​ក្មេង​ស្រី​​​កម្សត់! ​ខ្ចី​កង់​ក្លឹប​ជិះ​ក្បែរ​១០​គីឡូ​រាល់​​ថ្ងៃ ទៅ​ហាត់​បាល់​​​

  • 2021-02-23 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ម៉ាក់ ស្រី​រ័ត្ន ជា​អ្នក​ចាំ​ទី​របស់​ក្លឹប​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ បច្ចុប្បន្ន​​មាន​ប្រវត្តិ​កម្សត់​គួរឲ្យ​អាណិត ​ធ្លាប់​ខ្ចីកង់​ក្លឹប​ជិះ ពី​ផ្ទះ​ជួល​ម្ដុំ​ផ្លូវ ២០០២ ទៅ​កាន់​ទីលាន RSN ដែល​មាន​ចម្ងាយ​ក្បែរ​១០គីឡូម៉ែត្រ។ ​

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​កើត​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០០២ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កំពង់ចាម។ យុវតី​គួរ​ឲ្យ​អាណិត​រូប​នេះ​មាន​ឪពុក​ឈ្មោះ ម៉ិល សុផេន ​និង​ម្ដាយ​ឈ្មោះ សូ ធីតា មុខរបរ​អ្នក​ទាំង​លក់​បន្លែ​មុខ​រោងចក្រ​នៅ​ម្ដុំ​ផ្លូវ​២០០២ ។ ពី​មុន​ឪពុក​របស់​យុវតី​រូប​នេះ​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា (ជួល​គេ)។

​​​ចូល​លេង​ឲ្យ​ភ្នំពេញ​ក្រោន​ជា​មួយ​ក្រុម​បាល់ទាត់​នារី នៅ​ដើម​ឆ្នាំ​២០១៨ បាន​ក្លាយ​ខ្លួន​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​រហូត​មក​។ ប៉ុន្តែ​សួរ​ថា មាន​អ្វី​ជិះ​ទៅ​ហាត់​​កាល​អំឡុង​នោះ​ ? គឺ​គ្មាន​ទេ! ដោយ​​សុំ​​មិត្តភ័ក្ដិ​ជិះ​​(ម៉ូតូ) ទៅ​​ជា​មួយ ក្រោយ​មក​​ពេល​មិត្ត​ម្នាក់​នោះ​ឈប់​ហាត់​​បាល់ ស្រី​រ័ត្ន មិន​បាន​បោះបង់​​ ចង់​ក្លាយ​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ចោល​ឡើយ ពោល​គឺ​​តស៊ូ​ខ្ចី​កង់​ក្លឹប ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​បាន​​ទៅ​ហាត់​បាល់ទាត់​នៅ​​ទីលាន RSN ជិះ​ពី​ផ្ទះ​ជួល​ម្ដុំ​ផ្លូវ​២០០២ ទៅ​មក​រាល់​ថ្ងៃ​។ ថ្ងៃ​ខ្លះ​ហាត់​ដល់​យប់​ ហើយ​ជិះ​កង់​តែ​ម្នាក់​ឯង​មក​ផ្ទះ​វិញ ដែល​ស្រមៃ​មើល​ទៅ​ពិត​ជា​បញ្ជាក់​ពី​ការ​តស៊ូ​ ដោយសារ​តែ​ទឹក​ចិត្ត​ស្រលាញ់​។

​ក្មេង​ស្រី​វ័យ​១៨​ឆ្នាំ​ដ៏​កម្សត់​រូប​នេះ បច្ចុប្បន្ន​បាន​ជាប់​ជម្រើស​ជាតិ​បាល់ទាត់​នារី​ដូច​ក្ដី​ស្រមៃ​រួចហើយ។ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​គេ​ កំពុង​ចង់​ឲ្យ​គេ​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ជា​ជាង​លេង​បាល់ទាត់។ ងាក​មក​កាន់​ការ​ធ្វើ​ដំណើរ​បច្ចុប្បន្ន​ ស្រី​រ័ត្ន មាន​ម៉ូតូ​មួយ​គ្រឿង ​សម្រាប់​​ទៅ​ហាត់​បាល់​​ហើយ ប៉ុន្តែ​​ម៉ូតូ​នោះ​គឺ​ជា​របស់​អ៊ី ដែល​ឲ្យ​ខ្ចី​ទេ ដោយសារ​តែ​ឃើញ​ក្មេង​ស្រី​នេះ​គួរឲ្យ​អាណិត​ពេក​​។ ​

យុវតី​​មក​ពី​ខេត្ត​កំពង់​ចាម​រូប​នេះ មាន​បងប្អូន​បង្កើត ៣ នាក់​គេ​ជា​កូន​ទី​២។ ក្ដី​ស្រម៉ៃ​ទៅ​ថ្ងៃ​អនាគត​ក្មេង​ស្រី​នេះ​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​បាល់ទាត់​នារី​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម