ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ-ចិន លើក​ទី៥ សម្ពោធ​បើក​ហើយ​នៅ​ថ្ងៃ​នេះ

  • 2021-01-22 09:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ-ចិន ដ៏​ឆ្នើម​លើក​ទី៥ បាន​សម្ពោធ​បើក​ហើយ​នៅ​រសៀល​ថ្ងៃទី២២ ខែ​មករា នា​សាល​សន្និសីទ​ចតុម្មុខ ក្រោម​អធិបតីភាព​របស់​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោកជំទាវ ភឿង សកុណា និង​ឯកអគ្គរដ្ឋទូត នៃ​សាធារណៈ​រដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang wentian។

លោក Wang Wentian ថ្លែង​ថា​ ការផ្លាស់ប្ដូរ​វប្បធម៌ និងសិល្បៈរវាងចិន និងកម្ពុជា បាន​បង្កើត​ជា​ស្ពាន ទំនាក់ទំនង និង​ចំណង​មិត្តភាព​ដ៏ អស្ចារ្យ​សម្រាប់​ប្រជាជនទាំងពីរប្រទេស​។ បច្ចុប្បន្ន​នេះ​ ប្រទេស​ទាំងពីរ​កំពុងតែជំរុញ​យ៉ាង​សកម្ម​ក្នុង​ការកសាង​សហគមន៍​ជោគ​វាសនា​រួមគ្នា​ ហើយ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ចិន​និង​កម្ពុជា​ បាន​ស្វាគមន៍​ជាមួយឱកាស​នៃ​ការ​អភិវឌ្ឍ​ដ៏​មាន​តម្លៃ​បំផុត​។

លោក​សង្ឃឹម​ថា​ខ្សែភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​នេះ​ មិន​ត្រឹម​តែ​ជំរុញ​ការ​ស្វែង​យល់​អំពីវប្បធម៌​ចិន​ ជូន​ដល់​ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ​ ទេ តែក៏​ជួយ​លើក​កម្ពស់​វប្បធម៌និង​ជីវភាព​រស់​នៅរបស់​ប្រជាជន​កម្ពុជា​ឱ្យកាន់​តែ​សម្បូរ​បែប​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានភាព​នៃ​ជំងឺ​វីរុស​កូវីដ-១៩ ផងដែរ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​លោកជំទាវ ភឿង សកុណា ថ្លែង​ថា បួនឆ្នាំកន្លងមក ព្រឹត្តិការណ៍​”ដំណើរ​ភាពយន្ត​ចល័ត​ចិន-កម្ពុជាដ៏ឆ្នើម” ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​បងប្អូន​ប្រជាពលរដ្ឋខ្មែរ​ ដោយបាន​ចូល​រួម​ទស្សនាយ៉ាងច្រើនកុះកររាល់​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ចិន និង​ខ្មែរនៅ​តាម​តំបន់​នានា​ក្នុងរាជធានី និង​ខេត្តក្រុង​នីមួយៗ​។

សូម​រំលឹក​ថា ព្រឹត្តិការណ៍​ “ដំណើរ​ភាពយន្ត​ចល័ត​ចិន-ខ្មែរ​ដ៏ឆ្នើម​លើក​ទី៥” ត្រូវ​បាន​ផ្ដួច​ផ្ដើម​​ឡើង​ដោយ​ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ទទួល​រៀប​ចំ​ដោយ​វិទ្យុមិត្តភាព​កម្ពុជា-ចិន ដែល​បង្កើត​ឡើង​នៅ​កម្ពុជា​ដោយ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ និងប៉ាវ ស្រីពេជ្រ

អត្ថបទពេញនិយម