សត្វព្រៃដ៏កម្រ ៤ ប្រភេទ ជិតផុតពូជពីផែនដី កំពុងសម្ងំរស់នៅដែនព្រៃកម្ពុជាយ៉ាងមានក្ដីសុខ

  • 2021-06-28 01:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជាប្រទេសដែលគ្របដណ្ដប់ដោយសម្បត្តិធម្មជាតិដ៏មហាសាលា មានស្ទើរពាសពេញផ្ទៃប្រទេស ដែនព្រៃរាប់ម៉ឺនហិកតា ត្រូវបានថែរក្សាការពារពីសំណាក់ក្រសួងស្ថាប័នមានសមត្ថកិច្ច ដើម្បីជាទីជម្រកដ៏សុខសាន្តនៃជីវិតសត្វព្រៃរាប់ពាន់ រាប់ម៉ឺនក្បាល ។ ថ្មីៗនេះក្រសួងបរិស្ថាននៃប្រទេសកម្ពុជា បានប្រកាសពីការរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ កំពុងមានវត្តមានក្នុងប្រទេសកម្ពុជា ដែលអ្នកគ្រប់គ្នាអាចមិនធ្លាប់បានស្គាល់ ។ ក្នុងនោះមានដូចជា៖

១.សត្វឈ្លូសយក្ស

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។

នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

២.ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus)

ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃ រស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។

ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាងដប់ក្បាល ដែលបង្ករលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។ កត្តាគម្រាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។

មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា៖ សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។

៣.ស្តេចកូលីត

ស្តេចកូលីត ជាប្រភេទសត្វដែលមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វព្រៃដ៏កម្រនេះ មានរូបឆោមលោមពណ៌ស្អាតឆើតឆាយគួរឱ្យទាក់ទាញខុសប្លែកពីសត្វដទៃ ។ សូមចូលរួមថែរក្សា ការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទដើម្បីជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយរាប់ជំនាន់បន្តទៀត។

៤.ខ្លាលឿងមាស

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES ៕

អត្ថបទពេញនិយម