«BookLab»កម្មវិធីបង្កើតសៀវភៅថ្មី បានដាក់ដំណើរការដោយបូករួមយោបល់របស់កុមារ

  • 2020-10-20 04:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ការប្រើប្រាស់ធនធានអប់រំឌីជីថល មានការកើនឡើងក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ទាំងនៅប្រទេសកម្ពុជា និងទូទាំងសកលលោក។ អង្គការមូលនិធិអាស៊ី បានរៀបចំកម្មវិធី BookLab (កម្មវិធីបង្កើតសៀវភៅ) លើកទីប្រាំបួន របស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីបង្កើតសៀវភៅរឿងកុមារថ្មីចំនួនដប់ចំណងជើងបន្ថែមទៀត ដើម្បីចែកចាយជាសាធារណនៅលើបណ្ណាល័យឌីជីថល។

នៅក្នុងដំណើរការនៃការសរសេររឿងលើកនេះ អ្នកនិពន្ធ រួមទាំងអ្នកដឹកនាំកម្មវិធី បានរៀបចំកម្មវិធីជំនួបជាមួយកុមារដោយផ្តល់ឱកាសឱ្យអ្នកនិពន្ធជួបជជែកពិភាក្សាជាមួយកុមារដែលជាអ្នកអានគោលដៅ ដើម្បីស្វែងយល់ពីគំនិត ចំណង់ចំណូលចិត្ត អារម្មណ៍របស់កុមារ ដែលនេះជា ព័ត៌មានដែលអ្នកនិពន្ធអាចយកមករួមបញ្ចូលជាគំនិតក្នុងដំណើរការនៃការបង្កើតសាច់រឿង។

អ្នកស្រី មេឡូនី លីនប៊ឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងលោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ នៃក្រុមហ៊ុន ស្មាត អស្យាតា បានផ្តល់កិត្តិយសចូលរួមបើកកម្មវិធី BookLab ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ។

អ្នកស្រី មេឡូនី លីនប៊ឺក មានប្រសាសន៍ថា៖ «សៀវភៅរឿងទាំងនេះ ផ្តោតទៅលើប្រធានបទ ៖ គ្រួសារ សហគមន៍ និង មិត្តភាព។ ក្នុងកម្មវិធី BookLab លើកទី៩ នេះ យើងបានបន្ថែមវិធីសាស្រ្តថ្មីក្នុងដំណើរការនៃការនិពន្ធសៀវភៅដោយផ្តល់ឱកាសឱ្យអ្នកនិពន្ធជួបជាមួយនឹងកុមារដើម្បីសិក្សា និងទទួលបានគំនិត យោបល់ និងចំណង់ចំណូលចិត្តរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា វិធីសាស្រ្តនេះ នឹងធ្វើឱ្យគុណភាពសៀវភៅរបស់យើងកាន់តែល្អបន្ថែមទៀត និងអាចទាក់ទាញចំណាប់អារម្មណ៍កុមារបន្ថែមទៀត នៅពេលដែលពួកគេអានសៀវភៅទាំងនេះ» ។

អង្គការមូលនិធិអាស៊ី សហការជាមួយនឹងអង្គការឆាលហ្វានកម្ពុជា ដើម្បីរៀបចំការជួបជុំរវាងអ្នកនិពន្ធ និងកុមារស ដើម្បីឱ្យពួកគាត់អាចជជែកពិភាក្សាដើម្បីស្វែងយល់នូវគំនិតយោបល់សម្រាប់ការនិពន្ធរឿង ។ មុននឹងដាក់ចេញសៀវភៅទាំងនោះជាសាធារណៈ សៀវភៅទាំងនោះ នឹងត្រូវបានយកទៅដាក់បង្ហាញ និងសុំមតិយោបល់បន្ថែមទៀតពីកុមារទាំងនោះ។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វាន កម្ពុជា មានប្រសាសន៍ថា៖ «ជាទូទៅ គេនិយាយថាកុមារកម្ពុជា មិនចូលចិត្តអាន។ នេះមិនមែនជាការសន្និដ្ឋានដែលត្រឹមត្រូវនោះទេ។ កុមារខ្លួនឯងទើបដឹងច្បាស់ថាសៀវភៅមួយណាដែលពួកគេចូលចិត្តអាន ដូច្នេះការពិភាក្សាជាមួយកុមារា កុមារី ទើបស្ថាប័នអភិវឌ្ឍន៍វិស័យអប់រំ អាចផលិតបាននូវធនធានអំណានដ៏សម្បូរបែបដែលសមស្របតាមវប្បធម៌ អាយុ និងចំណាប់អារម្មណ៍ របស់កុមារ។ យើងជឿជាក់ថា ឱកាសក្នុងការទទួលបានសៀវភៅដែលមានគុណភាព ភាពរីករាយក្នុងការអាន និងការរីកចម្រើនក្នុងការអាន ពិតជាមានទំនាក់ទំនងនឹងគ្នា»។

គម្រោង Let’s Read ត្រូវបាន ឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata តាមរយៈកិច្ចសហការយូរអង្វែង ជាមួយនឹងអង្គការមូលនិធិអាស៊ី ដែលជាក្រុមហ៊ុនស្មាតជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខគេនៅប្រទេសកម្ពុជា។ លោក គាំ ទីវា មានប្រសាសន៍ថា៖ «ការរួមបញ្ចូលនូវគំនិត យោបល់របស់កុមារនៅក្នុងដំណើរការនៃការផលិតរឿងនិទានកុមារ ពិតជាធ្វើឱ្យសៀវភៅរឿងទាំងនោះ មានគុណភាពខ្ពស់»

«ខ្ញុំសង្ឃឹមថាសិស្សានុសិស្ស នឹងរីករាយក្នុងការអានសៀវភៅរឿងទាំងនេះ ដែលយោបល់របស់ពួកគេត្រូវបានយកចិត្តទុកដាក់ ជាពិសេសនៅក្នុងពេលវិបត្តិជំងឺកូវីដ១៩នេះ ដែលសៀវភៅឌីជីថល ពិតជាមានសារសំខាន់ និងងាយស្រួលបំផុតក្នុងដំណើរការនៃការរៀនអាន និងសិក្សារៀនសូត្រ។ ក្រុមហ៊ុនស្មាត បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បទពិសោធន៍នៃការសិក្សារៀនសូត្រតាមប្រព័ន្ធឌីជីថល នៅកម្ពុជា» ។

គួររំឮកផងដែរថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ដោយមានការឧបត្ថមពីក្រុមហ៊ុនស្មាត អង្គការមូលនិធិអាស៊ី បានរៀបចំកម្មវិធីអនឡាញបកប្រែសៀវភៅពីរលើក នៅក្នុងខែមិថុនា និងខែកក្កដា ២០២០ ដោយមានអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញផ្នែកភាសាខ្មែរ ជាង ១៧០នាក់ ចូលរួមគ្នាក្នុងការបកប្រែសៀវភៅកុមារ ៦០ក្បាល ពីភាសាអង់គ្លេស ទៅភាសាខ្មែរ។

«យើងពិតជាសប្បាយចិត្តដោយមានអ្នកស្ម័គ្រចិត្តជាច្រើនបានដាក់ពាក្យក្នុងការជួយបកប្រែសៀវភៅកុមារទាំង ទាំង៦០ចំណងជើងនោះ ពីភាសាអង់គ្លេសមកភាសាខ្មែរ»។ អ្នកស្រី មេឡូនី លីនប៊ឺក បន្ថែម។

បណ្ណាល័យឌីជីថល Let’s Read បានបង្កើនចំនួនចំណងជើងរឿងកុមារជាភាសាខ្មែរ រហូតដល់ជាង ៤០០ក្បាល និងមានសៀវភៅរឿងសរុបជិត ៥០០០ ចំណងជើង សរសេរជា ៣៧ ភាសាផ្សេងគ្នា។ បណ្ណាល័យឌីជីថលនេះ បានឆក់យកឱកាសក្នុងយុគសម័យដែលទូរស័ព្ទស្មាតហ្វូន និងថេប្លែតកំពុងតែពេញនិយម ហើយសាធារណជនក៏អាចរកអាន ទាញយក ឬព្រីនចេញជាសៀវភៅតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទ Android។ ទិន្នន័យបង្ហាញថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ បណ្ណាល័យឌីជីថល Let’s Read មានការចូលអានច្រើនជាងមុនពីសំណាក់សាធារណជន។

គម្រោង Let’s Read គឺជាកិច្ចផ្តួចផ្តើម របស់អង្គការមូលនិធិអាស៊ី ហើយក៏ជាគម្រោងដែលកំពុងរីកដុះដាលយ៉ាងលឿន ដោយពឹងផ្អែកទៅលើទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ការិយាល័យរបស់មូលនិធិអាស៊ី ក្នុងប្រទេសទាំង១៨នៅទ្វីបអាស៊ី ជាមួយនឹងសហគមន៍ក្នុងតំបន់ ក្នុងការកសាងបណ្ណាល័យឌីជីថលសម្រាប់កុមារ ជាភាសាក្នុងតំបន់។ សៀវភៅរឿងក្នុងបណ្ណាល័យស្ថិតនៅក្រោម ប្រធានបទផ្សេងៗដូចជា បរិស្ថាន ភាពចម្រុះគ្នា ការតស៊ូ និងការអត់ឱន យេនឌ័រ និងស្ទែម (STEM) ។

Let’s Read ក៏មានគោលបំណងបណ្តុះនូវទម្លាប់អានដែលអាចជួយឱ្យកុមារ ក្រុមគ្រួសាររបស់គាត់ និងសហគមន៍របស់គាត់ មានភាពរីកចម្រើន។ អំឡុងពេលនេះដែរLet’s Read កបន្តកសាងនិងប្រមូលផ្តុំសហគមន៍អ្នកបង្កើតសៀវភៅ និងអ្នកបកប្រែសៀវភៅដែលចង់ឃើញអនាគតដែលពោរពេញទៅដោយសៀវភៅកុមារដែលមានគុណភាព។បណ្ណាល័យឌីជីថល Let’s Read អាចប្រើប្រាស់បានតាមរយៈកម្មវិធីទូរស័ព្ទដៃAndriod ដែលមានឈ្មោះថា៖ Let’s Read Digital Library for Children ឬតាមគេហទំព័រ៖ www.LetsReadAsia.org