លុយ១០ម៉ឺនរៀលច្រើនដែរ តែលីហេង សរសើរអ្នកគាំទ្រហ៊ានចំណាយ

  • 2021-04-02 04:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរូបរាងសង្ហា សម្បុរស ភ្នែកតឹង ស៊ឹម លីហ័រ ហៅលីហេង ជាអ្នកលក់អាវបាល់ទាត់ក្លឹបលីគកំពូលកម្ពុជាមួយរូប ក្នុងចំណោមអ្នកលក់ផ្សេងទៀត។

លោក ស៊ឹម លីហ័រ ហៅ លីហេង

លីហេង មានលក់អាវម្ចាស់ក្លឹបជើងឯកលីគកំពូល៦សម័យកាល ភ្នំពេញក្រោន បឹងកេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង វិសាខា និងអាស៊ីអឺរ៉ុបយូណាយធីត ដែលមានសំទុះគាំទ្រខ្លាំងពីអ្នកគាំទ្រ។ អ្វីដែលម្ចាស់ហាង Double H Sport មានដើមកំណើតមកពីខេត្តត្បូងឃ្មុំកោតសរសើរនោះគឺ អ្នកគាំទ្រក្លឹបលីគកម្ពុជាបច្ចុប្បន្ន មិនសូវសាញតម្លៃដូចមុនឡើយ ពោលគាំទ្រពេញទំហឹងតែម្ដង។

យុវជនវ័យ២៧ឆ្នាំ បានពន្យល់ថា ៖«ទាក់ទងនឹងងតម្លៃគឺគាត់អត់សាញទេឥឡូវ ឱ្យ​តែអាវក្លឹបដែលគាត់ស្រាលាញ់ គឺគាត់អត់មានសាញថ្លៃ​២០ដុល្លារ​ឬ២៥ដុល្លារហ្នឹងទេ។ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំសរសើរថាគាត់ហ៊ាន គាត់អត់មានតថ្លៃ គាត់អត់សាញ​ថាសាច់​ក្រណាត់ម៉េច ឬក៏រាងអាវម៉េច គាត់អត់រិះគន់ មុនគាត់​​ចំណាយ​លុយ​ទិញ​២០​ដុល្លារ។ យើងដឹងហើយថាក្រុមហ៊ុនផ្គត់ផ្គង់សំលៀក​បំពាក់ក្នុងស្រុកយើង គាត់នៅមានកម្រិតសាច់អាវ តែគាត់អត់សាញ សំខាន់គឺគាត់ស្រលាញ់ក្លឹបដែលគាត់ស្រលាញ់ គាត់ទិញគាត់ទិញចេញពីចិត្តរបស់គាត់ មិនថាអាវហ្នឹងតម្លៃ២០ដុល្លារឬ២៥ក៏គាត់ទិញ សូម្បីតែក្មេងៗតូចៗក៏គាត់មានមកទិញដែរ រហូតមិនត្រឹមពាក់ Size S ទេ ក្រោម S ដល់ SS ឬក្រោម SS ក៏មកទិញដែរ»។

អាវក្លឹបវិសាខា

តម្លៃ២០ដុល្លារឬ២៥ដុល្លារ សម្រាប់អ្នកជីវភាពខ្សត់ខ្សោយឬមធ្យម លីហេងយល់​ថា​ច្រើនបន្តិចដែរ ប៉ុន្តែលោកលើកទឹកចិត្តដល់អ្នកគាំទ្រក្លឹបគ្រប់រូបឱ្យបន្តការគាំទ្រ ដើម្បីលើកស្ទួយមុខមាត់ក្លឹប សេដ្ឋកិច្ចក្លឹប ក៏ដូចជាវិស័យបាល់ទាត់នៅកម្ពុជា។ ម្យ៉ាង​បើគិតលើគុណភាព សាច់អាវក្លឹបនៅលីគកំពូលកម្ពុជា ក៏មិនចាញ់ក្លឹបប្រទេសជិតខាងដូចជាថៃអីជាដើម។

លោកបន្ថែមថា ៖«បើអាវ Original ចេញពីរោងចក្រមកអ៊ីចឹង ខ្ញុំគិតថាអត់ថ្លៃទេតម្លៃត្រឹម២០ទៅ២៥ដុល្លារហ្នឹង គឺគុណភាពផលិតគាត់អាចទទួលយកបាន ហើយ​បើប្រៀបធៀបទៅក្លឹបធំៗដូចជានៅថៃអី តម្លៃគេអាចនឹងលើហ្នឹងអាវ Original ហើយ​សាច់គេក៏មិនលើអាវស្រុកខ្មែរយើងដែរ។ សម្រាប់ខ្ញុំតម្លៃ៨ម៉ឺនទៅ១០ម៉ឺនហ្នឹង មិនថ្លៃអីណាស់ណាទេ»។

អាវបឹងកេត ណាហ្គា ភ្នំពេញក្រោន វិសាខា
អាវអាស៊ីអឺរ៉ុបយូណាយធីត

មកទល់នឹងពេលនេះមានរយៈពេលជិត១ខែហើយ ដែលយុវជន​កូន​ចៅ​ចិន​រូប​នេះ ដាក់​លក់​អាវក្លឹបលីគកំពូលកម្ពុជាក្នុងហាងរបស់ខ្លួន និងមានការគាំទ្រគួរឱ្យកត់​សម្គាល់​បើធៀបនឹងឆ្នាំមុនៗ។ អាវក្លឹប​ទទួលបានការគាំទ្រខ្លាំងជាងគេគឺ បឹងកេតលក់ដាច់​ជាង៤០០អាវ និងបន្តបន្ទាប់អាវភ្នំពេញក្រោន ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និងវិសាខាជាដើម។ ចំពោះតម្លៃ​វិញគឺដូចគ្នាទៅហ្នឹងក្លឹបដែរ ហើយអាស្រ័យទៅលើក្លឹប ដោយអាវក្លឹបខ្លះ​មានតម្លៃចាប់ពី១២ដុល្លារ ១៥ដុល្លារ ២០ដុល្លារឡើងទៅ។

ចំពោះគោលបំណងនៃការលក់អាវក្លឹបនេះគឺទី១ លីហេងចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ ទី២សម្រួលដល់អ្នកគាំទ្រដែលមានទីតាំងឆ្ងាយ និងទី៣អតិថិជនមក​ហាងរបស់លោកហើយ គឺអាវទិញបានអាវគ្រប់ក្លឹបដែលពួកគេចង់បាន។

ចំពោះគោលបំណងនៃការលក់អាវក្លឹបនេះគឺទី១ លីហេងចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ ទី២សម្រួលដល់អ្នកគាំទ្រដែលមានទីតាំងឆ្ងាយ និង​ទី៣​អតិថិជន​ដែល​មក​​ហាង​របស់លោក អាចរកទិញបានអាវគ្រប់ក្លឹបដែលពួកគេចង់បាន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី