ស្វាគមន៍មកកាន់មាតុភូមិវិញ! អាមេរិកប្រគល់វត្ថុបុរាណតាំងពីសម័យអង្គរ ចំនួន ២៧ មកឱ្យកម្ពុជាវិញហើយ

  • ព្រហស្បតិ៍, 10 មិថុនា 2021 02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន ២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជាណាចក្រកម្ពុជាវិញ។

ក្នុងចំណោមវត្ថុបុរាណទាំងចំនួន ២៧ ដែលត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ល។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះជាមួយការិយាល័យរដ្ឋអាជ្ញា។

ក្នុងនោះដែរ លោកឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ ឱ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងសូមទទួលដឹងថា សម្បត្តិវប្បធម៌ខ្មែរភាគច្រើនដែល នៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម