តារា​ចម្រៀង​ស្រី​ទស្សវត្ស៦០ ហួយ មាស ត្រូវ​កងឈ្លប​ខ្មែរ​ក្រហម​ធ្វើ​ទារុណ​យ៉ាង​ព្រៃផ្សៃ មុន​សម្លាប់​វះ​យក​ថ្លើម

  • 2021-09-10 07:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ហួយ មាស ដែល​គេ​ឲ្យ​រហស្សនាម​ថា​"នាង​មាឃ​រាត្រី" គឺ​ជា​សិល្ប​ការិនី​ខ្មែរ​មួយ​រូប​មាន​ជំនាញ​ច្រើន​ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ ហើយ​បាន​បម្រើ​វិស័យ​សិល្បៈ​ជាតិ​ស្ទើរ​ពេញ​មួយ​ជីវិត។ ក្រៅ​ពី​ជា​តារា​ចម្រៀង​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម​ពីរោះ នាង​ក៏​ជា​សិល្ប​ការិនី​ផ្នែក​ល្ខោន​និយាយ អាច​បញ្ចូល​សំឡេង​ភាពយន្ត អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ដល់​មហាជន។

មុន​ឆ្នាំ​១៩៧៥ លោកស្រី ហួយ មាស មាន​ភារកិច្ច​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​នៅ​ក្នុង​វិទ្យុ​ជាតិ​កម្ពុជា។ ភារកិច្ច​ដែល​ត្រូវ​បំពេញ​កាលណោះ គឺ​លោកស្រី​ត្រូវ​ចូល​ខ្លួន​ដឹកនាំ​ក្នុង​នាទី​ចម្រៀង​យុទ្ធជន នាទី​ចម្រៀង និង​តន្ត្រី​ទំនើប នាទី​ល្ខោន​និយាយ និង​នាទី​សិក្សា​អប់រំ​ជា​ដើម។

ថ្ងៃ​នេះ​Sabay សូម​រំលឹក​ឡើង​វិញ​នូវ​ស្ថានភាព​រស់នៅ​ដ៏​លំបាក​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​សកម្មភាព​កងឈ្លប នៃ​របប​អាវ​ខ្មៅ​យក​តារា​ចម្រៀង​ពហុ​ជំនាញ​រូប​នេះ​ទៅ​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ ដោយ​ដកស្រង់​ខ្លឹមសារ​ទាំង​ស្រុង​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ជំនាន់​ដើម​ដូច​តទៅ៖

នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ លោកស្រី ហួយ មាស ជាមួយ​បុត្រា​ពីរ​នាក់ គឺ​វណ្ឌី ដាលី មាន​អាយុ​៥​ឆ្នាំ និង​បុត្រ​ពៅ​ឈ្មោះ វណ្ឌី ដូដូ អាយុ​៣​ឆ្នាំ កំពុង​ស្ដាប់​ស្ថានការណ៍​ស្រុក​ទេស និង​កំពុង​រង់ចាំ​ដំណើរ​វិល​ត្រឡប់​វិញ​របស់​ស្វាមី​ដែល​ជា​មេ​ប៉ូលិស​ក្រុង​ភ្នំពេញ គឺ​លោក វណ្ឌី កេសរោ នៅ​ក្នុង​គេហដ្ឋាន​ស្ថិតនៅ​ម្ដុំ​សាលា​បឋម​សិក្សា​ទួលគោក។

លោកស្រី ខកខាន​បំពេញ​ការងារ​ពីរ​បី​ថ្ងៃ​ហើយ ដោយសារ​តែ​ស្ថានភាព​ស្រុក​ទេស​កាន់​តែ​ដុនដាប​ទៅ​ៗ ហើយ​កងទ័ព​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាក់​ទ័ព​គ្រប់​ទី​កន្លែង។ ភ្លាម​នោះ វិទ្យុ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​ពី​ជ័យជំនះ នៃ​បដិវត្ដ​របស់​ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ និង​កិច្ចចរចា​រវាង​ខ្មែរ​ក្រហម និង​របប​សាធារណៈ​រដ្ឋ​ខ្មែរ។

ស្ថិតនៅ​ក្នុង​ស្ថានភាព​បែប​នោះ​ហើយ លោកស្រី ហួយ មាស ក៏​មាន​បំណង​ចេញ​ទៅ​វិទ្យុ​ជាតិ ប៉ុន្តែ​ជា​ចៃដន្យ​មាន​កូនចៅ​របស់​ស្វាមី​លោក​ស្រី​មក​លួច​ប្រាប់​ថា ឲ្យ​លោកស្រី​រក្សា​ភាព​ស្ងៀមស្ងាត់ មើល​ថែ​កូន​ទាំង​ពីរ នៅ​ផ្ទះ​ឲ្យ​ស្ងៀម​កុំ​ចេញ​ទៅ​ក្រៅ ហើយ​ស្ដាប់​ទិសដៅ​របប​ថ្មី​សិន។

នៅ​ម៉ោង​៨​ព្រឹក កង​រំដោះ​ពាក់​អាវ​ខ្មៅ​បាន​លើក​ទង់​ជ័យជម្នះ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ មិន​បាន​ប៉ុន្មាន​ផង ប្រជា​រាស្ដ្រ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាកចេញ​ពី​គេហដ្ឋាន​តាម​ការ​ស្រែ​បញ្ជា​ពី​ក្រុម​អាវ​ខ្មៅ​ឲ្យ​ចេញ​ទៅ​តាម​ខេត្ដ​រយៈ​ពេល​បី​ថ្ងៃ​សិន ព្រោះ​គេ​ថា​អាមេរិក នឹង​ទម្លាក់​គ្រាប់​បែក។

លោកស្រី និង​កូន​ៗ​ទាំង​ពីរ​នាក់ រួម​ទាំង​អ្នក​រស់នៅ​ជាមួយ​ពីរ​នាក់ បាន​រៀបចំ​សម្ភារៈ​មួយ​ចំនួន​ចាកចេញ​ពី​ផ្ទះ​ទៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ តាម​ទិសដៅ​ដែល​ខ្មែរ​ក្រហម​ដាក់​ចុះ​មក។ នៅ​តាម​ផ្លូវ​មាន​សាក្សី​ជា​ច្រើន​បាន​ឃើញ​នាង និង​កូន​ៗ​មាន​ទឹកមុខ​ព្រួយបារម្ភ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ។

ចេញ​ពី​ក្រុង​បាន​ប៉ុន្មាន​ថ្ងៃ​អង្គការ​បដិវត្ត​បាន​រៀបចំ​ចុះ​ឈ្មោះ​ប្រជាជន​ទាំង​មូល។ ដោយ​យល់​ថា​ស្ថានការណ៍​មិន​ស្រួល លោកស្រី​បាន​ព្យាយាម​លាក់​បាំង​ប្រវត្តិ​ពិត​របស់​នាង ដោយ​ប្រាប់​អង្គការ​បដិវត្ត​ថា នាង​ឈ្មោះ​លុក​ជា​អ្នក​រកស៊ី​ម្នាក់​ដើម្បី​ចិញ្ចឹម​កូន​ចំនួន​ពីរ​នាក់។ ទោះ​បី​ជា​ព្យាយាម​លាក់បាំង​យ៉ាងណា​ក៏​ដោយ​ក៏​លាក់​មិន​ជិត​ដែរ ខ្មែរ​ក្រហម​ស្គាល់​នាង​ច្បាស់​ណាស់ ហើយ​ក៏​បញ្ជូន​នាង និង​កូន​ៗ​តាម​រថភ្លើង​មក​ស្រុក​មោងឬស្សី ខេត្ដ​បាត់ដំបង។

ពេល​បញ្ជូន​ទៅ​ដល់​ទីនោះ លោកស្រី រស់នៅ​យ៉ាង​ស្ងៀមស្ងាត់​ចាំ​ស្ដាប់​ទិសដៅ​អង្គការ​អត់​មាន​ងាក​រេ​ឡើយ។ ត្រង់​ចំណុច​នេះ​យោង​តាម​ទស្សនាវដ្ដី​ប្រជាប្រិយ​បាន​សង្ខេប​ពី​ជីវប្រវត្តិ​លោកស្រី ហួយ មាស ថា មក​ដល់​តំបន់​នោះ​ហួយ មាស បាន​ជួប​អតីត​ប្អូន​ថ្លៃ​របស់​នាង គឺ​នាង អ៊ុំ សុផាន់​រ័ត្ន និង​កូន​ស្រី​ទី១​របស់​នាង ឈ្មោះ អ៊ុំ សុមាវតី ដែល​បាន​បែក​គ្នា​តាំង​ពី​ឆ្នាំ​១៩៧០ គឺ​ក្រោយ​ពី​នាង​លែងលះ​ជាមួយ​ស្វាមី​ទី១ គឺ​លោក អ៊ុំ សុផានរក្ស ហៅ​យែល។

ការ​ជួប​នេះ ពុំ​អាច​រស់នៅ​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​នាង​អ៊ុំ សុផាន់រ័ត្ន ត្រូវ​បែក​ទៅ​កង​នារី កូន​ស្រី​របស់​នាង​ត្រូវ​ទៅ​នៅ​កង​កុមារ ចំណែក​រូប​នាង​ត្រូវ​រស់នៅ​ក្នុង​កង​មេម៉ាយ។ ការ​រស់នៅ​កម្សត់ វេទនា មិន​ជួប​ប្រទះ ត្រូវ​នាង​ហែលឆ្លង​ដោយ​ក្ដី​សង្ឃឹម​ជា​និច្ច ហើយ​នាង​តែ​ប្រាប់​ទៅ​មិត្ដនារី​ដែល​ធ្វើ​ការ​ជិតដិត​ជាមួយ​នាង​ថា នៅ​ថ្ងៃ​ណា​មួយ​នាង​នឹង​បាន​ទៅ​ក្រុង​ភ្នំពេញ​វិញ ហើយ​បាន​បន្ដ​បម្រើ​វិស័យ​សិល្បៈ​របស់​ដល់​ជីវិត​ចុង​ក្រោយ​របស់​នាង។

នៅ​ចុង​ឆ្នាំ​១៩៧៦ លោកស្រី ហួយ មាស ជាមួយ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ខ្មែរ​ក្រហម​ដាក់​ទិស​ឲ្យ​លើក​ទំនប់​ទឹក​មួយ​ឈ្មោះ"ទំនប់រាម​គុណ" ក្នុង​ស្រុក​មោងឬស្សី ខេត្ដ​បាត់ដំបង។ នាង​ទទួល​បាន​ការ​អាណិត​អាសូរ​ពី​ប្រជាជន​នៅ​មូលដ្ឋាន​នោះ ដោយ​នាង​ជា​មនុស្ស​អំណត់​ព្យាយាម​តស៊ូ និង​និយាយ​ពីរោះ​ផ្អែមល្ហែម​ជាប់​ចិត្ដ។ ហេតុនេះ​ហើយ​ពេល​លើក​ទំនប់​ម្ដងៗ ប្រជាជន​នៅ​ទីនោះ​សំណូមពរ​ឲ្យ​នាង​ច្រៀង​ចម្រៀង​អង្គការ​ដើម្បី​កំដរ​ការ​នឿយហត់។

លោកស្រី ហួយ មាស ច្រៀង​បណ្ដើរ និង​ធ្វើ​ការ​បណ្ដើរ រហូត​ដល់​កងឈ្លប​ខ្មែរ​ក្រហម​ពីរ​បី​នាក់ ចាប់​កើត​ចិត្ដ​មិន​ល្អ​ចំពោះ​គាត់។ នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៧ ជា​ខួប​រំលឹក​ជោគជ័យ​បដិវត្ដ​លើក​ទី២ នៃ​អង្គការ​ខ្មែរ​ក្រហម​គ្រប់គ្រង​បាន​ប្រទេស​កម្ពុជា​ទាំង​មូល។ អង្គការ​អនុញ្ញាត​ឲ្យ​ទាសករ​ទាំង​អស់​សម្រាក​១​ថ្ងៃ ដោយ​អាច​ទៅ​ជួបជុំ​បងប្អូន​នៅ​មូលដ្ឋាន​ផ្សេង​ៗ​បាន តែ​ពេល​នោះ​លោកស្រី ហួយ មាស មិន​បាន​ទៅ​ណា​ទេ​ដោយ​នាង​សុំ​សម្រាក​នៅ​ក្នុង​ខ្ទម​នាង។

ពេល​នោះ មាន​នារី​កង​ឈ្លប​ម្នាក់ និង​យោធា​ក្មេង​បី​បួន​នាក់ នាំ​នាង​ចេញ​ពី​ខ្ទម​ទៅ ដោយ​គេ​ប្រាប់​នាង​ថា ពួកគេ​បាន​ស្រាវជ្រាវ​អត្ដសញ្ញាណ​ឃើញ​ថា នាង​គឺ​ជា​អតីត​អ្នក​បម្រើ​របប​ចាស់ ហើយ​ស្វាមី​របស់​នាង​គឺ​ជា​នាយ​ប៉ូលិស​បម្រើ​របប​សាធារណៈ​រដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​ខ្មែរ​ក្រហម​ទៀត​ផង។ ពេល​បណ្ដើរ​គាត់​ចេញ​ទៅ គាត់​ព្យាយាម​ជជែក​តវ៉ា​រក​យុត្ដិធម៌​ពី​ក្រុម​ខ្មែរ​ក្រហម​ទាំង​នោះ ប៉ុន្ដែ​ក្រុម​បិសាច​មច្ចុរាជ​ទាំង​នោះ ពុំ​មាន​សតិសម្បជញ្ញៈ​អ្វី​ឡើយ ហើយ​រឹងរឹត​តែ​ស្រែក​គំរាម។

តាម​ការ​រៀបរាប់​ពី​ប្រជា​ជន​នៅ​តំបន់​នោះ​បាន​ប្រាប់​ក្រុម​ព្រះ​សុរិយា​ថា បញ្ជូន​លោក​ស្រី​មក​ដល់​របង​មន្ទីរ​កែប្រែ​ភ្លាម នារី​មេកង​នោះ​ក៏​ប្រគល់​រូប​លោកស្រី ហួយ មាស ឲ្យ​កង​ឈ្លប​បី​បួន​នាក់​នោះ​ចាត់ការ​តាម​ចិត្ដ​ដោយ​គេ​បាន​ដឹង​ថា ពួក​វា​បាន​រំលោភ​នាង​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​សម្លាប់​នាង​ចោល​នៅ​ក្រោយ​វត្ដ​ធម្មយុត្ត​នោះ​តែ​ម្ដង។

សាក្សី​១​រូប​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ក្រុម​ព្រះសុរិយា​ថា នាង​ស្រែក​ជេរ​កងឈ្លប​ទាំង​នោះ​ដែល​កំពុង​រំលោភ​នាង ហើយ​ពួក​វា​ក៏​យក​កាំភ្លើង​បាញ់​នាង​តែ​ម្ដង។ រឿង​មួយ​ទៀត​ដែល​មហា​សែន​រន្ធត់​ចំពោះ​រូប​នាង​នោះ គឺ​ពួកវា​បាន​វះ​យក​ថ្លើម​មក​មើល ហើយ​លើក​ពាក្យ​ថា"តើ​ថ្លើម​ធំ​ប៉ុណ្ណា​ដែល​ហ៊ាន​តវ៉ា​នឹង​អង្គការ"។

ប្រភព៖ ក្រុមព្រះសុរិយា

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ប្រជាជន​នៅ​តំបន់​"រាម​គុណ" លែង​បាន​ឃើញ​រូប​លោក​ស្រី ហួយ មាស ជា​រៀង​រហូត​ដោយ​ក្ដី​អាណិត និង​អាឡោះអាល័យ​បំផុត។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​នៅ​មូលដ្ឋាន​នោះ​បាន​រៀបចំ​មន្ទីរ​កែប្រែ​វត្ត​ធម្មយុត្ត ហើយ​បាន​ជីក​កកាយ​រក​សាកសព និង​ឆ្អឹង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ចោល​នៅ​ទីនោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