ពាក្យ«ព្រះករុណាពិសេស» និង«អង្គម្ចាស់ជីវិតលើត្បូង» ប្រើចាប់ពីពេលណាមក?
- 2020-11-11 09:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ«ព្រះករុណាពិសេស» និង«អង្គម្ចាស់ជីវិតលើត្បូង» ប្រើចាប់ពីពេលណាមក?
ចន្លោះមិនឃើញ
ពាក្យ «ព្រះករុណាពិសេស» និង**«អង្គម្ចាស់ជីវិតលើត្បូង»** គឺត្រូវបានបង្កើតក្នុងឆ្នាំ១៨៤៨ ក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ព្រះបរមកោដ្ឋ នេះបើយោងតាមឯកសាររបស់មជ្ឍមណ្ឌលឯកសារកម្ពុជា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជាសតវត្សរ៍ទី១នៃគ្រិស្គសករាជរហូតមក» របស់អ្នកនិពន្ធ អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា ដែលបោះពុម្ភនៅឆ្នាំ១៩១៤។
នៅត្រង់ឃ្លាមួយនៃឯកសារនោះបានសរសេរថា **«នៅឆ្នាំ១៨៤៨ ទ្រង់បានសម្រេចប្តូរពិធីការឲ្យគេហៅ ព្រះរាជាថា “ព្រះករុណពិសេស” និង “ អង្គម្ចាស់ជីវិតលើត្បូង” វិញ។»**
ពាក្យថា «ព្រះករុណាពិសេស» និងពាក្យ «អង្គម្ចាស់ជីវិតលើត្បូង» គឺជាព្រះរាជសព្ទដែលមន្ត្រី ក៏ដូចប្រជានរាស្ត្រថ្វាយបង្គំទៅព្រះមហាក្សត្យដែលកំពុងសោយរាជ្យដោយជំនួសពាក្យព្រះរាជា និងព្រះនាមព្រះមហាក្សត្យអង្គនោះ។ ឧទាហរណ៍៖ ទូលព្រះបង្គំជាខ្ញុំករុណាសូមថ្វាយបង្គំព្រះករុណពិសេស ឬព្រះករុណាថ្លៃពិសេស និងខ្ញុំករុណាសូមថ្វាយបង្គំអម្ចាស់ជីវិតលើត្បូង ឬព្រះករុណជាអម្ចាស់ជីវិតកម្កល់លើត្បូង។ តែនាពេលបច្ចុប្បន្នរាជសព្ទនៃពាក្យនេះបានប្រើពាក្យ «ព្រះករុណាថ្លៃវិសេស» «ព្រះករុណជាអម្ចាស់ជីវិតលើត្បូង»វិញ។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បញ្ជាក់ថា ពាក្យ ពិសេស និងវិសេស គឺជាពាក្យតែមួយទេ តែពាក្យនេះមានន័យច្រើន។
លិខិតថ្វាយព្រះពររបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមានពាក្យ «ព្រះករុណាថ្លៃវិសេស»៖
ខាងក្រោមនេះពាក្យន័យដូចនឹងពាក្យ**«ព្រះរាជា»**៖
- ព្រះករុណាជាអម្ចាស់
- ព្រះករុណាជាអម្ចាស់លើត្បូង
- ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
- ព្រះចមចក្រពង្ស
- ព្រះចក្រពត្រាធិរាជ
- ព្រះចៅក្រុងកម្ពុជា
- ព្រះចៅផែនដី
- ព្រះនរបតី
- ព្រះនរិន្ទនរបតី
- ព្រះបរមនាថ
- ព្រះបរមពិត្រ
- ព្រះភូធរ
- ព្រះមហាក្សត្រ
- ព្រះមហាក្សត្រាធិរាជ
- ព្រះរាជាធិរាជ
- ព្រះសម្មតិទេព
- ហ្លួង