មើល​ឈុត​តំណាង​ជាតិ​ទាំង​២០ Miss Universe Cambodia ឈ្មោះ​ពីរោះៗ អត្ថន័យ​​ពិត​ជា​ស៊ីជម្រៅមែន!

  • 2020-11-13 08:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​វគ្គ​២០នាក់​ចុង​ក្រោយ​នៃ​កម្មវិធី​ប្រឡង​បវរចក្រវាឡកញ្ញា​កម្ពុជា ឬ Miss Universe Cambodia 2020 យប់​មិញ ប្រិយមិត្ត​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​បេក្ខនារី​ទាំង ២០​រូប​បាន បង្ហាញ​ឈុត​តំណាង​ជាតិ​រៀង​ៗ​ខ្លួន ស្រប​ពេល​ដែល​ឈុត​នីមួយ​ៗ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន​នៅ​លើ​បណ្ដាញ​សង្គម។

ឈុត​ទាំង​២០​នោះ ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​រចនា​មាន​ទេពកោសល្យ​ចំណាន​ៗ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។ ចំណុច​គួរ​ចាប់​អារម្មណ៍​នានា គឺ​ផ្អែក​លើ​ស្នាដៃ​រចនា​ដែល​មាន​ភាព​ទាក់​ទាញ​រៀង​ៗ​ខ្លួន ខណៈ​ដែល​ឈ្មោះ ក៏​ពីរោះ ព្រម​ទាំង​អត្ថន័យ​ក៏​ស៊ី​ជម្រៅ​គួរ​ឲ្យ​ស្ងប់ស្ងែង​ថែម​ទៀត។ តោះ...ឥឡូវ​ទស្សនា និង​ស្វែងយល់​ទាំង​អស់​គ្នា៖

១."ឈុត ខត្តិយៈក្សត្រី​បាពួន" ច្នៃ​ម៉ូដ និង​តម្លើង​ឈុត​ដោយ​លោក ស៊ី​សាក់ បូរិន ហៅ ទឹកគ្រឿង ស្លៀក​ដោយ​បេក្ខនារី សុង សៀវម៉ី៖

ឈុត​នេះ​រចនា​ឡើង​តាម​រចនាបថ​បាពួន​ដែល​ស្ថិត​ក្នុង​អំឡុង​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី១១ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​បុរាណ គ្រង​សំពត់​ចរបាប់។ នៅ​ព្រះហស្ថ​ឆ្វេង​កាន់​ព្រះខ័ន​ដែល​ជា​គ្រឿង​សាស្រ្តា​មួយ​ប្រភេទ មាន​សណ្ឋាន​ដូច​នឹង​ផ្លែ​លំពែង។ ឈុត​នេះ បង្ហាញកិត្យានុភាព តម្លៃ ភាពរឹងមាំ អង់អាចក្លាហានរបស់ស្រ្តីខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចនានា ទាំងការងារក្នុងសង្គម និងគ្រួសារ។"

២."ឈុត នារី ទាំង វេឡាំង# រចនាដោយក្រុមច្នៃម៉ូតវ័យក្មេង Lu Lus និង P’derm Fashion ស្លៀក​ដោយ​បេក្ខនារី នេត រក្សា៖

បានយកលំនាំតាមជនជាតិភាគតិច ហៅពូនង (ភ្នង)។ ឈុតនេះបានបង្ហាញពីភាពអង់អាចក្លាហ៊ាន និងរឹងមាំដូចសត្វទន្សោង។ តុបតែងលំអគ្រឿង ដោយត្បូងទទឹមតំណាងអោយភាពសំបូរសប្បាយនៃសម្បត្តិធម្មជាតិ ពណ៌នៃក្រណាត់បង្ហាញពីអត្តសញ្ញាណជនជាតិដើម និងឧបករណ៍ភ្លេងដែលហៅថា គងឃ្មោះ ដែលជាឧបករណ៍​តន្ត្រី​ប្រើ​សំរាប់​ពិធី​បុណ្យ​ផ្សេងៗ។ ឈុតនេះបានរចនាដោយយកចិត្តទុកដាក់ក្នុងគោលបំណងចង់លើកកំពស់សិទ្ធស្មើគ្នា ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ចំណេះ​ដឹង និងសិទ្ធសេរីភាពរបស់ជនជាតិដើមភាគតិចទាំងអស់។"

៣."ឈុត កូម៍ៈ​(អណ្ដើកហ្លួង)" រចនាដោយលោក ប៉ែន​ តារាឡាក់គី និងលោក សុខ ថេន" ស្លៀក​ដោយ​បេក្ខនារី វង្ស សោភា៖

គឺជា​​ឈ្មោះ​សត្វអណ្ដើក​​ ដែល​ក្រឡា​ខ្លួន​ដោយព្រះវិស្ណុ​ នៅ​ត្រង់​វគ្គ​កូរសមុទ្​រទឹកដោះ​ នៅ​ក្នុងរឿង​ “រាមកេរ្តិ៍”​ ។ រចនាមក្កុដ​ជាក្បាលអណ្ដើកហ្លួង ស្បៃមុខជាខ្សែអង្កាំ ជាមួយ​និង​ស្នូក​មាន​រាង​សំប៉ែត​ អមដោយខ្សែអង្កាំជាជួរ​ ។ សក់ក្រងលំនាំរចនាបថសក់​អប្សរា​ បន្ថែមដោយ សុរ៉ងកនាដការី។ ទម្រង់​សំពត់ អប្សរា ស្បៃសងខាងតំណាងអោយទឹក ហៅ​ថា​ស្បៃគង្គា ឯដៃខាងឆ្វេងមានកាន់ពងអណ្ដើកហ្លួង។ សម័យមុន មានតែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ ដែល​អាច​សោយ​ពង​របស់​វា​បាន​។ នៅ​កម្ពុជា អណ្ដើក​ហ្លួង​មានតែ​ក្នុង​តំបន់​ព្រែក​ស្រែអំបិល​តែមួយគត់ ដែល​ជា​ទីជម្រក​ធម្មជាតិ​របស់​វា​។"

៤."ឈុត រាជេន្ទ្រលក្ស្មី យសោធរៈ" កាត់ដេរ​ឈុត​ដោយនារសារ​កាត់ដេរ រចនាឈុតដោយ ក្រុមទេពនិករ គូររូបដោយ ចន សុវណ្ណឌី" ស្លៀក​ដោយ​បេក្ខនារី ហ៊ាង ស៊ុជិ៖

ដកស្រង់ចេញពីគ្រឿងអលង្កាមាស និងរូបចំលាក់ក្នុងសម័យអង្គរ។​ ឈុតនេះគឺជាឈុតទេពអប្សរ ប្រៀបបានដូចជា អ្នក​ម្នាង ឬ​ព្រះស្នំ នាសម័យអង្គរ ក្នុងព្រះហត្ថរបស់ព្រះនាង មានកាន់នូវគ្រឿងដង្ហែថ្នាក់ខ្ពស់ សម្រាប់បាំងកំដៅថ្ងៃ ដែលខ្មែរប្រើក្នុងព្រះរាជពិធីផ្សេងៗ ឬក្បួនដង្ហែរធំៗ តាំងពីបុរាណរៀងមក ដែលមានដូចជា បាំងសូរ្យ បាំងសែង ចាមរ ប៉ៃមន សែនត្វ័ន ភូតាន វិាលជនី ជាដើម។ "

៥."ឈុត មុន្នីមេខលា​ ធីតារក្សាដែន​សមុទ្រ​" ច្នៃ​ម៉ូដ​ និង​តម្លើងដោយ​:លោក ស្ករគ្រាប់" ស្លៀក​ដោយ​បេក្ខនារី លន់ គឹមហ៊ាង។

នាង មុន្នីមេខលា​ មានចិត្តអង់អាចក្លាហាន ទទួលបានជ័យជំនះក្នុងការប្រមូលទឹកសន្សីមដាក់កែវ​ ហេីយបាន​ទទួល​ឥទ្ធិ​រិទ្ធដោយក្រវីត្បួងកែវ​ហោះទៅលេីអាកាសឆ្គោះទៅ​មហាសាគរ​ ប្រយុទ្ធគ្នាជាមួយ​យក្សរាមាសូរ​ដែលធ្វេីអោយមានផ្គររន្ទះនោះឯង​។ ពេលមេឃភ្លៀងម្ដងៗ មានផ្គររន្ទះធ្វេីអោយប្រជាជនខ្មែរជឿរថាផ្គររន្ទះនោះកេីតចេញពី​ ការវាយដណ្ដេីមគ្នាយកត្បូងកែវ​មុន្នី!"។

៦."ឈុត ទេពរួបរួម" ច្នៃ​ម៉ូដ និង​តម្លើង​ដោយ​:​ លោក មាឃ គួន ស្លៀក​ដោយ​បេក្ខនារី លឹម សាំងលី៖

មុនឥទ្ធិពលជំនឿសាសនាពីឥណ្ឌាចូលមក ប្រជាជនខ្មែរមានជំនឿ និងការគោរពលើដួងព្រលឹងបុព្វបុរស អារ័ក្ស អ្នកតា និងធម្មជាតិជាដើម។ ក្រោយមកព្រហ្មញ្ញសាសនា ក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរ មានការគោរពប្រតិបត្តិយ៉ាងខ្លាំង ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម មួយផ្នែកទៀតមានជំនឿលើព្រះសិវៈនិយម។ ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិតំណាងវិស្ណុ ហរៈតំណាងសិវៈ)"។

៧."ឈុត បទុមអប្សរសួគ៌" ច្នៃម៉ូត និង​តម្លើង​ឈុត​ដោយ​លោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង" ស្លៀក​ដោយ​បេក្ខនារី សាំង នីដា៖

​អប្សរា ជាស្រីទេពអប្សរ​ នឹងស្រីរាំសួគ៌ ជាមាតារបស់របាំអាណាចក្រខ្មែរ មានប្រភពមកពីការកូរសមុទ្រទឹកដោះរវាង​ទេវតា និងអសុរា​ ដេីម្បីយកទឹកអម្រឹត​ ដែលបាន​ចម្លាក់​លេី​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត។ ដៃ​កាន់​ផ្កាឈូក ដែលត្រូវបាន​គេលេីក​តម្កេីងជាគ្រឿងសក្ការ:ក្នុងព្រះពុទ្ធសាសនា​។ នេះក៏បានបង្ហាញថាព្រះពុទ្ធសាសនា​ នឹងព្រហ្មញ្ញសាសនាតែងតែស្ថិតនៅក្នុងផ្នត់គំនិតកូនខ្មែររៀងរហូតមក។ ឈុតនេះបង្ហាញពីភាពស្រស់ស្អាត​ នឹងភាពទន់ភ្លន់របស់ស្ត្រីខ្មែរ​ នឹងក្បូរក្បាច់ដ៏ល្អវិចិត្រនៅលេីគ្រឿងអលង្ការដែលចម្លងចេញពីជញ្ជាំងប្រាសាទអង្គរដ៏ល្បីល្បាញ"។

៨."ឈុត ទេវីមាណវីភុជង្គនាគ" កាត់ដេរឈុតដោយ នារសារកាត់ដេរ។ រចនាឈុតដោយ ក្រុមទេពនិករ និង​គូររូបដោយ ចន សុវណ្ណឌី" ស្លៀក​ដោយ​បេក្ខនារី ឈុន រក្សា ៖

ជា​បុត្រី​ស្តេចភុជង្គនាគថែរក្សាទន្លេមេគង្គ​ បានប្រែព្រះកាយជារូបស្រីក្រមុំបរិសុទ្ធដេីម្បីថែរក្សាមនុស្សលោក​ និងប្រជាជនដែលរស់នៅពឹងពាក់អាស្រ័យតាមដងទន្លេមេគង្គដោយការធ្វេីដំណាំកសិកម្មនិងកសិផលផ្សេងៗ​ ។"

៩."ឈុត ព្រះនាងរំសាយសក់" កាត់ដេរឈុតដោយ នារសារកាត់ដេរ រចនាឈុតដោយ ក្រុមទេពនិករ គូររូបដោយ ចន សុវណ្ណឌី" ស្លៀក​ដោយ​បេក្ខនារី ឱ សិរៈក្ខិតា៖

ឈុតនេះ ដកស្រង់ចេញពីរឿង ដើមកំណើតភ្នំសំពៅ ដែលមានទីតាំងនៅខេត្តបាត់ដំបង ព្រះនាងរំសាយសក់ គឺជាក្សត្រីមួយព្រះអង្គ នៃក្រុងច័ន្ទបុរី ព្រះនាងមានសម្រស់ស្អាត ហើយក៏ជាអ្នកមានបុណ្យបារមី ព្រះនាងមានព្រះកេសីដ៏វែង អោយតែព្រះនាងច្បូតព្រះកេសី គឺអាចស្រូបមហាសាគរអោយរីងស្ងួតក្លាយជាដីគោកបាន ហើយក៏អាចអោយដីគោកក្លាយជាមហាសាគរបានផងដែរ។"

១០."ឈុត នាងបុទុមវត្តី" ច្នៃម៉ូត និង​តម្លើង​ដោយ​លោក ស្ករគ្រាប់ និង Zuperior" ស្លៀក​ដោយ​បេក្ខនារី ម៉ាច ដាវី៖

បុទុមជាផ្កាឈូកតំណាងអោយភាពជាន់ខ្ពស់ វត្តី តំណាងអោយភាពទន់ភ្លន់ល្វត់ល្វន់ជាអប្សរថែររក្សារនៃដែនផ្កាឈូកដែលមានសម្រស់ស្រស់ត្រកាល គួរជាទីសប្រាថ្នានៃមនុស្សទាំងពួង ៕ ផ្កាឈូកតែងតែត្រូវបានលេីកតម្កេីន និងជាគ្រឿងសក្ការះក្នុងព្រះពុទ្ធសាសនា ព្រោះ ផ្កាឈូកតំណាងអោយបញ្ញា !"។

១១."ឈុត ព្រះម៉ែធរណី" ច្នៃម៉ូត និង​តម្លើងឈុតដោយ​លោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង ស្លៀក​ដោយ​បេក្ខនារី ជា លីណា៖

ព្រះម៉ែធរណី គឺជានាងគង្ហីងព្រះធរណី ជាព្រះម៉ែនៃផែនដី។ ដែលត្រូវបានគេស្គាល់ទាំងក្នុងគម្ពីរហិណ្ឌូ និងព្រះពុទ្ធសាសនា។ បើតាមពុទ្ធប្រវត្តិ នៅពេលដែលមារមកផ្ចាញ់ព្រះពុទ្ធនៃយើង ដើម្បីទាមទារយកបល័្លង្កព្រះ ព្រះពុទ្ធបានចង្អុលទៅព្រះធរណីជាសាក្សី ព្រះនាងគង្ហីងព្រះធរណីក៏ចេញមកច្បូតសក់ ហើយក៏កើតជាទឹកជំនន់លិចក្រុងមារ ជាមួយសត្វទឹកជាច្រើន ក្នុងនោះគឺក្រពើបានមកស៊ី ពួកមារនោះក្ស័យទៅ។"

១២."ឈុត សត្វត្រយ៉ងយក្ស" ច្នៃម៉ូត និង​តម្លើងឈុតដោយ​:​ ក្រុមសម័យនិមិត្ត Sponsored by ម្ចាស់ផលិតផល Vitc wow" ស្លៀក​ដោយ​បេក្ខនារី រឿន ស្រីសីន៖

សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វស្លាបកម្រ តំណាងឲសត្វស្លាបទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញឈុតនេះឡើងគឺចង់អោយប្រជាជនខ្មែរបានស្គាល់ប្រភេទសត្វស្លាបដែលជិតផុតពូជមួយនេះនឹងចូលរួមក្នុងការអភិរក្សទាំងអស់គ្នា។ ឈុតនេះផងដែរធ្វើឡើងពី recycle ដែលយើងក៏ចង់បង្ហាញថាសំរាមគឺជាវត្ថុមួយដែលអាចយកមកកែឆ្នៃអោយទៅជារបស់ដែលអាចប្រើប្រាស់បាន អាចជួយក្នុងការពារបរិស្ថាន នឹងអាចសង្រ្គោះផែនដីបានផងដែរ"។

១៣."ឈុត​ អប្សររង្សី ហង្សគាមិនី តន្ត្រីព្រហ្មលោក" រចនាក្រុម ស្រមោល Fashion & Creative សហការ​ជាមួយ​ ភួងមាល័យបាយសីខ្មែរ" ស្លៀក​ដោយ​បេក្ខនារី ច សួស្ដី៖

ឧបករណ៏តន្ត្រីពិណ ជាឧបករណ៏តន្ត្រីបុរាណដែលបុព្វវិរៈបុរសខ្មែរបានឆ្លាក់ជាប់លើជញ្ជាំងប្រាសាទជាច្រើន។ ក្នុងជំនឿព្រហ្មញណ៏សាសនាលទ្ធិទេវនិយម ពិណជាឧបករណ៏តន្ត្រីនៃឋានព្រហ្មលោក ជាកេតនភណ្ឌរបស់អគ្គមហេសីនៃព្រះវបិតាព្រហ្ម ចំណែកហង្សា ជាយានជំនិះនៃព្រហ្ម ដែលទ្រង់ជាអាទិទេពនៃការបង្កើតជីវិតក្នុងចក្រវាលលោកយើងនេះ។"។

១៤."ឈុត នាង​កែវមនោរាហ៍" ច្នៃម៉ូត និង​តម្លើងដោយ​លោក ស្ករគ្រាប់" ស្លៀក​ដោយ​បេក្ខនារី សុខ ពិសី៖

ជាបក្សីមួយប្រភេទដែរមានរូបរាងដូចមនុស្ស​ មានស្លាបអាចហោះហេីរលេីអាកាសបាន​ ហេីយស្ថិតនៅក្នុង​ព្រៃហេមពា​នៅលេីភ្នំកៃលាស់ ជាកន្លែងរស់នៅរបស់ពពួក​កេន្នរ ហេីយមាននិទានតែនៅក្នុងរឿងព្រេងនិទានបុរាណតែបុណ្ណោះ​ !"។

១៥."ឈុត អច្ឆរិយៈអង្គរសន្តិភាព" រចនាដោយលោក Ma Bee ស្លៀក​ដោយ​បេក្ខនារី ស្រីនី៖

ឈុត​នេះ តំណាងអោយប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ក្រោមការដឹកនាំប្រកបដោយសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង"។

១៦."ឈុត មច្ឆានុ" ច្នៃម៉ូតដោយ សុផលកាត់ដេរ ស្លៀក​ដោយ៖ ប្រាសាទ ដាវី៖

ជាឈ្មោះត្រីញីមួយធំ មានសណ្ឋានខាងលើជាមនុស្ស ខាងក្រោមជាត្រីនៅក្នុងសមុទ្រ។ ជាស្តេខត្រីមានអាយុវែងណាស់ មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រអោយពាំជញ្ជូនដុំថ្ម ដែលហនុមានកែនពលស្វាយកពីភ្នំ មកទំលាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា។"។

១៧."ឈុត នាងសីតាថ្វាយអគ្គី" ច្នៃម៉ូត និង​តម្លើងឈុតដោយ​លោក ដេត វណ្ណ ដូ ស្លៀក​ដោយ​បេក្ខនារី សីហា៖

ឈុតនេះដកស្រង់ចេញពីរឿងអក្សរសិល្ប៍ខ្មែរ គឺរឿងរាមកេរ្តិ៍ វាបង្ហាញពីការលះបង់របស់នាងសីតា ដែលបានបូជាខ្លួនអោយព្រះអគ្គី ដើម្បីបង្ហាញអោយព្រះរាមបានឃើញពីការលះបង់ទឹកចិត្តស្មោះស្ម័គ្រ និងសេចក្តីស្រលាញ់របស់នាង"។

១៨."ឈុត រាជនីឦសានបុរៈ" ច្នៃម៉ូត និង​តម្លើង​ឈុតដោយ​លោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង" ស្លៀក​ដោយ​បេក្ខនារី រ៉េត សារីតា៖

រាជធានីឦសានបុរៈ គឺសម៍យចេនឡា រាប់ចាប់ពីឆ្នាំ៥៥០ ដល់ ឆ្នាំ៨០២ នៃគ.ស ដែលបច្ចុប្បន្នគឺជាប្រាសាទសំបូរព្រៃគុគ ខេត្តកំពង់ធំ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយ។​ ក្នុងឈុតនេះ លើព្រះកាយប្រសប់ដោយមកុដ គ្រឿងអលង្ការមាសនិងត្បូង​ រួមជាមួយសំពត់ចរបាប់ដ៏មានតំលៃ។ ព្រះហស្ថស្តាំកាន់វាលវិជនី ជាគ្រឿងរាជកកុធភណ្ឌមួយ ក្នុងចំណោមកកុធភណ្ឌទាំងប្រាំ សំរាប់ប្រើបក់ថ្វាយព្រះរាជា។"

១៩."ឈុត នាងវិមានច័ន្ទ" រចនាម៉ូតដោយ លោក សី ពិសិទ្ឋ គូររូបដោយ លោក​ យស បូរ៉ា តំឡើង និងតែងកាយដោយ លោក សី ពិសិទ្ឋ" ស្លៀក​ដោយ​បេក្ខនារី ចាន់ ម៉ាលីស៖

នាងវិមានច័ន្ទ ជារាស្ត្រសាមញ្ញម្នាក់ដែលព្រះច័ន្ទទទួលធ្វើជាព្រះអនុជ ដោយសារការបួងសួងរបស់នាងសុំទៅរស់នៅឋានព្រះច័ន្ទ។ ដុំភ្លើងមូលនៅក្នុងដៃ តំណាងអោយព្រះច័ន្ទពេញបរមី ជះរស្មីស្រទន់មកលើផែនពសុធា ជាពន្លឺតំណាងអោយក្តីសង្ឈឹម និងកំចាត់ភាពអន្តកាល"។

២០."ឈុត រាជនីក្រមាខ្មែរសាមគ្គី" ដំឡើង​ដោយក្រុមហ៊ុន រតនទេព្ពី RNP និង​សំអាងការកុលាបសត្បូងឃ្មុំ" ស្លៀក​ដោយ​បេក្ខនារី កៅ សុគន្ធារ៉ា៖

ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់​ទុក​សម្រាប់​ជា​កេរ្ត៍​តំណែល​តកូន​ចៅ​ជា​ច្រើន​ជំនាន់​មក​ហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ​គ្រប់ស្រទាប់វណ្ណៈ ។ សំលៀកបំពាក់ដែលរចនាអំពីក្រម៉ានេះ គឺចង់ជួយលើកតំកើនក្រមាខ្មែរឲ្យល្បីល្បាញដល់អន្តរជាតិ"៕

ប្រភព៖ Miss Univers Cambodia

អត្ថបទ៖ ទារិកា