សុបិន្ដ​ក្លាយ​ជា​ការពិត​ហើយ! ពេជ្រ ចរណៃ ទើប​បើក​ដំណើរការ​សាលា​គុន​ល្បុក្កតោ​ខ្មែរ

  • 2020-12-17 08:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី អ៊ិត កន្និកា ហៅ​ពេជ្រ ចរណៃ ចាប់​ផ្ដើម​ដំណើរការ​សាលា​គុន​ល្បុក្កតោ​ឈ្មោះ"ជ័យ តេជៈ" របស់​ខ្លួន​ហើយ បន្ទាប់​ពី​បណ្ឌិត​សភា​គុន​ល្បុក្កតោ​កម្ពុជា ចេញ​វិញ្ញាប័នប័ត្រ​ទទួល​ស្គាល់​ការ​ចុះ​ឈ្មោះ​បើក​សាលា​គុន​ដែល​នាង​ជា​ប្រធាន។

កញ្ញា ពេជ្រ ចរណៃ ដែល​បច្ចុប្បន្ន​កំពុង​មមាញឹក​នឹង​ការ​ថត​រឿង​ផង និង​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ដល់​ពលទាហាន​នៅ​អង្គភាព​យោធា​មួយ ឥឡូវ​នេះ​នាង​បាន​ហក់​ទៅ​បើក​សាលា​គុន​ផ្ទាល់​ខ្លួន។ មុន​ការ​បើក​នេះ នាង​ក៏​ធ្លាប់​បង្ហើប​ប្រាប់​Sabay ដែរ​ថា នាង​នឹង​បើក​សាលា​គុន​ផ្ទាល់​ខ្លួន​មួយ ដើម្បី​ចូល​រួម​អភិវឌ្ឍ អភិរក្ស បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​នូវ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ។

តារា​សម្ដែង​រូប​ស្រស់​សោភា មាន​ទេពកោសល្យ​ខាង​ក្បាច់គុន​បុរាណ​ខ្មែរ​រូប​នេះ ថ្លែង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្សិលមិញ​ថា ក្នុង​នាម​កញ្ញា​ជា​ប្រធាន​សាលា​គុន និង​បុគ្គលិកប្រតិបត្ដិ​ទាំង​អស់​សូម​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម សាន គឹមស៊ាន ប្រធាន​បណ្ឌិត​សភា​គុន​ល្បុក្កតោ​កម្ពុជា​ដែល​បាន​ផ្ដល់​វិញ្ញាបនបត្រ​ទទួលស្គាល់​សាលា​របស់​នាង។

សូម​បញ្ជាក់​ថា សាលា​គុន​ល្បុក្កតោ"ជ័យ តេជៈ" ដែល​តារា​សម្ដែង អ៊ិត កន្និកា ទើប​បើក​ដំណើរការ​នេះ ស្ថិតនៅ​ដី​ឡូត៍​លេង​២៦​០៨ ភូមិ​គោកឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី