ក្រុមហ៊ុនយក្ស Google អបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា

  • 2020-11-09 03:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនយក្សរបស់អាមេរិកដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា Google បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជាដោយក្រុមហ៊ុននេះបានដាក់ទង់ជាតិកម្ពុជាកំពុងបក់នៅលើពាក្យGOOGLE នៅទំព័រដើមរបស់ខ្លួន google.com នៅថ្ងៃនេះ។

នេះក៏មិនមែនជាលើកទីមួយនោះដែលដែលក្រុមហ៊ុនយក្សមួយនេះធ្វើបែបនេះ ការផ្លាស់ប្តូរបែបនេះភាគច្រើនកើតមាននៅពេលមានព្រឹត្តិការណ៍ធំៗចាប់អារម្មណ៍នៅលើកពិភពលោក ហើយក្រុមហ៊ុននេះនឹងរចនានៅផ្នែកនៃទំព័រដើមរបស់ខ្លួននៅតាមព្រឹត្តិការណ៍ដែលកំពុងកើតនោះ។

សូមបញ្ជាក់ថា នៅកម្ពុជាថ្ងៃនេះគឺជាថ្ងៃ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ដែលជាខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃការទទួលបានឯករាជ្យរបស់កម្ពុជាពីប្រទេសបារាំង ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២០។ ក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជាឆ្នាំនេះគឺមិនខុសពីឆ្នាំមុនៗនោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែរៀបចំកម្មវិធិដូចសព្វដង ដែលនាព្រឹកថ្ងៃទី៩ វិច្ឆិកា នៅជុំវិញវិមានឯករាជ្យ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ នរោត្តម សីហមុនី យាងមកប្រទានភ្លើងជ័យ អមដោយសម្តេចព្រះសង្ឃរាជទាំង២គណ: ថ្នាក់ដឹកនាំកំពូលពីស្ថាប័នថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ អគ្គរដ្ឋទូត រាជទូតទាំងអស់ប្រចាំនៅកម្ពុជា មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ចូលរួមដើម្បីអបអរសាទរ។

ទិវាបុណ្យឯករាជ្យជាតិកម្ពុជាឆ្នាំ២០១៩កន្លងទៅ

នៅរសៀលថ្ងៃទី១១ វិច្ឆិកា ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នឹងយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ អមព្រះរាជដំណើរដោយថ្នាក់ដឹកនាំពីស្ថាប័នថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ សម្តេចព្រះសង្ឃរាជទាំង២គណ: អគ្គរដ្ឋទូត រាជទូតទាំងអស់ប្រចាំនៅកម្ពុជា មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដូចថ្ងៃប្រទានភ្លើងជ័យដូចគ្នាផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា