អ្នកឧកញ៉ា សួរ វីរៈ ត្រៀមនាំយករថយន្តត្រជាក់ GMS ៥០០គ្រឿង ដឹកបន្លែ ផ្លែឈើ និងកសិផលកម្ពុជា ទៅលក់ផ្ទាល់នៅប្រទេសចិន

  • 2025-06-11 10:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(ភ្នំពេញ)៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឱ្យដឹងថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ចិន នៅខេត្តយូណាន ដើម្បីនាំយករថយន្តត្រជាក់ GMS សរុបចំនួន ៥០០គ្រឿង សម្រាប់ដឹកបន្លែ ផ្លែឈើ និងកសិផលកម្ពុជា ទៅលក់ផ្ទាល់នៅប្រទេសចិន។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ទៀតថា រថយន្តនេះ ជាប្រភេទរថយន្តត្រជាក់របស់ចិន ដែលជាកិច្ចសហការរវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយក្រុមហ៊ុនចិន នៅទីក្រុងគុនមីង ខេត្តយូណាន។ ការសាកល្បងដំបូង គឺធ្វើដំណើរចេញពីប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ មកកម្ពុជា ហើយជំហ៊ានបន្ទាប់នឹងសាកល្បងដឹកទំនិញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ។

អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថា លក្ខណៈពិសេសរបស់រថយន្ដត្រជាក់ GMS នេះដែរ គឺជាប្រភេទរថយន្តដែលមានកូតា អាចដឹកទំនិញឆ្លងកាតប្រទេសអនុតំបន់ទន្លេមេគង្គទាំង ៦ប្រទេសបាន រួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមិនបាច់ផ្ទេរទំនិញតាមព្រំដែន។ ពិសេសរថយន្តនេះ នឹងផ្តោតសំខាន់លើការដឹកកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិនផ្ទាល់បាន ដោយចំណេញទាំងពេលវេលា និងការចំណាយ។

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា យើងបានចរចាជាមួយក្រុមហ៊ុនចិន លើរថយន្តត្រជាក់នេះចំនួន ៤០០គ្រឿង ដោយឡែកអ្វីដែលយើងបានព្រមព្រៀងគ្នាគឺ គេនឹងប្រើចំនួន ២០០គ្រឿង ដើម្បីមកជួយយើងក្នុងពេលដំបូង ហើយក្រុមហ៊ុន វិរៈ ប៊ុនថាំ យើងខ្លួនឯង ក៏បានកម្ម៉ង់រថយន្តបន្ថែមចំនួន ១០០គ្រឿងទៀតដែរ ហើយនឹងមកដល់ប្រទេសកម្ពុជាយើង ក្នុងពេលឆាប់ៗខាងមុខ។

អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងទៀតថា ការនាំយករថយន្តត្រជាក់នេះ គឺដោយមើលឃើញពីតម្រូវការនៃការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងចិន-កម្ពុជា មានការកើនឡើងខ្លាំង ជាពិសេសកសិផលរបស់កម្ពុជាយើង ក៏មានការកើនឡើងការនាំចេញទៅកាន់ប្រទេសចិន។ ជាក់ស្តែង យើងឃើញថា កម្ពុជាក៏ទើបទទួលបានកូតានាំចេញផ្លែទុរេន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថា នឹងមានកូតាថ្មីៗទៀត ក្នុងការនាំកសិផល ពីកម្ពុជាទៅចិនបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខផងដែរ៕

អត្ថបទពេញនិយម
អត្ថបទថ្មី