គួរដឹង! ៤ ចំណុចដើម្បីរក្សាគុណភាពទឹកដោះគោស្រស់ ឲ្យនៅវីតាមីនពេញលេញ

  • 2020-10-27 09:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

មនុស្សគ្រប់គ្នាប្រាកដជាដឹងអំពីអត្ថប្រយោជន៍នៃទឹកដោះគោស្រស់ ដែលមានផ្ទុកនូវសារជាតិវីតាមីន ប្រូតេអ៊ីន ខ្លាញ់ រួមទាំងសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាព ឆ្អឹងរឹងមាំ និងរាងកាយទាំងមូល។ ប៉ុន្តែគ្រាន់តែការដឹងអំពីអត្ថប្រយោជន៍របស់ទឹកដោះគោស្រស់សុទ្ធ វាមិនគ្រប់គ្រាន់ទេ។

អ្នកត្រូវដឹងពី របៀបរក្សាគុណភាពទឹកដោះគោស្រស់ ឲ្យនៅមានសារធាតុចិញ្ចឹមពេញលេញទើបធ្វើឲ្យរាងកាយអ្នកទទួលបាន លទ្ធផលល្អនៅពេលផឹក។ ចំណុចតូចៗ ៥ ដែលអ្នកគួរតែដឹង ដើម្បីរក្សាគុណភាពទឹកដោះគោស្រស់នោះ មានដូចជា៖

១. ជាឥវ៉ាន់ចុងក្រោយដែលអ្នកទិញ៖ នៅពេលដែលទៅផ្សារទំនើប ដើរទិញអីវ៉ាន់ផ្សេងៗ ហើយមានបំណងចង់ទិញទឹកដោះគោស្រស់ដែរនោះ អ្នកគួរតែទិញអីវ៉ាន់ផ្សេងៗឲ្យហើយសិន សឹមទិញទឹកដោះគោស្រស់តាមក្រោយ។ ការធ្វើបែបនេះ ដើម្បីរក្សាគុណភាពទឹកដោះគោស្រស់ ព្រោះវាមិនអាចនៅក្រៅលើសពីពីរម៉ោងនោះទេ។

២. ជាឥវ៉ាន់ដំបូងដែលត្រូវដាក់ទូទឹកកក៖ នៅពេលដែលអ្នកទៅដល់ផ្ទះភ្លាម អ្នកត្រូវដាក់ទឹកដោះគោស្រស់ចូលក្នុងទូទឹកកកមុនគេ ដើម្បីឲ្យវានៅរក្សាគុណភាពដដែល។ យ៉ាងណាមិញទូទឹកកករបស់អ្នក ត្រូវមានសីតុណ្ហភាព ៤អង្សាសេ ទើបអាចធ្វើឲ្យទឹកដោះស្រស់នេះ នៅមានគុណភាពដដែល ទោះបីជាបើកគម្របរួចក៏ដោយ។

៣. ដាក់ឲ្យត្រូវកន្លែង៖ ទឹកដោះគោស្រស់ គួរតែដាក់នៅផ្នែកខាងក្រោម នៃទូទឹកកក ដែលជាកន្លែងដែលត្រជាក់បំផុត តែមិនមែនកន្លែងកកទេ។ អ្នកគួរជៀសវាងដាក់នៅទ្វារទូទឹកកក ,មិនត្រូវដាក់ជិតម្ហូបដែលមានក្លិន និងមិនត្រូវបើកទូទឹកកកយូរ ដែលអាចធ្វើឲ្យខូចគុណភាពមុនពេលកំណត់។

៤. រក្សាទឹកដោះគោស្រស់ក្នុងរូបរាងដើម៖ អ្នកមិនត្រូវផ្ទេរទឹកដោះស្រស់ដាក់ក្នុងដបផ្សេង ក្រៅពីដបដើមទេ។ នៅពេលដែលអ្នកផ្ទេរទៅដបទឹកសុទ្ធធម្មតា ឬដាក់កែវហើយនៅតែដាក់នៅក្នុងទូទឹកកកដដែលនោះ វាធ្វើឲ្យបាត់បង់រសជាតិ និងគុណភាពរបស់វា។ អ្នកក៏មិនត្រូវទុកវាចោលនៅក្រៅទូទឹកកកក្នុងរយៈពេលយូរ ឬត្រូវកម្តៅថ្ងៃផងដែរ៕

អត្ថបទ៖ Saroeun Sophearom