ប្រកាសបើកដំណើរការរដូវកាលទី២ ភ្លាម កម្មវិធី RAPPER FIGHTER ទទួលបេក្ខជន ៥០០នាក់ បាត់!
- 2025-07-03 05:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសបើកដំណើរការរដូវកាលទី២ ភ្លាម កម្មវិធី RAPPER FIGHTER ទទួលបេក្ខជន ៥០០នាក់ បាត់!
ចន្លោះមិនឃើញ
“RAPPER FIGHTER” រដូវកាលទី២ ឆ្នាំ២០២៥ ប្រកាសបើកទទួលបេក្ខជនជាផ្លូវការ ជាមួយនឹងការបង្ហាញវត្ដមានផលិតករ និងគ្រូបង្រឹកវ័យក្មេងល្បីៗ។ កម្មវិធីកម្សាន្ដបែបយុវវ័យ ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយលើកកម្ពស់វិស័យរ៉េបនៅកម្ពុជា ស្របពេលដែលយុវវ័យកាន់តែច្រើនឡើងបានបង្ហាញការពេញចិត្ដលើវិស័យនេះ ប៉ុន្ដែពួកគេលាក់ទុកសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយពុំសូវមានឱកាសបង្ហាញជាសាធារណៈទៅកាន់មហាជន។
តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានីយទូរទស្សន៍ PNN ផលិតករ រ៉ូមីអូ បញ្ជាក់ថា សម្រាប់រដូវកាលទី២ នេះ កាន់តែអស្ចារ្យ ហើយប្រាក់រង្វាន់សម្រាប់បេក្ខជនក៏កាន់តែច្រើន។ លោកថា ក្រៅតែពីទទួលបានឱកាសបង្ហាញសមត្ថភាព ឈានទៅចាប់យកតារាចម្រៀងរ៉េបអាជីព បេក្ខជនគ្រប់រូបក៏ទទួលបានបទពិសោធន៍ក្នុងវិស័យប្រឡងរ៉េប ហើយជាឱកាសមាសសម្រាប់ម្ចាស់ជយលាភីឈោងទៅចាប់ក្ដីស្រមៃដ៏ត្រចេះត្រចង់មួយ។
លោក រ៉ូមីអូ៖ “យើងទើបបើកឲ្យបេក្ខជនចុះឈ្មោះមិនដល់ ១សប្ដាហ៍ផង…ឃើញថាមានអ្នកដាក់មកជាង ៥០០នាក់បាត់ទៅហើយ ហើយយើងនឹងបន្ដទទួលពាក្យពីបេក្ខជនរហូតដល់ថ្ងៃទី២២ ខែកក្កដា។ យើងធានាថា រដូវកាលទី២ នេះកាន់តែប្លែក កាន់តែអស្ចារ្យ”។
បើតាមផលិតករ និងជាអ្នកបង្កើតកម្មវិធី “Rapper Figter” រូបនេះ ម្ចាស់ជយលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល ខណៈដែលម្ចាស់ជួលាភីលេខ២ និងលេខ៣ នឹងទទួលបានទឹកប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់។ លោកថា ក្នុងដំណើរការដាក់ពាក្យដែលត្រូវចំណាយតែ ១ម៉ឺនរៀល អាចកែប្រែជោគវាសនារបស់បេក្ខជនម្នាក់ដែលគេមិនស្គាល់ទៅលាន់វិថីសិល្បៈដែលមហាជនទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។
នៅក្នុងថ្ងៃតែមួយ ស្ថានីយទូរទស្សន៍ PNN និងក្រុមហ៊ុន GANZBERG ដែលជាអ្នកគាំទ្រលើដំណើរការផលិតកម្មវិធីនេះឡើង បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ ដោយបញ្ជាក់ថា RAPPER FIGHTER រដូវកាលទី ១ ឆ្នាំ ២០២៤ បានធ្វើឱ្យកក្រើកវិស័យសិល្បៈរ៉េបម្តងហើយ! ឥឡូវនេះ រដូវកាលទី ២ បានចាប់ផ្តើមជាផ្លូវការ ដោយបង្កើតទម្រង់ការប្រឡងចម្រៀងរ៉េបយ៉ាងសម្រិតសម្រាំង មានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ។ សម្រាប់រដូវកាលទី២ ឆ្នាំ២០២៥ នេះ វត្ដមានមេក្រុម ឬCoach ចំនួន ៤ រូប នឹងនៅក្បែរបេក្ខជនជានិច្ច គឺមានក្រុមក្មេងខ្មែរ លោក សុជាតិ លោក ពន្លឺ លោក វុទ្ធា និងលោក KINGCHI។
Coach ទាំង ៤ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៨ វគ្គ គឺវគ្គចុះឈ្មោះ ONLINE AUDITION ជម្រុះមកវគ្គ PHYSICAL-AUDITION មុនបន្តទៅជម្រុះក្នុងវគ្គផ្លូវការ 5TART FIGHT វគ្គ FIGHTER SPIRIT វគ្គ STAGE FIGHT វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT៕