ដឹងទេថា ក្រៅពីផ្លាកលេខយានយន្ត ខ.ម និង ន.ប នៅមាន៧ប្រភេទផ្សេងទៀត តើមានអ្វីខ្លះ?
- 2021-01-06 03:34:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេថា ក្រៅពីផ្លាកលេខយានយន្ត ខ.ម និង ន.ប នៅមាន៧ប្រភេទផ្សេងទៀត តើមានអ្វីខ្លះ?
ចន្លោះមិនឃើញ
ដូចដែលយើងបានដឹងហើយថាផ្លាក ខ.ម មានន័យពេញថា ខេមរភូមិន្ទ ចំណែកឯ ន.ប គឺនគរបាល ចុះលើសពីនេះទៀតមានអ្វីខ្លះ? យោងតាមអនុក្រឹត្យ លេខ73 អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានយន្ត បានបញ្ជាក់ត្រង់មាត្រា6 ដែលបានបែងចែកជា 9 ក្រុម មានដូចជា៖
(1) ព្រះបរមរាជវាំង [រាជវាំង]
(2) ស្ថាប័នកំពូល [ក.ប.ធម្មនុញ្ញ/ព្រឹទ្ធសភា/រដ្ឋសភា/ឧ.ក.អង្គចៅក្រម/រាជរដ្ឋាភិបាល]
(3) ក្រសួងស្ថាប័នរដ្ឋ [រដ្ឋ]
(4) កងយោធពលខេមរភូមិន្ទ [ខេមរភូមិន្ទ]
(5) កងកម្លាំងនគរបាលជាតិ [នគរបាល]
(6) គណៈកម្មការរៀបចំការបោះឆ្នោត [គជប]
(7) ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេដ និង ក្នុងស្រុក [CMD/CD/ONU/OI/ONG1/ONG2]
(8) ម្ចាស់កម្មសិទ្ធជារូបវន្តបុគ្គល នីតិបុគ្គល រឺសហកម្មសិទ្ធយានជំនិះ (ពលរដ្ឋទូទៅ) [ឈ្មោះដើមរាជធានីខេត្ត/កម្ពុជា]
(9) រូបវន្តបុគ្គល រឺ នីតិបុគ្គល តាមរបបព្យួរពន្ធ រឺក្រោមរបបគយនាំចូលបណ្តោះអាសន្ន [AT]
មាត្រា24 ចែងថា ក្រសួងសាធារណៈការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រង ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានយន្ត សម្រាប់ក្រុម ទី 1,2,3,6,7,8,9 ចំណែកក្រុមទី 4 គឺក្រោមសមត្ថកិច្ច ក្រសួងការពារជាតិ ដែលសម្រាប់ប្រើប្រាស់ក្នុងកិច្ចការការពារជាតិ និងទី 5 ក្រោមក្រសួងមហាផ្ទៃ សម្រាប់ការការពារសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សង្គម។
សម្រាប់ស្វែងរកព័ត៌មានបន្ថែមអាចរកបានតាមរយៈ ប្រកាសស្តីពីការចេញប័ណ្ណនិង ផ្លាកលេខសម្គាល់យានជំនិះក្នុងកងយោធពលខេមរភូមិន្ទ និង ប្រកាសលេខ៣៥៥៩ ប្រ.ក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃស្ដីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងស្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
ក៏មានការលើកឡើងផងដែរ អំពីករណីក្លែងបន្លំប្រើប្រាស់ផ្លាកលេខ ខេមរភូមិន្ទរឺ នគរបាល ហើយបើសិនជាការឡើកឡើងនេះពិតមែន អ្នកដែលក្លែងបន្លំផ្លាកលេខ និងទទួលទោសតាមច្បាប់ជាធរមាន។ ដោយឡែកប្រការ5 នៃ ប្រកាសស្តីពីការចេញប័ណ្ណនិង ផ្លាកលេខសម្គាល់យានជំនិះក្នុងកងយោធពលខេមរភូមិន្ទ ប្រគល់ភារៈកិច្ចសម្រាប់ កងរាជអាវុធហត្ថ តែមួយគត់ក្នុងការត្រួតពិនិត្យផ្លាកលេខ ខេមរភូមិន្ទ ដូច្នេះដើម្បីអនុវត្តនូវ គតិយុត្តិខាងលើអោយបានជោគជ័យ និង កាត់បន្ថយការក្លែងបន្លំនានា ត្រូវពឹងផ្អែកលើក្រសួងសាមីក្នុងការគ្រប់គ្រងផ្លាកលេខនេះ ជាពិសេស កងរាជអាវុធហត្ថ សម្រាប់ផ្លាកខេមរភូមិន្ទ និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់នគរបាលជាតិ។