ប្រវត្តិផ្លូវរថភ្លើងអយស្ម័យយាន​ មរតកបារាំង របស់ខេត្តបាត់ដំបង ដែលមានអាយុកាលជាង៩០ឆ្នាំ

  • 2021-08-04 09:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយប្រព័ន្ធផ្លូវដែករបស់ប្រទេសកម្ពុជាត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគមបារាំង​នៅ​ទសវត្ស​ឆ្នាំ ១៩៣០។ ផ្លូវដែកទី១ភាគខាងជើងមានប្រវែង៣៨៦គីឡូម៉ែត្រ ភ្ជាប់ពីក្រុងភ្នំពេញទៅនឹង​ទីប្រជុំ​ជន​ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យជាប់នឹងព្រំដែនប្រទេសថៃកាត់​តាមខេត្តពោធិ៍សាត់​និង​បាត់ដំបង​។

នៅឆ្នាំ១៩៤២ ផ្នែកចុងក្រោយនៃផ្លូវដែកនេះត្រូវបានតភ្ជាប់ជាមួយនឹងបណ្ដាញផ្លូវដែករបស់ប្រទេសថៃ។ ជា​ការ​ពិតកម្ពុជាចាំបាច់ណាស់ក្នុងការបង្កើត ហេដ្ឋារចនាសម្ព័នគ្រប់ទីកន្លែងទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ព្រោះ​ថាផ្លូវរថភ្លើងគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ទាំងក្នុងការដឹកជញ្ជូនអ្នកដំណើរ​និងទំនិញគ្រប់ប្រភេទ​ឆ្លង​កាត់​ប្រទេស និងឆ្ពោះទៅកាន់កំពង់ផែក្រៅប្រទេសក្រៅអំពីនោះផ្លូវដែក​បានចូលរួមកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ និងចំណេញពេលវេលាទៀតផង។

ក្នុងនោះខេត្តបាត់ដំបងក៏មានផ្លូវដែកចំនួនពីកំណាត់ដែរគឺ បាត់ដំបង ពោធិ៍សាត់ មានប្រវែង១០៧គីឡូម៉ែត្រ និងមួយខ្សែទៀតបាត់ដំបង បន្ទាយមានជ័យមានប្រវែង១១៣គីឡូម៉ែត្រ។ នាពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ផ្លូវដែក​ចំនួន​ ២ ​ខ្សែ​គឺ​ខ្សែ​ទី​ ១ ចេញ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​មាន​ចម្ងាយ​ ៣៨៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាង​សង់​ពី​ឆ្នាំ​ ១៩២៩ ដល់​ឆ្នាំ​ ១៩៤២ និង​ខ្សែ​ទី​ ២ ចេញ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុង​ព្រះសីហនុ​មាន​ចម្ងាយ​ ២៦៦ ​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៦៩៕