គូព្រេងមិនព្រាត់! នារីមានសំណាងក្លាយជាភរិយាស្របច្បាប់ត្រកូលអភិជននៅប្រទេសលុចសាំប៊ួរ រៀបរាប់ប្រវត្តិស្នេហ៍ពេលជួបគ្នាដំបូង

  • 2021-03-15 03:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើគណនីហ្វេសបុកផ្ទាល់របស់ស្រ្ដីជនជាតិខ្មែរម្នាក់ដែលមានសំណាងបានក្លាយជាភរិយាស្រប់ច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូប និងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចហ្សំប៊ួរ បានសរសេររៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួនមុនពេលក្លាយជាភរិយាស្របច្បាប់។

ខាងក្រោមនេះជាការរៀបរាប់របស់អ្នកនាង ម៉ៅ ម៉ានិច្ច៖

ប្រវត្តិស្នេហ៍នារីខេត្តកំពង់ធំ និងម្ចាស់ប្រាសាទ Brandenbourg...

ខែសីហា ឆ្នាំ2010 នាពេលល្ងាចបន្តិច ថ្ងៃរៀបនឹងទៅលិចទៅហើយ មានបុរសម្នាក់សំបុរស ខ្ពស់ស្រឡះ ច្រមុះស្រួច ក្នុងដៃមានកាន់ឆ័ត្រ (រដូវវស្សានៅប្រទេសកម្ពុជា) បានដើរសំដៅមកកន្លែងធ្វើការខ្ញុំ គាត់ហាក់បីដូចជាវង្វេងផ្លូវព្រោះគាត់កាន់ផែនទីនៃទីក្រុងភ្នំពេញ គាត់បានបង្ហាញផែនទីហើយសួរមិត្តរួមការងារខ្ញុំ ប៉ុន្តែដោយសារតែពួកគាត់ពុំសូវចេះភាសាអង់គ្លេស និយាយស្តាប់គ្នាមិនសូវបាន ខ្ញុំក៏ចូលមកជួយបកប្រែ... ក្រោយពីបាននិយាយពន្យល់ប្រាប់គាត់ពីផ្លូវទិសដៅដែលគាត់ចង់ទៅ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភាសាអង់គ្លេសខ្ញុំ ព្រោះខ្ញុំត្រឹមតែជាអ្នករត់តុ លើកភេសជ្ជៈនៅក្នុងហាងមួយនៅមាត់ទន្លេ ចុះហេតុអ្វីការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ទាំងពាក្យនិងវេយ្យាករណ៍បែបនេះ? បូករួមនឹងភាពរួសរាយរបស់ខ្ញុំ ញញឹមឡើងស្ងួតជើងធ្មេញហើកំប្លែងទៀតនោះ ក៏បុរសម្នាក់នោះលែងខ្វល់ពីផែនទីក៏ទាញកៅអីអង្គុយ.... អ្វីដែលខ្ញុំសួរគាត់មុនគេបង្អាស់គឺ “បើអ្នកមិនប្រកាន់ទេ តើអាចអោយខ្ញុំសុំមើលចិញ្ចៀនអ្នកពាក់នៅលើកូនដៃអ្នកបានទេ? ខ្ញុំពុំធ្លាប់ជួបជនបរទេសណាពាក់ចិញ្ចៀនបែបនេះទេ” ទឹកមុខគាត់ឆ្ងល់ គាត់ក៏ហុចដៃអោយខ្ញុំមេីលនិងនិយាយថា “វាជាចិញ្ចៀនប្រចាំគ្រួសារខ្ញុំ” ខ្ញុំក៏សួរបន្ថែម “ជួយប្រាប់អត្តន័យចិញ្ចៀនអ្នកបន្តិចបានទេ ខ្ញុំឆ្ងល់ណាស់ “ គាត់មើលមុខខ្ញុំញញឹមហើសួរ “តើអ្នកធ្លាប់ឃើញវាពីមុនមកមែន? “ ខ្ញុំឆ្លើយ “ចាស, ធ្លាប់! គឺនៅក្នុងសុបិន្ត” ពួកយើងក៏សើច ខ្ញុំនិយាយលេងជាមួយគាត់ទេ ហើគាត់ក៏ឆ្លើយថា “ថ្ងៃណាមួយខ្ញុំនឹងប្រាប់អ្នក តែមិនមែនថ្ងៃនេះ! “ ខ្ញុំក៏តប “ថ្ងៃណាមួយនឹង ថ្ងៃស្អែកមែន? “ គាត់ថា “យី! ពូកែដេញជើងម៉្លេសនិងពូកែឆ្ងល់ទៀត “ ។

អ្នកនាងបានរៀបរាប់បន្តថា «*សុំបេីករង្វង់ក្រចកបន្តិច (បងប្អូនប្រាកដជាឆ្ងល់ដូចគាត់ដែរហើយមែនទេ ថាតើហេតុអ្វីខ្ញុំចាប់អារម្មណ៍ចិញ្ចៀនគាត់?) ពេលដែរគាត់ចង្អុលផែនទីសួរខ្ញុំ ខ្ញុំឃើញជញ្ចៀនគាត់ ធ្វេីអោយខ្ញុំនឹងឃើញដល់ព្រះអង្គម្ចាស់ Charles ដែលជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth នៃប្រទេសអង់គ្លេស រូបរាងជញ្ចៀនពិតជាដូចគ្នាណាស់ គ្រាន់តែរចនាម៉ូតខុសគ្នា (រចនាម៉ូតជញ្ចៀនតាមវង្សត្រកូល) តាមការដឹងរបស់ខ្ញុំមុនជួបគាត់(ប្តី) ចិញ្ចៀនបែបនេះគឺជាចិញ្ចៀននិមិត្តរូបរបស់ខ្សែស្តេចរឺអភិជនលោកខាងលិច ភាគច្រើនគេពាក់នៅលើកូនដៃ.. ខ្ញុំគឺជាមនុស្សចូលចិត្តស្រាវជ្រាវពីប្រវត្តិស្តេចអង់គ្លេស កាលនឹងតែងតែស្រមៃចង់បានប្តីជនជាតិអង់គ្លេស ចង់ទៅស្គាល់ ទៅរស់នៅប្រទេសអង់គ្លេស ខ្ញុំស្រលាញ់ប្រទេសអង់គ្លេសជាងគេបង្អស់ ពេលខ្លះក៏ស្រមៃចង់រៀបការជាមួយរាជបុត្រអង់គ្លេសទៀតផង នេះជាហេតុផងមួយដែលធ្វើឲ្យខ្ញុំខំរៀនភាសាអង់គ្លេស កាលនឹងខ្ញុំដឹងប្រវត្តិស្តេចអង់គ្លេសគួរសមដែរព្រោះខ្ញុំមើលតាមឯកសារ ពត៌មាន មើលរឿង ដូច្នេះហើយពេលខ្ញុំឃើញចិញ្ចៀននេះលើដៃបុរសដែលសួរពីផែនទីនេះ ក្នុងចិត្តពិតជាចង់ដឹងណាស់តើគាត់ជាអ្នកណា? មកពីណា” ! * អត្តន័យចិញ្ចៀនខ្ញុំបកស្រាយនៅលើរូបថតខាងក្រោម»។

តោះឥឡូវយើងបន្តសាច់រឿងទៀត ខ្ញុំសួរគាត់តើគាត់មកពីប្រទេសណា? —គាត់ថា “លុចសាំប៊ួរ” ខ្ញុំនិយាយតាមត្រង់អត់ដែលលឺសោះ!! ធ្វើឲ្យខ្ញុំឆ្ងល់ទៀតហើយ.. ខ្ញុំសួរគាត់ភ្លាម “លុចសាំប៊ួរនឹងមានស្តេចអត់? ជួយសរសេរឈ្មោះប្រទេសអ្នកអោយខ្ញុំបន្តិចមក ខ្ញុំនឹងស្រាវជ្រាវព្រោះមិនដែរលឺទាល់តែសោះ... “ —គាត់មេីលមុខភ្លឹកម៉ាសន្ទុះតូចក៏និយាយ “ខ្ញុំមកលេងស្រុកខ្មែរច្រើនដងមិនដែលអ្នកណាសួរខ្ញុំចំឡែកៗដូចអ្នកចឹងទេ ប៉ុន្តែខ្ញុំចូលចិត្តអ្នក កាន់តែនិយាយជាមួយអ្នក ខ្ញុំកាន់តែចូលចិត្ត អ្នកជាមនុស្សស្រីឆ្លាត” គាត់និយាយបន្ត “លុចសាំប៊ួរអត់មានស្តេចទេ តែមាន Grand Duke, តំណាងដូចជាស្តេចដែរ...“ ខ្ញុំក៏កាត់សំដីគាត់ “ អូ! Duke, ខ្ញុំយល់ហើយព្រោះប្រទេសអង់គ្លេសក៏មាន Duke ជាច្រើនដែរ ដូចជា Duke of Westminster, Duke of Norfolk, Duke of Richmond ចឹងទៅ... គាត់បើកភ្នែកធំមើលមុខហើយនិយាយ “ម៉េចដឹងច្រើនម៉្លេស?!” ខ្ញុំសើចហើយក៏និយាយបែបលេងសើចជាមួយគាត់ថា “ខ្ញុំក៏ដឹងទៀតថា អ្នកគឺជាគូរព្រេងខ្ញុំដែលខ្ញុំតាមរកជាយូរលង់ណាស់មកហើយ “ ពួកយើងក៏សើចម៉ាទំហឹង គាត់ថាខ្ញុំកំប្លែងណាស់ ខ្ញុំសួរគាត់ “ហេតុអ្វីគាត់មកស្រុកខ្មែរ?”

អ្នកនាងរៀបរាប់បន្ថែមថា "គាត់ថា ព្រោះគាត់ចូលចិត្តប្រាសាទខ្មែរយើង ពិតជាស្អាត អស្ចារ្យមែនទែន ពេលទៅដល់ខេត្តសៀមរាបជាលើកទីមួយនៅឆ្នាំ1998 គាត់ទឹកភ្នែករលីងរលោងរំភើបចិត្តនិងស្ងប់ស្ងែងបំផុតព្រោះគាត់បានទៅលេងប្រទេសជាច្រើន តែមិនដែលឃើញមានប្រាសាទណាស្អាតអស្ចារ្យបែបនេះទេ គាត់បានចំណាយពេលជាច្រើនម៉ោងនៅប្រាសាទនីមួយៗ គាត់ចូលចិត្តប្រាសាទបុរាណខ្មែរ ប្រវត្តិសាស្ត្រ វប្បធម៌ ជនជាតិខ្មែរនិងចង់បានប្រពន្ធខ្មែរទៀតផង តែមិនទាន់ជួបអ្នកត្រូវចិត្ត គាត់ស្គាល់ឈ្មោះប្រាសាទនិងដឹងប្រវត្តិសាស្ត្រខ្មែរយើងជាច្រើន.. ក្រោយសំណេះសំណាលគ្នាប្រហែល15-20នាទី គាត់ក៏លារខ្ញុំព្រោះគាត់មានណាត់ជាមួយមិត្តភ័ក្កគាត់ គាត់សុំមកជួបខ្ញុំម្តងទៀតនៅថ្ងៃស្អែកនៅម៉ោងដដែល ខ្ញុំថា “ប្រាកដណាស់ព្រោះអ្នកនៅជំពាក់និយាយពីសាច់រឿងនៃចិញ្ចៀនអ្នកអោយខ្ញុំស្តាប់“ គាត់ក៏សើច ថ្ងៃស្អែកមកដល់ ខ្ញុំចាំមើលផ្លូវគាត់ថាតើគាត់នឹងត្រឡប់ដូចពាក្យសន្យារឺអត់? មិនត្រឹមតែមកទេគឺទៀងម៉ោងទៀតផង យើងក៏បន្តសន្ទនាគ្នាទៀត កាន់តែនិយាយកាន់តែចូលចិត្តគ្នាទៅវិញទៅមក ទោះបីគាត់អាយុច្រើនជាងខ្ញុំបន្តិចមែនតែពួកយើងមានចំណង់ចំណូលចិត្តដូចគ្នា ការគិតដូចគ្នា យើងយល់ស្របគ្នាជាច្រើនរឿង ខ្ញុំគិតថាគាត់ជាសុភាពបុរស ថ្លៃថ្នូរ អ្នកមានចំនឹង និងជាមនុស្សល្អ.. ប៉ុន្តែគាត់នៅតែមិនបានប្រាប់ពីប្រវត្តិចិញ្ចៀនគាត់នៅថ្ងៃនោះ គាត់គ្រាន់តែនិយាយថា “គាត់បានវាពីឪពុកគាត់ ជាចិញ្ចៀនប្រចាំគ្រួសារ” ខ្ញុំក៏ឈប់សួរដេញដោលទៅ កុំអោយទេីសទាល់ព្រោះយើងទើបស្គាល់គេ ហើយខ្ញុំក៏អាចស្មានដឹងតិចៗខ្លះដែរពីអត្តន័យនៃចិញ្ចៀនបែបនោះ គួរអោយសោកស្តាយគាត់ក៏ត្រូវឡើងយន្តហោះត្រឡប់ទៅលុចសាំប៊ួរវិញនៅថ្ងៃបន្ទាប់..." ។

