបន្តសន្សំលុយថែមទៀតឲ្យបានកាន់តែច្រើន ត្រូវឧស្សាហ៍ពិនិត្យមើលគណនីសន្សំលុយរបស់ខ្លួនឲ្យបានញឹកញាប់។
ទោះវ័យណា ឬ មានទ្រប្យប៉ុណ្ណាក៏ដោយ ទម្លាប់ចាយលុយប្រកបដោយប្រសិទ្ធភាពខ្ពស់ ឬ ចាយលុយឲ្យត្រូវបទ នឹងធ្វើឲ្យអ្នកកាន់តែវាងវៃឡើងជារឿយៗ ហើយនឹងមិនសូវជួបបញ្ហាឲ្យឈឺក្បាល ដូចជាចាញ់បោកគេ ឬ វិនិយោគខុសដែលនាំឲ្យអ្នកស្តាយក្រោយ ៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព
អត្ថបទទាក់ទង ៖