ប្រណីតភាពនៃមហាប្រាសាទបាពួន នៅមុនពេលបាក់ធ្លាក់ ឃើញហើយស្រណោះស្នាដៃដូនតាខ្មែរ
- 2020-12-09 06:40:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រណីតភាពនៃមហាប្រាសាទបាពួន នៅមុនពេលបាក់ធ្លាក់ ឃើញហើយស្រណោះស្នាដៃដូនតាខ្មែរ
ចន្លោះមិនឃើញ
ប្រាសាទបាពួនគឺជាមហាសំណង់មានលក្ខណៈជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេព ហើយនៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្ដី មានស្ពានមួយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរមួយចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ។
ដូនតាខ្មែរសង់ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូល គឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្ស ទៅកាន់ទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្ដើរធ្វើអំពីថ្មភក់ ហើយដែលគេយល់ថា ជាស្រះប្រើសម្រាប់ពិធីលាងបាបនៅសម័យនោះ។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង រីឯតួប្រាសាទមានបណ្ដោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។
សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដី និងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើន និងខ្លោងទ្វារមួយ ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។
ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ រហូតអ្នកប្រវត្តិវិទ្យា និងបុរាណវិទូ ចាត់ទុកប្រាសាទនេះជាមេរចនាបថមួយដែលគេឲ្យឈ្មោះថា៖ រចនាបថបាពួន។
ប្រាសាទបាពួននេះអាចត្រូវបានជួសជុលយ៉ាងតិចចំនួន ៣ ដង រួចមកហើយ គឺលើកទី១ នៅស.វទី១៦, លើកទី២ នៅទសវត្សឆ្នាំ៦០ និងលើកទី៣ នៅឆ្នាំ ១៩៩៥ ដោយទើបតែបញ្ចប់ការជួសជុលនៅឆ្នាំ២០១១ ប៉ុណ្ណោះ។ នៅមុនការបាក់បែក បាពួន ឬបាភួន (មកពីពាក្យ ត្រីភូវនចូនាមណី) គឺជាប្រាសាទដ៏ធំមហិមា និងមានក្បូរក្បាច់យ៉ាងល្អប្រណីតគួរឲ្យស្ញប់ស្ញែងនូវស្នាដៃដូនតាខ្មែរពីសម័យអង្គរ៕