តាំងពីពេលនោះមកពួកយើងបាននិយាយគ្នាតាមEmail គាត់តែងតែប្រាប់ខ្ញុំជានិច្ចថាបើខ្ញុំត្រូវការអោយគាត់ជួយរឺជួបទុក្ខលំបាកត្រូវប្រាប់គាត់ គាត់នឹងរីករាយជួយខ្ញុំព្រោះគាត់ដឹងថាជីវភាពខ្ញុំបែបណានៅពេលនោះ ប៉ុន្តែខ្ញុំមិនទទួលយកជំនួយពីគាត់ទេសូម្បីតែមួយដង ព្រោះខ្ញុំគិតថាយើងមិនទាន់ត្រូវជាអ្វីនឹងគ្នា ត្រឹមជាមិត្តភ័ក្កប៉ុន្នោះ ខ្ញុំមិនចង់អោយទើសទាល់រឺ មិនចង់អោយគាត់គិតថាខ្ញុំក៏ដូចជាអ្នកផ្សេងដែលគាត់ធ្លាប់ស្គាល់គន្លងមក។

នៅឆ្នាំ2011 គាត់បានមកលេងស្រុកខ្មែរម្តងទៀត ពួកយើងជួបគ្នានិយាយដើរលេងលក្ខណ:ជាមិត្តភ័ក្ក តែខ្ញុំដឹងថាគាត់មានចិត្តលើខ្ញុំ គាត់បានត្រឡប់ទៅលុចសាំប៊ួរវិញ យើងក៏និយាយគ្នាតាមemail និង Yahoo Messenger មិត្តភាពកាន់តែជិតស្និតជាងមុនបង្កើតបានជាមនោសញ្ចេតនា គាត់បានឃើញការរស់នៅ បន្ទប់ជួលរបស់ខ្ញុំគាត់រន្ធត់ចិត្តណាស់ គាត់សួរថា “តើអ្នកអាចរស់នៅកន្លែងបែបយ៉ាងដូចម្តេច?“ ប៉ុន្តែខ្ញុំនៅតែមិនទទួលយកជំនួយពីគាត់ដដែល.. នៅឆ្នាំ2012 គាត់បានត្រឡប់មកខ្មែរម្តងទៀត ពេលនោះហើយគាត់បានសារភាពនិងសុំខ្ញុំធ្វើមិត្តស្រី (សង្សារ) យ៉ាងromantic ដោយមានអមបាច់ផ្កាយ៉ាងធំ គ្រឿងអលង្ការ និងទឹកអ៊ប់ជាច្រើនដប ខ្ញុំសុំអោយគាត់គិតអោយច្បាស់សិនព្រោះខ្ញុំក្រណាស់ ហើយមុខមាត់មិនស្អាតបាតទៀត ..គាត់ឆ្លើយដោយមិនស្ទាក់ស្ទើ គាត់ថាគាត់ច្បាស់ក្នុងចិត្តណាស់គឺខ្ញុំជាមនុស្សស្រីតែម្នាក់ដែលគាត់ចង់បន្តជិវិតជាមួយ គាត់មិនប្រកាន់ខ្ញុំក្រទេព្រោះគាត់ក៏មិនមែនជាអ្នកមានដែរ គាត់ក៏មិនយករូបសម្បិត្តសំខាន់ឡើយ អ្វីដែរសំខាន់សំរាប់គាត់គឺការតស៊ូ អត្តចរិក ការនិយាយស្តី ការគិតរបស់ខ្ញុំ នេះហើយជាអ្វីៗដែលគាត់មិនអាចរកបាន..គាត់បន្តទៀតថា ខ្ញុំគឺជាមនុស្សស្រីដែលគាត់តាមរកយូរមកហើយ... ដូច្នេះគាត់សុំអោយខ្ញុំទទួលយកសំណើរនេះ ហើយផ្តល់ឱកាសអោយគាត់ជួយឲ្យជិវិតខ្ញុំរីករាយស្រស់បំព្រង បំពេញរាល់ភាពកក់ក្តៅដែលខ្ញុំខ្វះខាតក្នងជិវិត គាត់ក៏បានសន្យាថានឹងព្យាយាមអោយខ្ញុំសើចអោយបានច្រើន.. ពេលលឺគាត់និយាយបែបនេះទឹកភ្នែកក៏ហូរមិនឈប់ អួលដេីម-កនិយាយមិនចេញ មិនដឹងថាតើនេះជាសុបិន្តរឺជាការពិត?? គាត់ក៏យំតាមខ្ញុំ...។

នៅឆ្នាំ 2013 គាត់ក៏បានអញ្ជើញខ្ញុំមកប្រទេសលុចសាំប៊ួរដើម្បីជួបគ្រួសារគាត់ ខ្ញុំព្រមទៅ ប៉ុន្តែខ្ញុំមានលក្ខខ័ណ្ឌមួយ គាត់ត្រូវភ្ជាប់ពាក្យជាមួយខ្ញុំទុកជាការផ្តល់កិត្តិយសដល់ខ្ញុំនិងគ្រួសារខ្ញុំ (នៅឆ្នាំនោះហើយដែលខ្ញុំដឹងច្បាស់ថាអត្តន័យចិញ្ចៀនគាត់ ) នៅឆ្នាំ 2014 ពួកយើងបានភ្ចាប់ពាក្យនៅប្រទេសលុចសាំប៊ួរ ហើយក៏បានរៀបការនៅខែមិនាឆ្នាំ2016 នៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញដែលមានការចូលរួមពីមិត្តនិងគ្រួសារខាងខ្ញុំ ក៏ដូចជាមិត្តនិងគ្រួសារខាងគាត់មកពីប្រទេសលុចសាំប៊ួរជាច្រើននាក់... បងប្រុសបង្កើតគាត់ឈ្មោះ Claude du Fays និងប្រពន្ធជាមេបាខាងប្រុស (ម្តាយក្មេកខ្ញុំគាត់ជរាមិនអាចធ្វើដំណើរតាមយន្តហោះបាន) ពួកយើងក៏បានរៀបការនៅលុចសាំប៊ួរម្តងទៀតនៅឆ្នាំដដែលខែកក្កដា ខ្ញុំក៏រស់នៅទីនេះតាំងពីពេលនោះមក៕

រូបភាព៖ ពីហ្វេសបុកអ្នកនាង ម៉ៅ ម៉ានិច្ច

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម