ដឹង​អត់​ថា ផាន់ រ៉ុង ដក់​ចិត្ត​លើ​ណា​គេ​ជាង​គេ ក្នុង​ចំណោម​តួ​ស្រី​ស្អាត​ៗ​ទាំង​៥​នាក់?

  • 2021-01-26 06:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​បែប​អប់រំ និង​កំប្លែង​ខ្លីៗ គឺ​លោក ផាន់ រ៉ុង ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​តែង​និពន្ធ ដឹកនាំ​រឿង និង​សម្ដែង​ដោយ​ខ្លួន​ឯង​ផ្ទាល់​នូវ​រឿង​ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ប្រិយមិត្ត ជា​ពិសេស​យុវវ័យ​។

ត្បិតថា​រូប​សម្បត្តិ មិន​សូវ​សមសួន​ដូច​តារា​អាជីព​យូរ​ឆ្នាំ ប៉ុន្តែ ផាន់ រ៉ុង មាន​ឱកាស​ច្រើន​ក្នុង​ការ​សម្ដែង​ជាមួយ​តួ​ស្អាតៗ ហើយ​បាន​ដើរ​ជា​តួ​អង្គ​ឯក​ស្ទើរ​គ្រប់​រឿង​ទៀត​ផង។ តួអង្គ​ឯក​ស្រី​ស្អាតៗ ដែល​សម្ដែង​ជាមួយ ផាន់ រ៉ុង ញឹក​ញាប់​​នោះ គឺ​មាន​កញ្ញា ណិត ព្រមរិទ្ធិកា កញ្ញា ហេង កូស៊ីន កញ្ញា កា បេឡា កញ្ញា ជីង លីន និង​កញ្ញា ជីម ​មី។

លោក ផាន់ រ៉ុង បាន​ប្រាប់ Sabay នៅ​ថ្ងៃទី២៦ ខែ​មករា នេះ​ថា ក្នុង​ចំណោម​តួ​អង្គ​ឯក​ស្រី​ទាំង​៥​នាក់ គឺ​លោក​ធ្ងន់​ចិត្ដ​លើ​កញ្ញា ហេង កូស៊ីន ជាង​គេ ព្រោះ​បាន​សម្ដែង​រួម​គ្នា​រហូត​ដល់​ជាង​២០​រឿង ហើយ​រឿងដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ គឺ​រឿង"ស្នេហា​បែប​កូន​ក្មេង"។ រីឯ​កញ្ញា រិទ្ធិកា វិញ​ លោកក៏​ធ្ងន់​ចិត្តលើណាស់​ដែរ ព្រោះ​មាន​ប្រិយមិត្ត​ជា​ច្រើន​បានសរសើរ​ថា​សម្ដែង​សម​គ្នា រហូត​ដល់​មាន​​អ្នកខ្លះ​យល់ច្រឡំ​ថា​ជា​គូរ​ស្នេហ៍​នឹង​គ្នា​ទៀត​ផង ។

ផាន់ រ៉ុង៖"បើ​និយាយ​ពី​ទំនាក់ទំនង​របៀប​ស្នេហា គឺអត់​ទាន់​ទេ​បង គ្រាន់​តែ​ថា​យើង​មាន​ការងារ​ជាមួយ​គ្នា​រាង​ជិតស្និទ្ធ​អីចឹង​ទៅ​មាន​បង​ប្អូន​ខ្លះ​គាត់​យល់​ច្រឡំ ហើយ​រឿង​ស្នេហា​ពិត​ជាក់​ស្ដែង​ក្រៅ​ឆាក​​ ប្អូន​សុំ​លាក់​សិនបង"។

បច្ចុប្បន្ន ផាន់ រ៉ុង មាន​វ័យ​២២​ឆ្នាំ ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពីឆ្នាំ​២០១៨។ គិត​មក​ដល់​ពេល​នេះ​លោក​ផលិត និង​សម្ដែង​រឿង​ដោយ​ខ្លួន​ឯង​បានមិន​ក្រោម​៥០​រឿង​ឡើយ។ ក្នុង​ចំណោម​រឿង​ទាំង​នេះ មាន​រឿង​ពី​ដែល​ផ្ទុះ​ការគាំទ្រខ្លាំង គឺ​រឿង"អា​សំរាម" និង​រឿង​មួយ​ទៀត​ដែល​ផ្ទះ​នៅ​ចុង​ឆ្នាំ​២០២០ គឺ​រឿង"អា​អត់​ការងារ​ធ្វើ"។

ងាកមករឿងផលិតបទចម្រៀងវិញ។ គិតមកដល់ពេលនេះ ផាន់ រ៉ុង បានសម្ដែង និងច្រៀងដោយខ្លួនឯងជិត២០បទហើយ។ បទ​ដែល​គេ​ចាប់​អារម្មណ៍​ច្រើន ហើយកេរ្ដិ៍ឈ្មោះរបស់លោកចាប់ផ្ដើមល្បីសុះសាយ គឺ​បទ"DJ ស្រុក​ស្រែ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម