រូបសំណាកនិម្មិតសញ្ញាខេត្តកំពង់ធំ ជាខេត្តនៅចំកណ្តាលប្រទេសកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ

  • 2021-10-08 02:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាកនិម្មិតសញ្ញាខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០២០ និងធ្វើឡើងអំពីថ្មភក់មួយដុំធំឆ្លាក់ចេញជារូបនិម្មិតសញ្ញាផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ធំនោះត្រូវបានដាក់សម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

រូបសំណាកនេះមានកម្ពស់ ៤ម៉ែត្រ ទទឹង ២ម៉ែត្រ, ជើងទម្រ ១,៦ម៉ែត្រ បណ្តោយ ៥ម៉ែត្រ និងខឿនក្រោមបង្អស់មានកម្ពស់ ០,៦ម៉ែត្រ បណ្តោយ ៦ម៉ែត្រ។ ដូច្នេះ សរុបទាំងខឿនក្រោម ជើងទម្រ និងរូបសំណាក មានកម្ពស់សរុប ៦,២ម៉ែត្រ។ នៅលើនិម្មិតសញ្ញាសម្គាល់រដ្ឋបាលខេត្តកំពង់ធំ រំលេចដោយរូបភាពចំនួន ៥ យ៉ាង រួមមាន រូបប្រាសាទយាយព័ន្ធ រូបបដិមាតោ រូបសំណាកដំរីជាន់ខ្លា រូបកួរស្រូវ និងរូបព្រៃឈើ។ រូបទាំង៥នេះសុទ្ធសឹងជាភោគផលដែលមាននៅក្នុងខេត្តកំពង់ធំផ្ទាល់ ហើយប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត។

បើតាមរដ្ឋបាលខេត្តកំពង់ធំ រូបប្រាសាទយាយព័ន្ធ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សរ៍ទី៧ ដែលមាននៅតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា។ ចំពោះ រូបបដិមាតោ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា។

ចំណែក រូបដំរីជាន់ខ្លា តំណាងឱ្យរូបសំណាក ដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សរ៍ទី៦០ និងឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ។ ដោយឡែក រូបកួរស្រូវ តំណាងឱ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ។ រីឯ រូបដើមឈើវិញ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសម្បូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម៕

កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម